ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៥ ខែវិច្ឆិកានេះ បានសព្វព្រះហរទ័យ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ និងថ្នាក់នៃក្របខ័ណ្ឌព្រះរាជអាជ្ញា និងចៅក្រម ប្រចាំឆ្នាំ ២០២២ ដល់ព្រះរាជអាជ្ញានិងចៅក្រមចំនួន ២៨១ រូប។

ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យចំនួន ២ផ្សេងគ្នា ប៉ុន្តែចុះថ្ងៃជាមួយគ្នា គឺថ្ងៃទី ២៥ ខែវិច្ឆិកានេះ។ ព្រះរាជក្រឹត្យទាំង២នោះ ១គឺ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ និង ថ្នាក់ នៃក្របខ័ណ្ឌព្រះរាជអាជ្ញាប្រចាំឆ្នាំ ២០២២ដល់ព្រះរាជអាជ្ញា ១១១ រូបនិង១ទៀត គឺព្រះរាជក្រឹត្យត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិ និងថ្នាក់ នៃក្របខ័ណ្ឌនៃចៅក្រម ប្រចាំឆ្នាំ ២០២២ ដល់ ចៅក្រម ១៧០ រូប។

ក្នុងព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិដល់ព្រះរាជអាជ្ញា ១១១ រូប ក្នុងនោះមានដំឡើងថ្នាក់ក្នុងឋានន្តរស័ក្តិឧត្តមព្រះរាជអាជ្ញា ចំនួន ៤០ រូប ដំឡើងឋានន្តរស័ក្តិ និងថ្នាក់ពីឋានន្តរស័ក្តិវរៈព្រះរាជអាជ្ញា មកជា ឋានន្តរស័ក្តិឧត្តមព្រះរាជអាជ្ញា ១០ រូប ដំឡើងថ្នាក់ក្នុងឋានន្តរស័ក្តិវរៈព្រះរាជអាជ្ញា ៥៤ រូប និងដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ពីឋានន្តរស័ក្តិអនុព្រះរាជអាជ្ញា មកជា ឋានន្តរស័ក្តិវរៈព្រះរាជអាជ្ញា ៧ រូប។

ចំណែកក្នុងព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិដល់ចៅក្រម ១៧០ រូប រួមមាន ដំឡើងថ្នាក់ក្នុងឋានន្តរស័ក្តិឧត្តមចៅក្រម ៥៦ រូប ដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ពីឋានន្តរស័ក្តិវរៈចៅក្រមមកជា ឋានន្តរស័ក្តិឧត្តមចៅក្រម ២១ រូប ដំឡើងថ្នាក់ ក្នុងឋានន្តរស័ក្តិវរៈចៅក្រម ៨៩ រូប ដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ពីឋានន្តរស័ក្តិអនុចៅក្រម មកជា ឋានន្តរស័ក្តិវរៈចៅក្រម ៣នាក់ និង ដំឡើងថ្នាក់ ក្នុងឋានន្តរស័ក្តិអនុចៅក្រម ១នាក់។

ព្រះមហក្សត្របញ្ជាក់ថា៖«ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ»៕​