ក្រសួងអប់រំ យុវជន និងកីឡា សហការ​ជាមួយ​នឹង​អង្គការ​វីវីអូប៊ី (VVOB) បាន​រៀបចំ​នូវ​វគ្គ​បំប៉ន​មួយ ស្ដីពី «វិធីសាស្រ្ត​បង្រៀន​និង​ការ​ប្រើប្រាស់​កញ្ចប់​សម្ភារ​គណិត​វិទ្យា​ថ្នាក់​ទី១ ឆមាស​ទី១» ដល់​គ្រូ​បង្រៀន​ថ្នាក់​បឋម​សិក្សា (ថ្នាក់ទី១) គ្រូ​ប្រឹក្សា​គរុកោសល្យ​ប្រចាំ​សាលារៀន និង​ទីប្រឹក្សា​គរុកោសល្យ​ជំនាញ ទូទាំង​ខេត្ត​កំពង់ធំ សរុប​ចំនួន ១០៥០នាក់។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួមគ្នា​របស់​ក្រសួង​អប់រំ យុវជន និងកីឡា និង​អង្គការ​វីវីអូប៊ី ស្តីពី​ការ​ពង្រីក​ការ​អនុវត្ត «កញ្ចប់​សម្ភារគណិតវិទ្យា​ថ្នាក់​ដំបូង» ត្រូវ​បាន​រៀបចំ​នៅ​ទូទាំង​ខេត្ត​កំពង់ធំ បាន​លើក​ឡើង​ថា វគ្គ​បំប៉ន​នេះ ចាប់​ផ្តើមឡើង នាព្រឹក​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកាឆ្នាំ២០២២ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​នៃ​ប្រទេស ប៊ែលហ្ស៊ិក។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា វគ្គបំប៉ន​ក្នុង​រយៈពេល ៥ថ្ងៃ ដែល​រៀបចំ​ឡើង​ដើម្បី​ពង្រឹង​សមត្ថភាព​គ្រូបង្រៀន​គណិត​វិទ្យា​កម្រិតថ្នាក់​ដំបូង​តាម​រយៈ​វិធីសាស្រ្ត​បង្រៀន​ថ្មីៗ និង​ជា​ការ​អនុវត្ត​នូវ​យុទ្ធសាស្រ្ត​ដែល​ក្រសួង​បាន​រៀបចំ​ក្នុង​ការ​ពង្រឹង​វិធីសាស្រ្ត​បង្រៀន និង​ការគ្រប់គ្រង​ថ្នាក់រៀន​ទៅ​ដល់​លោកគ្រូ អ្នកគ្រូ នៅ​ទូទាំង​ប្រទេស​សម្រាប់​កម្រិត​បឋមសិក្សា។

លោក ចាន់ សុភា ប្រធាន​នាយកដ្ឋាន​បឋម​សិក្សា នៃ​ក្រសួង​អប់រំ យុវជន និងកីឡា បាន​ឱ្យ​ដឹង​ថា ក្រោម​កិច្ច​សហការ​រវាង​ក្រសួង​ជាមួយអង្គការ VVOB ការ​អនុវត្ត​សកម្មភាព​បំប៉ន​ដល់​លោកគ្រូ អ្នកគ្រូ ដែល​កំពុង​បង្រៀន​នៅ​កម្រិត​ថ្នាក់​បឋម​នេះ គឺជា​ការ​អនុវត្ត​យុទ្ធសាស្រ្ត កំណែ​ទម្រង់​ស៊ីជម្រៅ​របស់​ក្រសួង ដែល​ផ្ដោត​សំខាន់​លើ​ការ​ពង្រឹង និង​លើក​កម្ពស់​វិធីសាស្រ្ត​បង្រៀន។

លោក​បាន​បន្ត​ថា វគ្គបំប៉ននេះ ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​លោកគ្រូ អ្នកគ្រូ​បង្រៀន​ទាំងអស់​មាន​សមត្ថភាព​បន្ថែម​ក្នុង​ការ​បង្រៀន​ដល់សិស្សានុសិស្ស​កម្រិត​បឋម​ថ្នាក់ទី​១ ទី​២ និង​ទី៣ ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។

លោក ចាន់ សុភា មាន​ប្រសាសន៍​ថា៖ «បន្ថែម​ពី​វគ្គ​បំប៉ន​វិធីសាស្រ្ត​បង្រៀន ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​បាន​រៀបចំ​ឯកសារ​ជំនួយសិស្ស​ជា​វីដេអូ​ខ្លីៗ ដើម្បី​ជូន​ទៅ​អាណា​ព្យាបាល​សិស្ស​ឱ្យ​ជួយ​ជំរុញ​កូនៗ​របស់​គាត់​រៀន​នៅ​ផ្ទះ​បន្ថែម​ទៀត​ផងដែរ»។

​វគ្គ​បំប៉ន​មួយ ស្ដីពី «វិធីសាស្រ្ត​បង្រៀន​និង​ការ​ប្រើប្រាស់​កញ្ចប់​សម្ភារ​គណិត​វិទ្យា​ថ្នាក់​ទី១ ឆមាស​ទី១» ដល់​គ្រូ​បង្រៀន​ថ្នាក់​បឋម​សិក្សា (ថ្នាក់ទី១) គ្រូ​ប្រឹក្សា​គរុកោសល្យ​ប្រចាំ​សាលារៀន និង​ទីប្រឹក្សា​គរុកោសល្យ​ជំនាញ ទូទាំង​ខេត្ត​កំពង់ធំ។ រូបថត សហការី

នាឱកាសនោះដែរ កញ្ញា ម៉េរ៉ល លូវហ្ចីស (Merel Luichies) ប្រធាន​គម្រោង​នៃ​អង្គការ VVOB ប្រចាំ​ប្រទេស​កម្ពុជា បាន​លើកឡើងដោយ​កញ្ញា​បាន​សម្ដែង​ក្ដី​រំពឹង​ទុក​ថា សិក្ខាកាម​នឹង​ទទួល​បាន​ចំណេះដឹង និង​ជំនាញ​បន្ថែម ដើម្បី​បំប៉ន​សមត្ថភាព​ពួកគេ ក្នុង​ការ​អនុវត្តវិធីសាស្រ្តរៀន និង​បង្រៀន​កញ្ចប់​សម្ភារ​គណិតវិទ្យា​ថ្នាក់​ដំបូង​នេះ ទៅ​ដល់​សិស្សានុសិស្ស ដែល​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​សម្រាប់​អនាគត​នៃការ​សិក្សា និង​ការងារ​របស់​ពួកគេ។

កញ្ញា​បាន​បញ្ជាក់​ថា៖ «វគ្គ​បំប៉ន​ដែល​ធ្វើឡើង​ដោយ​ផ្ទាល់​នេះ គឺជា​សកម្មភាព​ស្នូល​មួយ​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន។ លើសពីនេះ​ទៅ​ទៀត​នោះ​ក្រសួង​នឹង​បំប៉ន​ដល់​គ្រូប្រឹក្សា​គរុកោសល្យ​ប្រចាំ​សាលារៀន​បន្ត​ទៀត»។

ប្រធាន​គម្រោង​នៃ​អង្គការ VVOB រូបនេះ បាន​បន្ថែម​ទៀត​ថា គ្រូប្រឹក្សា​គរុកោសល្យ​នេះ​នឹង​ផ្ដល់​ការ​ប្រឹក្សា​គរុកោសល្យ​ដល់​គ្រូ​បង្រៀន​ដែលបាន​មក​ទទួល​វគ្គបំប៉ន​នេះ ក្នុង​ការ​អនុវត្ត​សកម្មភាព​បង្រៀន​នៅ​ក្នុង​ថ្នាក់​រៀន​ផ្ទាល់​របស់​ពួកគេ។

កញ្ញា ម៉េរ៉ល លូវហ្ចីស បាន​ថ្លែង​ថា៖ «នាងខ្ញុំ​សូម​បញ្ជាក់​ផងដែរ​ថា វគ្គបំប៉ន​ដែល​កំពុង​តែ​ធ្វើឡើង​នេះ គឺត្រូវ​បាន​បង្ហាញ​ដោយ​ក្រុម​គ្រូឧទ្ទេស​ថ្នាក់​ជាតិ ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពី​សំណាក់​គ្រូ​គណិត​ថ្នាក់ជាតិ ដែល​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ដោយ​អង្គការ VVOB ក្រោម​ជំនួយ​ឧបត្ថម្ភ​ដោយ​មូលនិធិ​ភាព​ជា​ដៃគូ​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​វិស័យអប់រំ (CDPF)»។

ឆ្លៀត​ឱកាស​នោះ​ដែរ កញ្ញា​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​នៃ​ក្រសួង​អប់រំ សម្រាប់​ជំនឿ​ជឿជាក់​មក​លើ​អង្គការVVOB ក្នុង​នាម​ជា​ដៃគូ​អភិវឌ្ឍ​វិស័យ​អប់រំ និង​អរគុណ​ដល់​នាយកដ្ឋាន​បឋមសិក្សា, នាយកដ្ឋាន​បណ្ដុះបណ្ដាល​គ្រូបង្រៀន និង​នាយកដ្ឋានធានា​គុណភាព​អប់រំ សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​កន្លង​មក ដើម្បី​រៀបចំ​អនុវត្ត​ផែនការ​យុទ្ធសាស្រ្ត​របស់​ក្រសួង​ក្នុង​ការ​ពង្រឹង​វិស័យ​អប់រំកម្រិត​បឋមសិក្សា។

សូមបញ្ជាក់​ផងដែរ​ថា បន្ទាប់​ពី​ការ​ដាក់​ឱ្យ​អនុវត្ត​វិធីសាស្រ្ត​បង្រៀន និង​ការ​ប្រើប្រាស់​កញ្ចប់​សម្ភារ​គណិត​វិទ្យា​ថ្នាក់ដំបូង​សម្រាប់​ថ្នាក់​ទី​១ និងទី២ នេះរួច ក្រសួង​អប់រំ យុវជន និងកីឡា ក៏​កំពុង​រៀបចំ​មាតិកា​ថ្នាក់​ទី​៣ បន្តទៀត។

ដាក់ឱ្យ​អនុវត្ត​វិធីសាស្រ្ត​បង្រៀននេះ គឺ​បន្ថែម​ពី​ការ​បំប៉ន​សមត្ថភាព​នេះ ក្រសួង​ក៏​នឹង​ត្រៀម​រៀបចំ​ស្តង់ដា​គណិតវិទ្យា​ថ្នាក់​ដំបូង ដើម្បី​ជួយ​ឱ្យលោកគ្រូ អ្នកគ្រូ មាន​លទ្ធភាព​ក្នុង​ការ​វាយតម្លៃ​ការ​សិក្សា​របស់​សិស្ស​ជាប្រចាំ​នៅ​ក្នុង​កម្រិត​ថ្នាក់​ដំបូង​ផងដែរ៕