ភ្នំពេញៈ លោកជីន ថូត (Jean Todt) ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកសុវត្ថិភាពផ្លូវថ្នល់ បានលើកឡើងពីការបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។
លោកជីន ថូតបានថ្លែងបែបនេះក្នុងពេលដែលចូលជួបពិភាក្សាការងារជាមួយលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៤ វិច្ឆិកានៅវិមានរដ្ឋសភា។ លោក ស ខេង បានថ្លែងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចគណៈប្រតិភូ UN មកកាន់កម្ពុជា នេះ។
បើតាមហ្វេសប៊ុកក្រសួងមហាផ្ទៃ លោកស ខេង បានយកឱកាសនេះជម្រាបជូនដោយសង្ខេបនូវស្ថានភាពសុវត្ថិភាពចរាចរណ៍នៅកម្ពុជា ពិសេសក្នុងរយៈពេលកន្លងមក ដែលរាជរដ្ឋាភិបាលកម្ពុជាបានខិតខំសម្រេចបាននូវលទ្ធផលមួយចំនួនធំពាក់ព័ន្ធទៅនឹងការងារសុវត្ថិភាពចរាចរណ៍ ដោយមានយន្តការការងារអនុវត្តជាក់លាក់ និងមានតួអង្គ ២ សំខាន់ៗគឺក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការរួមគ្នាទៅលើកិច្ចការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានយន្តការចាប់ពីថ្នាក់ក្រសួងដល់ថ្នាក់ខេត្ត។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបានខិតខំកាត់បន្ថយអត្រាមរណភាព និងអត្រារបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ក៏ប៉ុន្តែទោះបីយ៉ាងណា ក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវតែបន្តខិតខំដោះស្រាយ ក្នុងនោះក៏មានកិច្ចការមួយចំនួនទៀតផងដែរដែលពាក់ព័ន្ធទៅនឹងការបន្តអភិវឌ្ឍនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក៏ដូចជាការផ្តល់និងបំពាក់នូវសម្ភារបច្ចេកទេសបម្រើដល់ការងារត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ និងការងារកែលម្អធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីធ្វើយ៉ាងណារួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតដល់ការងារគ្រប់គ្រងត្រួតពិនិត្យលើសុវត្ថិភាពចរាចរណ៍។
លោកស ខេងក៏បានជម្រាបជូនដែរថា ភាគច្រើននៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គឺបង្កឡើងដោយកត្តាធំ ២ ក្នុងនោះទី ១ គឺកត្តាមនុស្ស ទី ២ គឺកត្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាពិសេសគឺបញ្ហាបច្ចេកទេសពាក់ព័ន្ធទៅនឹងការបំពាក់ស្លាកសញ្ញាផ្សេងៗ។
រាជរដ្ឋាភិបាលកម្ពុជាក៏បានបន្តខិតខំ អភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ពិសេសការកសាងផ្លូវល្បឿនលឿន និងផ្លូវហាយវ៉េ ដែលមានច្រើនគន្លង និងផ្លូវជាតិ ព្រមទាំងផ្លូវតភ្ជាប់ពីផ្លូវជាតិ ទៅតាមបណ្ដាខេត្តនីមួយៗ ដើម្បីរួមចំណែកសម្រួលការធ្វើដំណើរ កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។
លោកស ខេង ក៏បានជម្រាបជូនលោក ជីន ថូត ផងដែរថា ដើម្បីបន្តធ្វើកាន់តែប្រសើរឡើងលើការងារគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ កិច្ចការសំខាន់ៗ ២ ត្រូវតែបន្តធ្វើឱ្យទន្ទឹមគ្នា ទី ១ គឺការពង្រឹងការអនុវត្តច្បាប់ និងទី ២ គឺការបន្តលើកកម្ពស់ការយល់ដឹងស្មារតីគោរពច្បាប់របស់ប្រជាជនដើម្បីរួមគ្នាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ឱ្យបានជាអតិបរមា។
ជាការឆ្លើយតប លោក ជីន ថូត បានជម្រាបជូនលោកស ខេងថា នេះជាលើកទី ២ ហើយដែលរូបលោកបានអញ្ជើញមកកម្ពុជា ក្នុងនោះទស្សនកិច្ចលើកទី ១ បានធ្វើឡើងកាលពី ១០ ឆ្នាំមុន។
ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះលោកជីន ថូត បានអះអាងពីការមើលឃើញរបស់លោក ចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍។
បើតាមហ្វេសប៊ុកក្រសួងមហាផ្ទៃ លោកជីន ថូត បានឯកភាព និងគាំទ្រចំពោះការលើកឡើងរបស់លោកស ខេង ដែលថា ការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍នេះ ជាការពិត ទាមទារនូវការចូលរួមពីប្រជាពលរដ្ឋ តាមរយៈការអប់រំផ្សព្វផ្សាយឱ្យយល់ដឹង និងការពង្រឹងការអនុវត្តច្បាប់។
លោកបញ្ជាក់ថា ជារួមរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដើរនៅលើផ្លូវត្រឹមត្រូវស្របតាម អភិក្រមរបស់អង្គការសហប្រជាជាតិលើបញ្ហាសុវត្ថិភាពចរាចរណ៍។
លោកបានអះអាងពីការបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍នេះជាបន្តទៀត រួមជាមួយនឹងដៃគូដទៃទៀតរបស់លោកនៅក្រោមអង្គការសហប្រជាជាតិ តាមរយៈការលើកទឹកចិត្ត និងជូននូវយោបល់មួយចំនួនដើម្បីធ្វើយ៉ាងណារួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសការបង្កើននូវការប្រើប្រាស់នូវសេវាដឹកជញ្ជូនសាធារណៈដើម្បីកាត់បន្ថយនូវមធ្យោបាយធ្វើដំណើរលើដងផ្លូវ កៀរគរការចូលរួមពីវិស័យឯកជន។
ជាការឆ្លើយតប លោកស ខេងបានអរគុណចំពោះយោបល់របស់លោកជីន ថូត ដែលបានទទួលស្គាល់និងគាំទ្រការខិតខំកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
ជាមួយគ្នានេះ លោកស ខេង ក៏បានជម្រាបជូនលោកជីន ថូតផងដែរថា រូបលោកក៏កំពុងតែដឹកនាំការពិនិត្យនិងកែសម្រួលលិខិតបទដ្ឋានគតិយុត្តិមួយចំនួនពាក់ព័ន្ធទៅនឹងការងារពង្រឹងការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍៕