
កំពង់ស្ពឺៈ នគរបាលខេត្តកំពង់ស្ពឺបានរកឃើញគំនរឈើ ១ កន្លែង ប្រភេទឈើសុក្រំមានចំនួន ១៨ កំណាត់ ដែលក្រុមឈ្មួញលាក់ទុកនៅក្នុងដីចម្ការដូងមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងប្រិយ៍ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា។
របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់នាថ្ងៃទី ២៥ ខែវិច្ឆិកាថា៖ «ឈើដែលរកឃើញជាប្រភេទឈើសុក្រំមានចំនួន ១៨ ដុំ ម្ចាស់ឈើអញ្ញត្តជន សមត្ថកិច្ចបន្ដស្រាវជ្រាវរកមេក្លោង និងអ្នកទទួលខុសត្រូវ»។
របាយការណ៍បញ្ជាក់ថា កំណត់ឈើ ១៨ ដុំ ដែលមិនទាន់វាស់វែងនេះត្រូវបានដឹកជញ្ជូនយកទៅរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការបរិស្ថានចំបក់ ស្ថិតក្នុងឧទ្យានជាតិ ព្រះកុសុមៈ គីរីរម្យ ខេត្ដកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕