លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ក្រើន​រំឭក​ដល់​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​បំពេញតួនាទី​ភារកិច្ច​បម្រើជាតិ និង​ប្រជាជន ជាពិសេស បន្ត​យក​ចិត្ត​ទុក​ដាក់​រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយ​អនុវត្ត​គោលនយោបាយភូមិ ឃុំ មាន​សុវត្ថិភាព។

លោក​បាន​លើកឡើង​ដូចនេះ ក្នុង​ពេល​ជួប​សំណេះសំណាល ជាមួយ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ជាង ៣ពាន់នាក់ នា​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ នាវិមាន ៧មករា។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តី​រីករាយ ដែល​បាន​ជួប​សំណេះសំណាល​ជាមួយ សមាជិក សមាជិកា​គណបក្ស ថ្នាក់ភូមិ សង្កាត់ ខណ្ឌ ចំណុះ​រាជធានី​ភ្នំពេញ រួម​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ក្នុង​ស្ថាប័ន ក្រសួង​មួយចំនួន​ទៀត​នាឱកាសនោះ។ លោក​ក៏​បាន​អបអរសាទរ​ចំពោះ​ក្រុមប្រឹក្សា ឃុំ/សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ តាម​រយៈការ​បោះឆ្នោត ឃុំ សង្កាត់ កន្លង​ទៅនេះ​ផងដែរ។

ជាមួយគ្នានោះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផងនោះ ក៏​បាន​កោត​សរសើរ និង​វាយ​តម្លៃខ្ពស់​ចំពោះ​មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​រក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​បានល្អ ការ​រួមគ្នា​ទប់ស្កាត់​ការ​រីករាលដាល​ជំងឺ​កូវីដ១៩ ទប់ស្កាត់​បាន​នូវ​ទង្វើ​បង្ក​ចលាចល​នានា​ក្នុង​សង្គម។

លោក ហ៊ុន សែន បានថ្លែងថា ៖ «សមាជិក សមាជិកា គណបក្ស​ទាំងអស់​ដែល​មាន​តួនាទី​នៅ​រាជរដ្ឋាភិបាល​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់បំពេញ​តួនាទី​ភារកិច្ច​បម្រើជាតិ និងប្រជាជន ជាពិសេស បន្ត​យកចិត្ត​ទុក​ដាក់​រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយ​អនុវត្តគោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព រួមមាន ការ​បង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និង​ការ​ជួញដូរ​គ្រឿងញៀន​ជាដើម ដើម្បី​ផ្តល់​ភាព​កក់ក្តៅ និង​ធានា​ដល់​សុវត្ថិភាព​នៃ​ការ​រស់នៅ របស់​ប្រជាពលរដ្ឋ»។

ទន្ទឹមនេះ ត្រូវ​យក​ចិត្ត​ទុកដាក់​ផ្តល់​នូវ​សេវា​សាធារណៈ រួមមាន សេវា​តម្រូវការ​ចាំបាច់​ទាំងឡាយ និង​សេវា​សំណូមពរ​នានា​ជូន​ប្រជាពលរដ្ឋ ឱ្យ​បាន​លឿន និង​មាន​ប្រសិទ្ធភាព ហើយ​ត្រូវ​ខិតខំ​បំបាត់​ឱ្យ​អស់នូវ​ភាព​អសកម្ម​នានា។

លោកបានបញ្ជាក់ថា ៖ «អាជ្ញាធរ​ត្រូវយក​ចិត្ត​ទុកដាក់​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​រហ័ស និង​មាន​ប្រសិទ្ធភាព ផ្តល់​នូវសេវា​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន រហ័ស ចៀសវាង​បង្ក​នូវ​បញ្ហា​នានា។ ត្រូវ​រួមគ្នា​បន្ត​ការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩ និង​ជំងឺ​រាតត្បាតនានា យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​លក់ដូរ​របស់​ប្រជាជន​ដែល​កើតមាន​ឡើង​នៅ​តាម​ផ្សារ បញ្ហា​ចរាចរណ៍ បញ្ហា​ទឹក ភ្លើង​ជាដើម»។

លើសពីនេះ លោក ហ៊ុន សែន ក៏​បាន​ជំរុញ​ឱ្យ​មាន​ការ​ខិតខំ​ដោះស្រាយ​បញ្ហា​ជម្លោះ​រវាង កម្មករ ជាមួយ​រោងចក្រ ឬ បុគ្គលិក​ក្រុមហ៊ុន ជាមួយ ក្រុមហ៊ុន និង​លើកទឹកចិត្ត​ឱ្យ​អាជ្ញាធរ​ព្យាយាម​ដោះស្រាយ​បញ្ហា​ជម្លោះ​របស់​ប្រជាពលរដ្ឋ​តាម​បែបក្រៅ​ប្រព័ន្ធ​តុលាការ​ផងដែរ។

ពាក់ព័ន្ធ​ការងារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ លោក ឃួង ស្រេង ប្រធាន​គណបក្ស​ រាជធានី​ភ្នំពេញ ក៏​បាន​លើកឡើង​ដែរថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​យកចិត្ត​ទុកដាក់ រក្សា ការពារ និង​ពង្រឹង​ជាប្រចាំ​ហើយ​ជារួម ធានា​បាន​នូវ​សន្តិសុខ និង​សុវត្ថិភាព​ល្អ​ប្រសើរ​ជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋបាល​គ្រប់ថ្នាក់​ក្នុង​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ចូលរួម​សហការ​ក្នុង​ការ​បង្ក​លក្ខណៈ​ល្អប្រសើរ៕