
លោក សន ជ័យ នាយកអង្គការ ANSA ថ្លែងក្នុងសិក្ខាសាលាស្តីពីបរិយាកាសអំណោយផលសម្រាប់អាជីវិកម្ម និងសុខុមាលភាពសង្គមរបស់សហគ្រិនស្ត្រីវ័យក្មេង នាថ្ងៃទី ២៤ វិច្ឆិកា។ រូបថត San Chey
ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ សង្គមស៊ីវិល និងម្ចាស់អាជីវកម្មប្រមាណ ១០០ នាក់ បានជួបពិភាក្សាគ្នា ពិគ្រោះយោបល់ និងស្វែងរកលក្ខខណ្ឌងាយស្រួលដល់ម្ចាស់អាជីវកម្ម សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេស អ្នកលក់ដូរតាមដងផ្លូវ និងសហគមន៍នេសាទ ដើម្បីឱ្យពួកគេទទួលបានលិខិតអនុញ្ញាតប្រកបអាជីវកម្មដោយស្របច្បាប់។
កិច្ចពិភាក្សានេះ បានធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់កម្រិតគោលនយោបាយ ស្តីពីបរិយាកាសអំណោយផលសម្រាប់អាជីវកម្ម និងសុខុមាលភាពសង្គមរបស់សហគ្រិនស្ត្រីវ័យក្មេង (YWEs) ដើម្បីពិគ្រោះយោបល់កម្រិតគោលនយោបាយទាក់ទងនឹងបែបបទ និងនីតិវិធី នៃការផ្តល់លិខិតអនុញ្ញាតប្រកបអាជីវកម្ម និងសេវាកម្ម សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្អែកលើក្របខ័ណ្ឌ គោលនយោបាយ និងក្របខ័ណ្ឌច្បាប់។
អង្គការ ANSA បញ្ជាក់ថា កិច្ចពិភាក្សានេះ នឹងស្វែងរកដំណោះស្រាយក្នុងការអនុវត្ត និងការផ្តល់លិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្ម និងរបបគំហើញពីការសិក្សាស្រាវជ្រាវ ព្រមទាំងករណីសិក្សា ស្តីពីការស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាពិសេស អ្នកលក់ដូរតាមដងផ្លូវ និងសហគមន៍នេសាទផងដែរ។
ការសិក្សាកាលពីឆ្នា ២០១១ របស់ក្រសួងផែនការ បានរកឃើញថា មានសហគ្រាសខ្នាតតូច និងមធ្យមចំនួន ៥០៥ ១៣៤ ក្នុងនោះសហគ្រាសដែលមានស្ត្រីជាម្ចាស់ មានជាង៣សែនកន្លែង ហើយស្ថាបគ្រាសទាំងនេះ បានផ្តល់ការងារដល់មនុស្សជាង ១ លាន ៦ សែននាក់។
លោក ខោល យុទ្ធលី ជាអនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ លេខាធិការដ្ឋាន (គ.ជ.អ.ប) បាននិយាយថា កិច្ចពិគ្រោះយោបល់ក្នុងពេលនេះ នឹងបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងភាពជាតំណាងរបស់ស្ត្រីវ័យក្មេង សហគ្រិនខ្នាតតូច ដើម្បីជាប្រយោជន៍ដល់ពួកគេ ក្នុងការទទួលបាននូវគោលនយោបាយសមស្របពីរដ្ឋាភិបាល។
លោកបន្តថា កិច្ចពិភាក្សាគ្នានេះ ក៏នឹងទទួលបានជាធាតុចូល និងអនុសាសន៍មួយទៅកាន់អ្នករៀបចំគោលនយោបាយនានា ដែលបានចូលរួមក្នុងពេលនេះ ដើម្បីផ្តល់ផលប្រយោជន៍ ជាពិសេសផ្តល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្មទាំងនោះ ឱ្យទទួលបានសេវាកាន់តែល្អក្នុងពេលខាងមុខ។
លោកយុទ្ធលីថ្លែងថា៖ «វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅប្រទេសកម្ពុជា បានក្លាយជាវិស័យជួរមុខ ១ នៃក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ប្រទេសរាប់ទសវត្សរ៍មកហើយ។ វិស័យនេះ បានរួមចំណែកដល់ការផ្តល់ឱកាសបង្កើតមុខរបរ និងការងារ និងការអភិវឌ្ឍនៅក្នុងប្រទេស»។
លោកបន្តថា៖«ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានលទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈ ឆ្លើយតបទៅតម្រូវការរបស់ពលរដ្ឋ ជាពិសេសសហគ្រិនស្ត្រីវ័យក្មេង និងអ្នកប្រកបមុខរបរ យើងចាំបាច់ត្រូវពិនិត្យ និងកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធ និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិឡើងវិញ»។
បន្ថែមពីនេះ លោក ខោល យុទ្ធលី អះអាងថា ក្នុងពេលខាងមុខ រដ្ឋបាលថ្នាក់ក្រោមជាតិ នឹងត្រូវការប្រព័ន្ធគ្រប់គ្រងរដ្ឋបាលតាមបែបទំនើប និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលទ្ធកម្ម និងត្រូវមានបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈសម្រាប់ដំណើរការប្រព័ន្ធទាំងនេះ។ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំផែនការ និងថវិកា ដែលឆ្លុះបញ្ចាំងពីអាទិភាពនានានៅតាមមូលដ្ឋាននីមួយៗ តាមរយៈការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ក្រុមអង្គការសង្គមស៊ីវិល និងវិស័យឯកជនរួមទាំងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោកបញ្ជាក់ថា៖ «ទន្ទឹមនឹងការបង្កើនសមត្ថភាព រដ្ឋបាលថ្នាក់ក្រោមជាតិ [ក៏នឹង] ទទួលបាននូវសិទ្ធិអំណាចកាន់តែច្រើនក្នុងការធ្វើសេចក្តីសម្រេចចិត្តនានា ដែលពាក់ព័ន្ធនិងការប្រើប្រាស់ថវិការបស់ខ្លួន និងការទទួលខុសត្រូវ»។
លោកស្រី គង់ សិទ្ធិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ក្រសួងពាណិជ្ជកម្ម ថ្លែងថា ជាការពិតវិស័យអាជីវកម្មផ្នែកសេវាកម្មខ្នាតតូចក្នុងប្រទេសកម្ពុជា គឺមានចំនួនច្រើនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះ ១ ផ្នែកធំនៃវិស័យនេះ ជាប្រភេទអាជីវកម្មដែលមិនទាន់ទទួលបានការចុះបញ្ជីឱ្យបានត្រឹមត្រូវ តាមក្របខ័ណ្ឌគតិយុត្តដែលមានជាធរមាននៅឡើយ។
លោកស្រីថា ការដាក់បញ្ចូលអាជីវកម្មខ្នាតតូចឱ្យស្ថិតក្រោមក្របខ័ណ្ឌច្បាប់ ត្រូវបានចាត់ទុកជាសំណួរ ដែលត្រូវបានចោទសួរពីបណ្ដាមជ្ឈដ្ឋានអាជីវករមួយចំនួន ដោយពួកគេយល់ថា បែបបទ និងនីតិវីធីក្នុងការចុះបញ្ជី គឺមានភាពស្មុគស្មាញ ពិបាកក្នុងការអនុវត្តតាម។
លោកស្រីសង្កត់ធ្ងន់ថា ក្រៅពីនេះប្រភេទសហគ្រាសដែលស្ថិតក្នុងធុនមីក្រូនៅមានលទ្ធភាពទាប និងបញ្ហាប្រឈមក្នុងការទទួលបានព័ត៌មានជាក់លាក់នៅឡើយ។ ជាពិសេសសហគ្រាសទាំងនោះនៅមានកម្រិតលើចំណេះដឹង និងជំនាញផ្នែកបច្ចេកទេស ព័ត៌មានវិទ្យា ដែលជាហេតុធ្វើឱ្យសហគ្រាសទាំងនោះត្រូវការការជួយគាំទ្រ និងការពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត។
លោកស្រីថ្លែងថា៖ «អាស្រ័យហេតុនេះ សិក្ខាសាលារបស់យើងមានគោលបំណងដើម្បីពិគ្រោះយោបល់ កម្រិតគោលនយោបាយទាក់ទងនឹងបែបបទ និងនីតិវិធីនៃការផ្ដល់លិខិតអនុញ្ញាតប្រកបអាជីវកម្ម និងសេវាកម្មសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្អែកលើក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌនៃការអនុវត្ត ក្នុងការផ្ដល់លិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្ម»៕