ក្រសួងការងារ និង​បណ្ដុះ​បណ្តាល​វិជា្ជជីវៈ បាន​ឱ្យ​ដឹងថា អតីត​បុគ្គលិក​ក្រុមហ៊ុន ណាហ្គាវើលដ៍ ចំនួន ៥រូប បន្ថែមទៀត បាន​មក​ទទួលយក​ដំណោះ​ស្រាយ​តាម​រយៈការ​ធ្វើ​លិខិត​ព្រមព្រៀង​ទទួល​យក​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ការងារ​ពី​ក្រុមហ៊ុន​រួចហើយ។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ឱ្យដឹងថា នាពេល​កន្លងមក មាន​អតីត​បុគ្គលិក​ក្រុមហ៊ុន ណាហ្គាវើលដ៍ មួយ​ចំនួន​បាន​គោរព​ស្នើសុំ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការងារ ឱ្យ​ជួយ​អន្តរាគមន៍ ក្រុមហ៊ុនផ្ដល់​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ការងារ​ស្រប​តាម​ច្បាប់​ស្តីពី​ការងារ ចំពោះ​អ្នក​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​រួម និង​ស្វែងរក​ឱកាស​ការងារថ្មី ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​ទៀងទាត់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ថែម​ថា នាពេល​កន្លង​មក មន្ត្រី​ជំនាញ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់ ការ​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន ហើយ​ពិនិត្យ​ឃើញ​ថា ការ​ទូទាត់​ចំនួន ៤ចំណុច គឺបាន​ត្រឹមត្រូវ​ស្រប​តាមច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​ការ​បញ្ឈប់​ពី​ការងារ​រួម។

គិតត្រឹម​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ ២០២២នេះ មាន​អតីត​បុគ្គលិក​ចំនួន ៥រូប បន្ថែមទៀត ក្នុង​ចំណោម​អតីត​បុគ្គលិក ដែល​មិនទាន់​ឯកភាពទទួល​យក​ការ​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា បានមក​ទទួល​យក​ដំណោះ​ស្រាយ​តាម​រយៈការ​ធ្វើ​លិខិត​ព្រមព្រៀង​ទទួល​យក​ប្រាក់បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ពី​ក្រុមហ៊ុន​រួចហើយ។

ក្រសួង​បាន​បញ្ជាក់​ថា៖ «ដូចនេះ គិតមក​ដល់​ថ្ងៃនេះ មាន​អតីត​បុគ្គលិក​សរុប​ចំនួន ២៤៩រូប ក្នុង​ចំណោម ៣៧៣រូប បាន​យល់ព្រមទទួល​យក​ការ​ទូទាត់​នូវ​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ការងារ​ជាមួយ​ក្រុមហ៊ុន ដែល​ធ្វើឱ្យ​ចំនួន​អតីត​បុគ្គលិក​ដែល​មិនព្រម​ទទួល​យក​សំណងនៅ​សល់ត្រឹម ១២៤រូប»។

ទីភ្នាក់ងារជាតិ​មុខរបរ និងការងារ (NEA) នៃ​ក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​ត្រៀមខ្លួន​ដើម្បី​ជួយ​សម្រប​សម្រួល​ពាក់ព័ន្ធ​នឹងការ​ជួយ​ស្វែងរក​ឱកាស​ការងារ​ថ្មី​សម្រាប់​បងប្អូន​អតីត​បុគ្គលិក​ផងដែរ៕