
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា។ រូបថត៖ គល់ រ៉េននី និងស៊ិន សារ៉េត
ភ្នំពេញៈ សហភាពសហព័ន្ធយុវជនកម្ពុជានឹងបន្តពង្រឹងយុវជនឱ្យកាន់តែមានលទ្ធភាពចូលរួមលើគ្រប់ការដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងមនុស្សធម៌។
នេះជាការលើកឡើងរបស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ពេលអញ្ជើញជាអធិបតី បើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅសណ្ឋាគារហ្គោឌិនស៊ីធីភ្នំពេញ រាជធានីភ្នំពេញ។
កម្មវិធីនេះដោយមានការចូលរួមពីសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការកណ្ដាល និងសមាជិក សមាជិកាប្រតិភូតំណាង ស.ស.យ.ក. ទូទាំងប្រទេស សរុបប្រមាណជា ១ ៤០០នាក់។
លោកថ្លែងថា៖«យើងនឹងបន្តពង្រឹងយុវជនឱ្យកាន់តែមានលទ្ធភាពចូលរួមលើគ្រប់ការដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងមនុស្សធម៌ ធ្វើយ៉ាងណាឱ្យ ស.ស.យ.ក. បន្តនៅតែជាវេទិកាទូលំទូលាយ និងជាឆ័ត្ររួម ដែលអនុញ្ញាតឱ្យយុវជនគ្រប់កោសិកានៃសង្គមកម្ពុជា បានចូលរួមក្នុងការជំរុញចក្ខុវិស័យរួមរបស់កម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ»។
លោក ហ៊ុន ម៉ានី បន្តថា ជាងនេះទៅទៀត សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបន្តពង្រីកកិត្តិនាម និងរក្សាមោទនភាព ស.ស.យ.ក. ជាអង្គការចាត់តាំងយុវជនមួយដ៏ធំជាងគេក្នុងប្រទេស និងឈានមុខក្នុងការចូលរួមពូនជ្រុំកម្លាំងយុវជនឱ្យក្លាយជាកម្លាំងមហាសាមគ្គី ដែលអាចរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម និងបន្តដំណើររួមគ្នាឆ្ពោះទៅកសាងសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានល្អ ការរស់នៅល្អប្រសើរ និងមានវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យ៕