ភ្នំពេញៈ មហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា (AIPA) លើកទី ៤៣ ត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យ ដោយសម្រេចបាននូវសមិទ្ធផល និងអនុម័តនូវសេចក្តីសម្រេចយ៉ាងច្រើន ដែលនឹងធ្វើឱ្យតំបន់អាស៊ានកាន់តែមានភាពរឹងមាំ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ។
នៅក្នុងពិធីបិទកិច្ចប្រជុំមហាសន្និបាតអាយប៉ា នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានមហាសន្និបាតលើកទី ៤៣ នៃអាយប៉ាលោក ហេង សំរិន មានប្រសាសន៍ថាក្នុងរយៈពេល ៥ ថ្ងៃមកនេះ សមាជិកទាំងអស់គ្នាបានប្រឹងប្រែងធ្វើការយ៉ាងសកម្ម ហើយបានធ្វើឱ្យកិច្ចប្រជុំរបស់យើងប្រព្រឹត្តទៅប្រកបដោយអត្ថន័យ និងទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត។ សមិទ្ធផលទាំងនេះពិតជាមិនអាចសម្រេចទៅបានទេប្រសិនបើគ្មានការចូលរួមយ៉ាងសកម្ម និងការរួមវិភាគទានដ៏មានតម្លៃពីសំណាក់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នោះ។
លោកគូសបញ្ជាក់ថា អាយប៉ា នៅតែមានសារៈសំខាន់ និងសមស្របក្នុងការកសាងភាពជាដៃគូជាមួយ ភាគីខាងក្រៅ ដើម្បីទទួលបាននូវកម្លាំងចលករថ្មីបន្ថែមទៀត ពេលនេះគឺជាព្រឹត្តិការណ៍ ដ៏សំខាន់ថ្មីមួយក្នុងប្រវត្តិសាស្ត្ររបស់អាយប៉ា ដែលយើងបានទទួលសមាជិកសភាសង្កេតការណ៍ថ្មីបន្ថែមទៀត។
លោកថា៖ «ក្នុងន័យនេះ ខ្ញុំសូមអបអរសាទរដល់សភានេប៉ាល់ សភា អាស៊ែបៃហ្សង់ និងសភាសហរដ្ឋអាមេរិក ដែលត្រូវបានទទួលស្គាល់ និងអនុម័តឱ្យចូលជាសភាសង្កេតការណ៍ពេញសិទ្ធិរបស់អាយប៉ា ហើយយើងមានជំនឿយ៉ាងមុតមាំថា សភា សង្កេតការណ៍ និងស្ថាប័នដៃគូពាក់ព័ន្ធរបស់អាយប៉ា នឹងបន្តរួមចំណែកដ៏សំខាន់ ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងនិងសហប្រតិបត្តិការជាមួយអាយប៉ាឱ្យបានខ្លាំងក្លា និងជិតស្និទ្ធបន្ថែមទៀត»។
លោកហេង សំរិន បានបន្ថែមថា ការជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមកទាំងក្នុងនិងរវាងគ្រួសារអាយប៉ា ព្រមទាំងជាមួយសភាសង្កេតការណ៍ត្រូវបានពង្រឹងគួរជាទីកត់សម្គាល់ ដោយសម្រេចបាននូវកិច្ចសន្ទនាជាមួយដៃគូសន្ទនា ចំនួន ១៦ ប្រទេស មកពីតំបន់ផ្សេងៗគ្នានៃពិភពលោក។
លោកថ្លែងថា៖ «កិច្ចសន្ទនានេះឆ្លុះបញ្ចាំងពីផលប្រយោជន៍រួម គោលបំណងរួម និងកិច្ចខិតខំប្រឹងប្រែង រួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ មានតែការធ្វើការរួមគ្នាប៉ុណ្ណោះទេ ទើបយើងអាចរួមគ្នាដោះស្រាយបាននូវបញ្ហា និងការប្រឈមសកលដែលកាន់តែមានលក្ខណៈស៊ាំញ៉ាំ និងប្រែប្រួលយ៉ាងឆាប់រហ័ស»។
លោក ហេង សំរិន បង្ហាញជំនឿយ៉ាងមុតមាំថា លទ្ធផលដែលមហាសន្និបាតអាយប៉ាលើកទី ៤៣ សម្រេចបាននឹងត្រូវយកទៅអនុវត្តចេញជាសកម្មភាពជាក់ស្ដែង ហើយសង្ឃឹមថា សមាជិកទាំងអស់គ្នា នឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋរបស់យើង។តាមរយៈមហាសន្និបាតនេះ សភាកម្ពុជាបានផ្តួចផ្តើមនូវ គំនិតថ្មីចំនួន ២ គឺកិច្ចប្រជុំផ្លូវការដំបូងរបស់សមាជិកសភាវ័យក្មេងនិងការបង្កើតបណ្ណាល័យឌីជីថលច្បាប់។
ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោកស្រី ពាន់ ម៉ាហារ៉ានី ដែលនឹងធ្វើជាប្រធានអន្តរសភាអាស៊ានអាយប៉ាលើកទី៤៤ មានប្រសាសន៍ថា បច្ចុប្បន្ននេះនៅលើពិភពលោក និងអាស៊ីអាគ្នេយ៍ បានជួយបញ្ហាអស្ថិរភាពដូចជា ការប្រកួតប្រជែងខ្លាំងនៃមហាអំណាច និងការទប់ស្កាត់នៃខ្សែចង្វាក់ផ្គត់ផ្គង់ជាដើម។ ក្នុងនាមជាប្រធានអាយប៉ានៅឆ្នាំ ២០២៣ ខាងមុខ ដែលនឹងរៀបចំឡើងនៅឥណ្ឌូនេស៊ី លោកបានតាំងចិត្តនិងអនុវត្តឱ្យបានល្អប្រសើរនៃកិច្ចប្រជុំអាយប៉ា ដោយនឹងមានរបៀបវារៈច្រើន ជាពិសេសការកសាងចង្ខុវិស័យរួម ក្នុងការជំរុញនូវសណ្តាប់ធ្នាប់តំបន់ និងពិភពលោក។
លោកស្រីថ្លែងថា៖ «សណ្តាប់ធ្នាប់ពិភពលោក ត្រូវមានការ ចូលរួមការគាំទ្រដោយសណ្តាប់ធ្នាប់តំបន់ដែលសម្រេចបាននូវកិច្ចការងារជាមួយការអនុលោមច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយការងារទាំងនេះអាចសម្រេចបានដោយការសន្ទនា និងការទូត និងការបដិសេធនូវអំពើហិង្សា និងការដោះស្រាយដោយមិនប្រើកម្លាំងអាវុធ»។
បន្ថែមពីនេះ លោកស្រីស្នើសមាជិកទាំងអស់សហការគ្នាដោះស្រាយបញ្ហារួមគ្នានៃបញ្ហាការប្រែប្រួលអាកាសធាតុ ហើយរដ្ឋសភាសមាជិកអាស៊ាន គួរអនុវត្តពង្រឹងលទ្ធិប្រជាធិបតេយ្យ ទប់ស្កាត់បញ្ហានានានិងការថែទាំនូវភាពសំខាន់របស់អាស៊ាន។
តាមរយៈមហាសន្និបាតអាយប៉ា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី ២០-២៥ វិច្ឆិកា ឆ្នាំ ២០២២ អាយប៉ា បានបង្កើននូវកិច្ចសហប្រតិបត្តិការដៃគូសន្ទនាជាមួយបណ្តាប្រទេសផ្សេងទៀតក្នុងក្របខ័ណ្ឌសភាអាស៊ាន ជាមួយបណ្តាប្រទេសនៅលើពិភពលោក។ ដៃគូសន្ទនាអន្តរសភាអាស៊ានជាមួយបណ្តាប្រទេសខាងក្រៅរួមមាន រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង កាណាដា សហរដ្ឋអាមេរិក ឥណ្ឌា បេឡារុស ម៉ារ៉ុក សហភាពអឺរ៉ុប អូស្ត្រាលី ប៉ាគីស្ថាន អាស៊ែបៃហ្សង់ និងអ៊ុយក្រែន។
ដោយឡែក ភាគីសភាកម្ពុជាក៏បានចុះអនុស្សរណៈយោគយល់ទ្វេភាគី និងបង្កើននូវកិច្ចសហប្រតិបត្តិការដៃគូសន្ទនាជាមួយបណ្តាប្រទេសជាច្រើនរួមមាន រដ្ឋសភាសាធារណរដ្ឋអាស៊ែបៃហ្សង់ ម៉ារ៉ុក នេប៉ាល់ និងប្រទេសអ៊ុយក្រែន។
អាយប៉ា ជាស្ថាប័ននីតិប្បញ្ញត្តិ តំណាងឱ្យប្រជាពលរដ្ឋនៃតំបន់អាស៊ីអាគ្នេយ៍ តំណាងឱ្យឆន្ទៈ និងផលប្រយោជន៍នៃប្រជាពលរដ្ឋជាង ៦៥០ លាននាក់ ក្នុងតំបន់អាស៊ីអាគ្នេយ៍បានដើរតួនាទីដ៏សំខាន់ ក្នុងការសម្រេចបាននូវសហគមន៍អាស៊ានដែលផ្តោតលើប្រជាពលរដ្ឋ និងយកប្រជាពលរដ្ឋជាគោល។
អាយប៉ា អាចជួយកសាងសហគមន៍អាស៊ាន តាមរយៈការអភិវឌ្ឍនូវក្របខ័ណ្ឌ និងសុខដុមនីយកម្មច្បាប់ ការតាមដានត្រួតពិនិត្យលើរដ្ឋាភិបាល និងការធ្វើច្បាប់ថវិកា ដើម្បីឱ្យស៊ីចង្វាក់ទៅនឹងគោលនយោបាយជាតិ និងផែនការសកម្មភាពនៃប្រទេសរបស់ខ្លួន៕