លោក សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិការជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​ស្នើ​មន្រ្តី​អង្គការ​សហប្រជាជាតិ ជំរុញ​ឱ្យ​មាន​ការ​ដាក់​ពង្រាយ​កងកម្លាំង​មួកខៀវ​កម្ពុជា ចំនួន​៤៦ រូប និង​សម្ភារ គ្រឿង​បំពាក់​បន្ថែម​ទៀត ដើម្បី​ទៅ​ចូលរួម​បំពេញបេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​សាធារណរដ្ឋ ស៊ូដង់ខាងត្បូង។

ការសំណូមពរ​នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី រវាង​ប្រមុខ​កងទ័ព​មួកខៀវ​កម្ពុជា និង​លោកស្រី Amy Weesner មន្ត្រី​អង្គការ​សហប្រជាជាតិ នៅ​មជ្ឈមណ្ឌលជាតិ​រក្សា​សន្តិភាព (NPMEC ) នា​ព្រឹក​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ២០២២នេះ។

លោក សែម សុវណ្ណនី ក៏បាន​លើក​ឡើង​ដោយ​ស្នើឱ្យ​មាន​ការ​បន្ថែម​សម្ភារ គ្រឿង​បំពាក់​មួយ​ចំនួន​ទៀត សម្រាប់​បម្រើ​ឱ្យ​ការងារ​របស់​កងកម្ទេច​គ្រឿង​ផ្ទុះ (EOD ) នៅ​សាធារណរដ្ឋ​មាលី​ផងដែរ។

ដោយឡែក មធ្យោបាយ សម្ភារ គ្រឿង​បំពាក់​ស្ពាន​បណ្តែត​ទឹក និង​កងកម្លាំង​ស្ពាន​បណ្តែតទឹក ដែល​ជា​តម្រូវ​ការ​របស់​អង្គការ​សហប្រជាតិបាន​ស្នើ​មកកាន់​កម្ពុជា​នោះ បច្ចុប្បន្ន​កម្ពុជា បាន​ត្រៀម​រួច​ជាស្រេច​ហើយ ដើម្បី​ត្រៀម​ចូលរួម​បំពេញ​បេសកកម្ម​សន្តិភាព ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ​នៅ​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល នា​ពេល​ខាងមុខ។

នា​ជំនួប​ទ្វេ​ភាគី​នោះ​ដែរ លោកស្រី Amy Weesner មន្រ្តី​អង្គការ​សហប្រជាជាតិ ក៏​បាន​សម្តែង​នូវ​ការ​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូចជា កងទ័ព​កម្ពុជា ក្នុង​ការ​រួមចំណែក​ចូលរួម​បំពេញ​បេសកកម្ម​រក្សាសន្តិភាព ជូន​មនុស្សជាតិ​លើ​ពិភពលោក។

ឆ្លៀតឱកាសនោះ លោកស្រី ក៏​បាន​សម្តែង​អំណរអរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះនៃ​គម្រោង​ត្រីភាគី កម្ពុជា កូរ៉េខាងត្បូង និង​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខនេះ៕