ភ្នំពេញៈ ក្រសួង​មហាផ្ទៃ បានសម្រេច​បង្កើត​ក្រុម​ការងារ​ទទួល​ខុសត្រូវ​ដឹកនាំ និង​ជំរុញ​ការផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ញាតិ​ខ្មែរ​ទុតិយតា ដែល​មាន​សមាសភាព​ដឹកនាំ​ចំនួន ១៩ រូប ក្នុង​នោះ​មាន​ប្រធាន​ចំនួន ១ រូប ដឹកនាំ​ដោយ​លោក​ម៉ៅ ច័ន្ទតារា អនុប្រធាន​ចំនួន ៤ រូប សមាជិក ចំនួន ៨ រូប និង​ក្រុម​ជំនួយការ​នៃ​ក្រុម​ការងារ ចំនួន ៦ រូប​។ នេះ​បើតាម​លោក​ឧត្តម​សេនីយ៍​ឯក ប្រុក ម៉ៃឧត្តម អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ដែល​បាន​អាន​នូវ​សេចក្តី​សម្រេច​នេះ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី ២៤ វិច្ឆិកា។​

​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី ២៤ វិច្ឆិកា បាន​បើក​កិច្ចប្រជុំ​ប្រកាស​សមាសភាព​ក្រុម​ការងារ​ទទួល​ខុសត្រូវ​ដឹកនាំ និង​ជំរុញ​ការផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទុតិយតា និង​លើក​ទិសដៅ​ការងារ​បន្ត ក្រោម​អធិបតីភាព លោក​ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុម​ការងារ​ទទួល​ខុសត្រូវ​ដឹកនាំ និង​ជំរុញ​ការផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទុតិយតា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​អនុរដ្ឋលេខា​ធិការ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន និង​អង្គភាព​ពាក់ព័ន្ធ​ចំណុះ​ក្រសួង​មហាផ្ទៃ ព្រមទាំង​មន្ត្រី​ជំនាញ​ផងដែរ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប្រុក ម៉ៃ​ឧ​ត្ត​ម ដែលជា​អ្នកអាន​សេចក្តី​សម្រេច​បញ្ជាក់ថា ក្រុម​ការងារ​នេះ ត្រូវបំពេញ​តួនាទី​ភារកិច្ច​ធ្វើជា​សេនាធិការ​ជូន​ក្រសួង​មហាផ្ទៃ ដើម្បី​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព ក្នុង​ការផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ ដែល​កាន់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​អស់​សុពលភាព ឬ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ជិត​អស់​សុពលភាព (​មុន​រយៈពេល ៩០ ថ្ងៃ)។​

​ទន្ទឹមនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ កង សុខន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បានធ្វើ​សេចក្តី​រាយការណ៍​សង្ខេប ស្តីពី​យុទ្ធនា​ការផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទុតិយតា ចាប់ពី​ថ្ងៃទី ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ដល់​ថ្ងៃទី ១៥ ខែ​កក្កដា ឆ្នាំ ២០២៣ ដែល​យុទ្ធនាការ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ជំរុញ និង​ពន្លឿន​ការងារ​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែល​អស់​សុពលភាព ឬ​ជិត​អស់​សុពលភាព (​មុន​រយៈពេល​៩០ថ្ងៃ​) ឬ​បាត់ និង​ខូច ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ឱ្យបាន​ទាន់​ពេលវេលា។

​លោក​លើកឡើងថា នៅក្នុង​នេះ​ចាប់ពី​ថ្ងៃទី ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២២ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម រួម​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ខិតខំ​ផ្សព្វផ្សាយ និង​ជំរុញ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ឱ្យ​ចូលរួម​អនុវត្ត​បំពេញ​បែបបទ​នីតិវិធី​ដើម្បី​ធ្វើ​ឡើងវិញ​សម្រាប់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែល​អស់​សុពលភាព ឬ​ជិត​អស់​សុពលភាព ឬ​បាត់ និង​ខូច បាន​យ៉ាង​ទូលំទូលាយ។​

​នៅក្នុង​ឱកាស​នោះ លោក​ម៉ៅ ច័ន្ទ​តារា បានធ្វើ​ការណែនាំ​ជាថ្មី​ម្តងទៀត​ដល់​ក្រុម​ការងារ​ពាក់ព័ន្ធ​ទាំងអស់​ឱ្យខិត​ខំ​អនុវត្ត​តួនាទី​ភារកិច្ច​ដែល​ក្រសួង​មហាផ្ទៃ​បាន​ប្រគល់​ជូន ក៏ដូចជា​យក​ធាតុ​ចូល​សំខាន់ៗ​ដែល​កើតឡើង​ក្នុង​កិច្ចប្រជុំ​នាពេល​នេះ យកទៅ​បំពេញ​បន្ថែម​លើ​ចំណុច​ខ្វះខាត និង​ខិតខំ​ជំរុញ​មន្ត្រី​ក្រោម​ឱវាទ ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ធ្វើយ៉ាងណា​ឱ្យ​ដំណើរការ​យុទ្ធនាការ​យុទ្ធនា​ការផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទុតិយតា ជូន​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា​ដែល​បាន​ដាក់ចេញ។​

​លោក​បាន​មានប្រសាសន៍ថា ការរៀបចំ​កិច្ចប្រជុំ​នេះ​ឡើង​គឺ​ដើម្បី​ប្រកាស​សមាសភាព​ក្រុម​ការងារ​ទទួល​ខុសត្រូវ​ដឹកនាំ និង​ជំរុញ​ការផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទុតិយតា និង​ដើម្បី​ជួបពិភាក្សា​ពិគ្រោះ​យោបល់​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ និង​យុទ្ធនាការ​ក្នុង​ការផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទុតិយតា ជូន​ប្រជាពលរដ្ឋ។​

​លោក​បាន​បន្តថា តាម​ផែនការ​របស់​ក្រសួង​មហាផ្ទៃ ការផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទុតិយតា​នេះ​ត្រូវ​ធ្វើឱ្យបាន​ចប់​សព្វគ្រប់​នៅ​ត្រឹម​ថ្ងៃទី ១៥ ខែ​កក្កដា ឆ្នាំ ២០២៣ ខាងមុខ។

​ជាមួយគ្នានេះ លោក​ម៉ៅ ច័​ន្ធ​តារា បាន​ណែនាំ​ថា ដើម្បី​អនុវត្ត​ឱ្យបាន​សម្រេច​ជោគជ័យ​លើ​ផែនការ​នេះ ក្រុម​ការងារ​ត្រូវ​ចូលរួម​មតិយោបល់​ជា​ធាតុ​ចូល​ឱ្យបាន​ច្រើន​បំផុត​ដើម្បី​ពិភាក្សា​ដាក់ចូល​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​អនុវត្ត​ផែនការ​សកម្មភាព​នេះ​ឱ្យបាន​ពេញលេញ និង​សម្រេច​បាន​តាម​ការរំពឹង​ទុក។​

​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​មាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​អស់​សុពលភាព ឬ​សល់​រយៈពេល ៩០ ថ្ងៃ ឱ្យ​អញ្ជើញ​ទៅ​បំពេញ​បែបបទ​ប្តូរ​យក​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី។

​ជាមួយគ្នានេះដែរ កាលពី​ថ្ងៃទី ១០ ខែ​វិច្ឆិកា ឆ្នាំ ២០២២ អគ្គនាយកដ្ឋាន​អត្ដ​សញ្ញាណ​កម្ម ក៏​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត នៅ​ទូទាំង​ប្រទេស ឱ្យ​ពង្រឹង​ការអនុវត្ត​តួនាទី​ភារកិច្ច ក្នុងការ​ចុះបញ្ជី​ស្នាក់នៅ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ​អាច​យកទៅ​ប្រើប្រាស់​ជា​ផលប្រយោជន៍ ឬ​ក្នុងការ​អនុវត្ត​នូវ​សិទ្ធិ​នានា ស្របតាម​គោលការណ៍​ច្បាប់ ឬ​លិខិតបទដ្ឋាន​គតិយុត្ត ដែល​បាន​កំណត់៕​