
ភ្នំពេញៈ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាកយិកាមកពីមន្ទីរពេទ្យព្រះអង្គឌួង បានផ្តល់ជូនការពិនិត្យ ពិគ្រោះ និងព្យាបាលនូវជំងឺភ្នែក ជំងឺត្រចៀកច្រមុះបំពង់ក និងជំងឺទូទៅ ដល់អ្នកជំងឺប្រមាណជាង ១០០នាក់ដែលមានជំងឺ ភ្នែក ត្រចៀក ច្រមុះ និងបំពង់ក (ENT) និងជំងឺទូទៅ នៅក្នុងសហគមន៍ ហ្គ្រីនបឺអេល។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៃការិយាល័យ កយកា ប្រចាំកម្ពុជា។
សកម្មភាពសង្គមនេះធ្វើឡើង នៅសហគមន៍ ហ្រ្គីនបឺអែល នៅខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ រៀបចំដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ជាមួយនឹងមន្ទីរពេទ្យព្រះអង្គឌួង និង សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (កាំកា-CAMKAA)។
ប្រភពបញ្ជាក់ថា៖ «សកម្មភាពសង្គមនេះ ត្រូវបានធ្វើឡើង ក្រោមកិច្ចសហការរវាងរដ្ឋបាលមូលដ្ឋានសាលារាជធានីភ្នំពេញ (PPCH) និងអង្គការក្រៅរដ្ឋាភិបាលកូរ៉េ និងសហគមន៍ ហ្គ្រីនបឺអែល»។
នៅក្នុងកម្មវិធីនោះ ក្រុមអ្នកស្ម័គ្រចិត្ត KOICA ក្រុមសុខសប្បាយ (Soksabay) និងសមាជិក CAMKAA ធ្វើសកម្មភាពរួមគ្នាដូចជាផ្តល់អំណោយមួយចំនួនការគូរគំនូរលើមុខសម្រាប់កុមារថតរូបបានភ្លាមៗលេងជាមួយពពុះសាប៊ូជួសជុលអណ្តូងស្នប់ និង គូរគំនូរលើជញ្ជាំងការប្រកួតកីឡាការលេងហ្គេមពេញនិយមការផ្តល់សម្ភារសិក្សាថង់អេកូ និង អាហារសម្រន់ និង ការផ្តល់ការអប់រំអំពីអនាម័យបរិស្ថាន និង ការផ្តល់ប្រអប់អាហារថ្ងៃត្រង់ដល់សិស្ស។

ប្រភពដែលបញ្ជាក់ថា៖«វេជ្ជបណ្ឌិត និងគិលានុបដ្ឋាកយិកាមកពីមន្ទីរពេទ្យព្រះអង្គឌួង បានផ្តល់ជូនការពិនិត្យ ពិគ្រោះ និងព្យាបាលនូវជំងឺភ្នែក ជំងឺត្រចៀក ច្រមុះ បំពង់ក និងជំងឺទូទៅ ដល់អ្នកជំងឺប្រមាណជាង ១០០នាក់ដែលមានជំងឺ ភ្នែក ត្រចៀក ច្រមុះ និងបំពង់ក (ENT) និងជំងឺទូទៅ នៅក្នុងសហគមន៍ហ្គ្រីនបឺអេលនេះ»។
ថ្លែងក្នុងឱកាសនោះ លោក នង ម៉ានិត អនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា នេះជាលើកទីមួយហើយដែលមន្ទីរពេទ្យព្រះអង្គឌួង ធ្វើការជាមួយ KOICA លើសកម្មភាពសង្គម។ លោកសម្តែងក្តីសង្ឃឹមរង់ចាំថា នឹងមានការសហការជាមួយ KOICA ជាលើកទី២ និង ទី៣ ទៀតក្នុងការធ្វើ "សកម្មភាពសង្គម" បែបនេះនាពេលអនាគត។

ចំណែកលោក នោ ហ្យន់ជូន (Rho HyunJun) ប្រធានតំណាងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានថ្លែងថា គំនិតផ្តួចផ្តើមនេះគឺជា ភាពជាដៃគូ និង កិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងការិយាល័យ កយកា មន្ទីរពេទ្យព្រះអង្គឌួង កាំកា-CAMKAA និងសហគមន៍ហ្រ្គីនបឺអែល។
លោកបន្ថែមថា៖«កយកា-KOICA នឹងបន្តគាំទ្ររដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីធ្វើឱ្យប្រទេសនេះកាន់តែមានសោភ័ណភាពនិងកន្លែងរស់នៅកាន់តែប្រសើរឡើង»៕
