ប្រេសិតពិសេសអង្គការសហប្រជាជាតិ បានលើកឡើងថា សុវត្ថិភាពចរាចរណ៍ គឺជាអ្វីដែលមនុស្សគ្រប់រូបត្រូវតែចូលរួម មិនមែនអនុវត្តតែក្នុងកម្រិតថ្នាក់ដឹកនាំនោះទេ ហើយចំណុចចម្បងៗគួរយកចិត្តទុកដាក់ គឺការបញ្ជ្រាប ពីសុវត្ថិភាពចរាចរណ៍តាមវិស័យអប់រំ ការរឹតបន្តឹងការប្រឡងយកបណ្ណបើកបរ និងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ជាដើម។
លោក ជីន ថូត (Jean Todt) ប្រេសិតពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ បានលើកឡើងដូចនេះ ក្នុងជំនួបជាមួយនឹងលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា នាទីស្តីការក្រសួង។
នាជំនួបពិភាក្សាការងារនោះ លោក ស៊ុន ចាន់ថុល បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោក ជីន ថូត ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា ហើយលោករដ្ឋមន្រ្តីក៏បានបង្ហាញពីការផ្លាស់ប្តូរផ្សេងៗ និងទិន្នន័យព័ត៌មានដែលទាក់ទងនឹងវិស័យដឹកជញ្ជូន និងសុវត្ថិភាពចរាចរណ៍នៅកម្ពុជា។
លោក ស៊ុន ចាន់ថុល បានលើកឡើងពីកំណើននៃការប្រើប្រាស់យានជំនិះ គ្រោះថ្នាក់ចរាចរណ៍ ការជំរុញយុទ្ធនាការសុវត្ថិភាពចរាចរណ៍ (ការចែកមួកសុវត្ថិភាព និងបន្ទះចំណាំងផ្លាត) ការជំរុញលើកទឹកចិត្តការប្រើប្រាស់រថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនី ការបង្កើត និងដាក់ឱ្យប្រើប្រាស់នូវទំនើបកម្មបច្ចេកវិទ្យា (Driving Rules App, Point Deduction) និងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍តាមរយៈបណ្តាញផ្សព្វផ្សាយផ្សេងៗ។
លោកបានថ្លែងថា ៖ «ទាំងអស់នេះ សបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការជំនាញ»។
ជាមួយគ្នានោះ លោក ជីន ថូត ក៏បានសម្តែងនូវចំណាប់អារម្មណ៍ និងការវាយតម្លៃខ្ពស់ចំពោះទិន្នន័យព័ត៌មានទាំងអស់នោះ ហើយលោកបានសង្កត់ធ្ងន់ទៅលើចំណុចសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ ដោយសាររូបលោកផ្ទាល់គឺជាបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកលើវិស័យនេះ។
លោកបានបញ្ជាក់ថា ៖ «សុវត្ថិភាពចរាចរណ៍ គឺជាអ្វីដែលមនុស្សគ្រប់រូបត្រូវតែចូលរួម មិនមែនអនុវត្តតែក្នុងកម្រិតថ្នាក់ដឹកនាំនោះទេ ហើយចំណុចចម្បងៗគួរយកចិត្តទុកដាក់ រួមមាន ការបញ្ជ្រាបអំពីសុវត្ថិភាពចរាចរណ៍តាមវិស័យអប់រំ ការបំពាក់នូវកាមេរ៉ាចាប់ល្បឿនតាមដងផ្លូវ រឹតបន្តឹងការប្រឡងយកបណ្ណបើកបរ ការត្រួតពិនិត្យគុណភាពមួកសុវត្ថិភាព និងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ជាពិសេសទាក់ទងនឹងការប្រើប្រាស់ទូរស័ព្ទ និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង»។
សូមបញ្ជាក់ថា គោលដៅចម្បងមួយនៃការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព (SDGs) គឺការកាត់បន្ថយចំនួនអ្នករងរបួស និងស្លាប់នៅតាមដងផ្លូវឱ្យបាន ៥០% ត្រឹមឆ្នាំ២០៣០ ដែលត្រូវបានកំណត់ដោយអង្គការសុខភាពពិភពលោក៕