មណ្ឌលគិរីៈ ក្រសួងបរិស្ថានបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្របំពាក់ប្រឡៅកដំរីដើម្បីតាមដានបំលាស់ទីរបស់សត្វដំរីរយៈពេល ១១ ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញឱ្យបានយល់កាន់តែច្បាស់ពីបច្ចេកទេសអភិរក្សសត្វដំរី។
វគ្គនេះធ្វើឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា កន្លងទៅនេះ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងនៅទីតាំងនៃគម្រោង Elephant Valley Project ក្នុងខេត្តមណ្ឌលគិរី។
សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមានមន្ត្រីជំនាញស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន អ្នកតំណាងមកពីមន្ទីរបរិស្ថានខេត្ត ក្រុមស្រាវជ្រាវសហគមន៍ អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) កម្ពុជា អង្គការ WWF វៀតណាម អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងមន្ត្រីមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មផងដែរ។
សិក្ខាកាមបានទទួលការបណ្តុះបណ្តាលទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ពីក្រុមគ្រូបង្គោលដោយផ្តោតលើបច្ចេកទេស និងកត្តាសុវត្ថិភាពសម្រាប់សត្វដំរី និងអ្នកស្រាវជ្រាវ ចាប់តាំងពីដំណាក់កាលនៃការរៀបចំផែនការ រហូតដល់ការចុះអនុវត្តវិធីសាស្ត្របំពាក់ប្រឡៅកដំរីជាជំហានៗ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា វគ្គបណ្តុះបណ្តាលនេះគឺជាការចូលរួមបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពមន្ត្រីជំនាញកម្ពុជាឱ្យបានយល់កាន់តែច្បាស់ពីបច្ចេកទេស និងវិធីសាស្ត្រនៃការអភិរក្សសត្វដំរី។
លោកថ្លែងថាបច្ចប្បន្នកម្ពុជាមានដំរីអាស៊ីចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែលកំពុងរស់នៅតំបន់ជួរភ្នំក្រវាញ តំបន់ព្រៃឡង់ និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី ខេត្តរតនគិរី។ ចំណែកដំរីស្រុកមានប្រមាណ ៧០ក្បាល។
ក្រសួងបរិស្ថានប្ដេជ្ញាថានឹងការពារសត្វដំរីក្នុងប្រទេសកម្ពុជាពីការគំរាមរបស់មនុស្ស ដោះស្រាយជម្លោះរវាងមនុស្សនិងដំរី និងការពារព្រៃ អភិរក្សតំបន់ការពារធម្មជាតិ ដើម្បីផ្ដល់ជម្រកសុវត្ថិភាពសម្រាប់សត្វដំរីអាស៊ី។
លោក នេត្រ ភក្ត្រា ថ្លែងថា៖ «យោងតាមទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិ ក្នុងតំបន់ការពារធម្មជាតិនានា ដំរីអាស៊ីបានរស់នៅជាហ្វូងនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ហើយមានឃើញកូនតូចៗជាច្រើនថែមទៀត។ វត្តមានកូនដំរីតូចៗដែលទើបនឹងកើតនៅក្នុងហ្វូងដំរីធំៗ គឺជាក្តីសង្ឃឹមរបស់ក្រុមអ្នកអភិរក្សនិងក្រុមអ្នកបរិស្ថាន»។
តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញរយៈពេល ៦០ ទៅ ៧០ ឆ្នាំចុងក្រោយនេះចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែល ៥០ ភាគរយ។ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជាច្រើនផងដែរ។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសព្វថ្ងៃ ក្នុងនោះប្រហែល ៧៥ ភាគរយរស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។
ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា (CECG) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាពនិងជំរុញឱ្យមានកំណើនចំនួនប្រភេទនេះនៅក្នុងព្រៃនៃប្រទេសកម្ពុជា។
ផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ីឱ្យនៅគង់វង្សត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ ឆ្នាំ គឺពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៩៕