ព្រះសីហនុៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា បញ្ជាក់ថា​ក្រសួងកសិកម្ម​គាំទ្រ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​អង្គការ​នានា ដើម្បី​បង្កើន​ប្រាក់ចំណូល និង​ជួយ​ឱ្យ​ផលិតផល​កែច្នៃ​ក្នុងស្រុក​អាច​ផលិត​បាន​តាម​ស្តង់ដា​សុវត្ថិភាព​ម្ហូបអាហារ ដើម្បី​អាចឈាន​ចូល​ទីផ្សារ​ទំនើប​។​

​លោក​រដ្ឋមន្ត្រី​ថ្លែង​បែបនេះ នៅ​រសៀល​ថ្ងៃទី​ ២៤ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ពេលដែល​លោក​បាន​ចុះ​ពិនិត្យ​សិប្បកម្ម​កែច្នៃ​ត្រី​ចំហុយ ជា ធូ នៅ​ឃុំ​ទំនប់រលក ខេត្ត​ព្រះសីហនុ ដើម្បី​ស្វែងយល់​ពី​ការកែច្នៃ​ត្រី​ចំហុយ​របស់​សហគ្រាស​កែច្នៃ​ផលិតផល​ជលផល​ក្នុងស្រុក​។ សិប្បកម្ម​កែច្នៃ​ត្រី​ចំហុយ ជា ធូ បានទទួល​ការគាំទ្រ​ផ្នែក​សម្ភារ និង​បច្ចេកទេស​ពី​គម្រោង CAPFish CAPTURE ដែល​អនុវត្ត​ដោយ​រដ្ឋបាល​ជលផល និង​អង្គការ​យូ​នី​ដូ ក្រោម​សហ​ហិរញ្ញប្បទាន​របស់​សហភាព​អឺ​រុ​ប​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ជួប​ជាមួយ​កសិករ​កែច្នៃ​បង្គា​ក្រៀម នៅ​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ផងដែរ​។

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​គាំទ្រ និង​លើកទឹកចិត្ត​ដល់​កសិករ​ដែល​ធ្វើការ​នៅក្នុង​សហគម​នេសាទ​ឱ្យមាន​និរន្តរភាព និង​ចូលរួម​ថែរក្សា​បរិស្ថាន ហើយ​ជំនាញ​នឹង​ជួយ​មើល​ក្នុងការ​ថែរក្សា​ជម្រក​ប​ង្គា ក្តាម ជាពិសេស​ប្រសិនបើ​ការប្រមូលទិញ​ឃើញ​មាន​ក្តាម​ញី​ពង គឺ​ត្រូវ​លែង​ត្រឡប់​ទៅវិញ​»​។​

រូបថត ហ្វេសប៊ុករដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា

​នៅ​ថ្ងៃ​ដដែល​នោះ លោក​រដ្ឋមន្ត្រី​កសិកម្ម ឌិ​ត ទីណា ក៏បាន​ចុះ​ពិនិត្យ​បណ្តុំ​អាជីវកម្ម​បន្លែ របស់​កម្មវិធី (ASPIRE) នៅ​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ស្វែងយល់​ពី​បញ្ហា​ប្រឈម និង​រក​ដំណោះស្រាយ​ឆ្លាត​វៃ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ ផងដែរ​។​

​បន្ទាប់ពី​បាន​ជជែក​ពិភាក្សា​ជាមួយ​ក្រុម​កសិករ និង​អ្នកប្រមូល​ទិញ​រួចមក លោក​បានផ្តល់​ជា​គំនិត​ដល់​កសិករ​ត្រូវ​ស្វែងយល់ ពី​ផែនការអាជីវកម្ម ដើម្បី​ចៀសវាង​ផលិត​លើសពី​តម្រូវការ​។​

​លោក​ថ្លែងថា​៖ «​ការ​ចងក្រង​ជា​ក្រុម ឬ​ជា​សហគមន៍​កសិកម្ម​មា​ន​សារៈសំខាន់ ដែល​ជួយ​ឱ្យ​យើង​អាច​រៀបចំ​ប្រតិទិន​ដាំ​ដុះ​ដំណាំ​បន្លែ និង​ការចរចា​តម្លៃ​ទីផ្សារ​»​។

​លោក​រដ្ឋមន្ត្រី​បាន​ប្រាប់​ទៅ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​ជួយ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផ្ទះ​សំណាញ់ និង​ក្រុមហ៊ុន​ប្រមូល​ទិញ​បន្លែ ដើម្បី​ផ្តល់​ផ្ទះ​សំណាញ់​ឱ្យ​ប្រជាកសិករ​អាចធ្វើ​ចម្ការ​ពេញ​មួយឆ្នាំ ហើយ​រំលស់​ជាមួយ​ថ្លៃ​បន្លែ​ដែល​ប្រមូល​ទិញ​ទាំងនោះ​ដោយ​មិនឱ្យ​កសិករ​ជា​អ្នក​ជាប់ជំពាក់​បំណុល​ជាមួយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឡើយ​៕​