
ពិធីបើកផ្នូរយុទ្ធជន ស្ថិតនៅភូមិសួសរ៉ាំ ឃុំឡុងយ៉ាវ ស្រុកកាំមី ខេត្តដុងណាយ ប្រទេសវៀតណាម នៅថ្ងៃទី ២៦ ខែវិច្ឆិកា។ GRK
ភ្នំពេញៈ លោក សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទៅយកអដ្ឋិធាតុយុទ្ធជនកម្ពុជា ៤៩ រូប នៅប្រទេសវៀតណាម ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ដោយបានធ្វើពិធីបើកផ្នូរយុទ្ធជនទាំងនោះនៅថ្ងៃទី ២៦ ខែវិច្ឆិកានេះ ស្ថិតនៅភូមិសួសរ៉ាំ ឃុំឡុងយ៉ាវ ស្រុកកាំមី ខេត្តដុងណាយ ប្រទេសវៀតណាម។
លោកលើកឡើងថា៖ «ទោះបីអដ្ឋិធាតុយុទ្ធជនទាំង ៤៩រូប បានធ្វើមាតុភូមិនិវត្តន៍ តែដើម្បីថែរក្សាតំបន់ប្រវត្តិសាស្ត្រ និងគុណតម្លៃមិត្តភាពវៀតណាម-កម្ពុជា តាមសំណូមពររបស់ភាគីកម្ពុជា មិត្តវៀតណាម និងបន្តរៀបចំសិលាចារឹក ដោយរក្សាទុកតំបន់នេះជាកេរដំណែលប្រវត្តិសាស្ត្រ ជាភ័ស្ភុតាង នៃសច្ចៈធម៌ប្រវត្តិសាស្ត្រសម្រាប់អ្នកសិក្សាស្រាវជ្រាវ ទេសចរណ៍ និងជាការរំឭកចងចាំអំពីមិត្តភាព កម្ពុជា-វៀតណាម»។
ថ្លែងក្នុងពិធីបើកផ្នូរយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា លោក សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា ជាង ៤៤ឆ្នាំបានកន្លងផុតទៅ យុទ្ធមិត្តចំនួន ៤៩រូប ដែលបានពលី និងមរណៈ ក្នុងកាលៈទេសៈដ៏លំបាកនោះ បានបញ្ចុះនៅទីនេះ ហើយមិត្តវៀតណាមបានប្រមូលផ្តុំរៀបចំជា បូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ដោយបានការយកចិត្តទុកដាក់ ផ្តល់ដី ផ្តល់ប័ណ្ណ ទទួលស្គាល់ពីក្រសួងវប្បធម៌ ដោយទុកតំបន់នោះជាតំបន់ប្រវត្តិសាស្ត្រ។ អាជ្ញាធរដែនដី ប្រជាជនវៀតណាម ខេត្តដុងណាយ និងកងទ័ពវៀតណាម ពិសេសយោធភូមិភាគទី៧ កងពលធំលេខ ៣០២ បានយកចិត្តទុកដាក់ថែទាំយ៉ាងល្អ។
លោកមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លើកឡើងថា ក្នុងនាមក្រុមការងារបច្ចេកទេសមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា គណៈកម្មការអន្តរក្រសួងនៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ជូនចំពោះ បក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ជាបងប្អូន ដែលបានជួយឧបត្ថម្ភ-គាំទ្រដល់ចលនាឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍។
ពិសេស និងដោយផ្ទាល់ យោធភូមិភាគទី៧ អាជ្ញាធរនិងប្រជាជនវៀតណាម ខេត្តដុងណាយ ដែលបានផ្តល់នូវការគាំទ្រ ជួយឧបត្ថម្ភ ចែករំលែក ក្នុងស្ថានភាពដែលមិត្តទើបរំដោះប្រទេស ឯកភាពជាតិ និងទឹកដី ដល់ការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា តាមសំណូមពររបស់សមមិត្ត ហ៊ុន សែន បច្ចុប្បន្ន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកថ្លែងថា៖«កងទ័ព និងជំនាញការវៀតណាមរាប់សែននាក់ បានពលី ពិការ នៅពេញផ្ទៃប្រទេសកម្ពុជា មួយចំនួនស្ថិតក្នុងការរុករកអដ្ឋិធាតុយុទ្ធជនទាំងនោះ ដើម្បីធ្វើមាតុភូមិនិវត្តន៍ មកប្រទេសវៀតណាមវិញនៅឡើយ»៕