ភ្នំពេញៈ ប្រមុខ​ការពារ​ជាតិ​ លោក​ ទៀ បាញ់ ​លើកឡើង​ថា ​កិច្ចសហ​ប្រតិបត្តិការ​ រវាង​កងទ័ព​នៃ​ប្រទេស​កម្ពុជា​ និង​សាធារ​ណរដ្ឋ​កូរ៉េ ​នៅតែ​បង្កើន​ទំនាក់​ទំនង​បាន​យ៉ាង​ល្អប្រសើរ ​ដោយ​ការយោគ​យល់​គ្នាទៅ​វិញ​ទៅមក ​ខណៈ​កម្ពុជា​ ក៏​ស្នើ​​ឱ្យ​កូរ៉េ​បង្កើន​ចំនួន​អាហារូបករណ៍​បន្ថែម​ទៀត។

ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ ​លោក ​ទៀ បាញ់ ​ថ្លែង​ដូចនេះ ​ក្នុង​ជំនួប​ជាមួយ​លោក ​លី ​ជុងស៊ុប​  រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សាធារណរដ្ឋ​កូរ៉េ ​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​ លើក​ទី ៩​ នៅ​ខេត្តសៀមរាប ​នា​សប្តាហ៍​មុន។

ក្នុង​ជំនួប​នោះ ​លោក ​លី ជុងស៊ុប ​បានថ្លែង​អំណរគុណ​ដល់​លោក​ ទៀ បាញ់​ ដែលបាន​រៀបចំ​ទទួល​គណៈ​ប្រតិភូ​ក្រសួង​ការពារជាតិ​កូរ៉េ ​និង​បាន​កោត​សរសើរ​ចំពោះ​ជោគ​ជ័យ ​និង​សមិទ្ធផល​សម្រេចបាន​ ដែល​ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី​ទៀ ​បាញ់ ​សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សាធារណរដ្ឋ​កូរ៉េ ​ក៏​បង្ហាញ​ក្តីសង្ឃឹម​ផងដែរ​ថា ​កម្ពុជា​នឹង​បន្ត​តួនាទី​សំខាន់ៗ​បន្ថែម​ទៀត​ក្នុង​ការអភិវឌ្ឍ​សហគមន៍​អាស៊ាន។

លោក​ លី ​ជុងស៊ុប ​ថ្លែងថា​៖ «កិច្ច​សហប្រតិបត្តិការ​ រវាង​សាធារណរដ្ឋ​កូរ៉េ ​និង​កម្ពុជា​ នឹង​ក្លាយ​ទៅ​ជា​សសរស្ដម្ភ​១​ ដ៏​សំខាន់ ​ដើម្បី​ជំរុញ​បង្កើន​សមត្ថភាព​នៃ​កិច្ច​សហប្រតិការបត្តិ​រក្សា​សន្តិភាព ​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជា​ជាតិ​​នៅ​ពេល​ខាង​មុខ»។

ក្នុង​ក្របខ័ណ្ឌកិ​ច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​ សាធារណ​រដ្ឋកូរ៉េ​ បាន​ចូល​រួម​យ៉ាងសកម្ម​ក្នុង​កិច្ចសហប្រតិ​បត្តិការ​ក្នុង​ក្រុម​ការងារ​ជំនាញ ​ដូចជា​ក្នុង​វិស័យ​ប្រតិបត្តិការ​រក្សា​សន្តិភាព​ វិស័យ​សន្តិសុខ​សមុទ្រ​ វិស័យ​សន្តិសុខ​ព័ត៌មាន​វិទ្យា​ ក្នុង​នោះ​បានចូលរួម​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ថែម​ទៀត។​ លោក​លី ជុងស៊ុប ​បាន​បន្ថែម។

ដើម្បី​ជំរុញឱ្យ​កិច្ចសហការ​នេះ​កាន់​តែ​ឈាន​ទៅ​មុខ​បន្ថែម​ទៀត ​លោក​ លី ​ជុងស៊ុប ​ក៏​បានស្នើ​កម្ពុជា​ឱ្យ​ជួយ​សម្រប​សម្រួល​ធ្វើ​យ៉ាង​ណា​ អាច​មាន​កិច្ចប្រជុំ​ក្រៅ​ផ្លូវ​ការរដ្ឋមន្ត្រី​ការពារជាតិ​សាធារណរដ្ឋ​កូរ៉េ ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ នៅ​ពេល​ខាង​មុខ​ផង​ដែរ។​​​

ជាមួយ​គ្នានោះ ​លោក​ប្រមុខ​ការពារ​ជាតិ​កម្ពុជា ​ថ្លែង​ដែរថា​ កិច្ចសហ​ប្រតិបត្តិការ ​រវាង​ប្រទេស​ទាំង​ ២ ​កម្ពុជា ​និង​សាធារណ​រដ្ឋកូរ៉េ ​បានរីក​ចម្រើន​បន្ថែម​ទៀត ​ក្រោយ​ពី​ជំងឺ​រាតត្បាត​កូវីដ ១៩ ​បាន​ថយ​ចុះ។​ កិច្ចសហ​ប្រតិ​បត្តិការ​រវាង​កងទ័ព​ទាំង ២​ នៅ​តែ​បង្កើន​ទំនាក់​ទំនង​បាន​យ៉ាង​ល្អប្រសើរ ​ជាមួយ​នឹងការយោគ​យល់​គ្នាទៅ​វិញ​ទៅ​មក។​

លោក​ ទៀ បាញ់ ​បញ្ជាក់ថា​៖ «ថ្វីដ្បិត​តែ​ក្រសួង​ការពារជាតិ​កម្ពុជា​ និង​សាធារណរដ្ឋ​កូរ៉េ ​មិនបាន​ទៅ​បំពេញ​ទស្សន​កិច្ច​ដោយ​ផ្ទាល់​យ៉ាង​ណា​ក៏​ដោយ​ ក៏​យើង​នៅតែ​បន្ត​ទំនាក់​ទំនង ​និង​ជួប​សន្ទនា​គ្នា ​តាម​បញ្តាញ​សង្គម​ផ្សេងៗ​ ដើម្បី​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​ ឱ្យបាន​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត»។​

នា​ឱកាស​នោះ ​លោក ​ទៀ បាញ់ ​បានថ្លែង​អំណរគុណ​ដល់​ក្រសួង​ការពារជាតិ​កូរ៉េ ​ដែលបាន​ផ្ដល់​អាហារូបករណ៍​ ជួយ​បណ្ដុះ​បណ្ដាល​មន្ត្រី​កងយោធពល​ខេមរភូមិន្ទ ​ជាបន្ត​បន្ទាប់ ​មាន​រយៈ​ពេល​វែង ​និង​រយៈពេល​ខ្លី ​ដែលមក​ដល់​ពេល​នេះ ​មាន​នាយ​ទាហាន ​នៃ​កងយោធពល​ខេមរភូមិន្ទ ​ចំនួន​ ៥៧ នាក់ ​បានទៅ​សិក្សា​នៅ​ប្រទេស​កូរ៉េ។

តាមរយៈ​ជំនួប​នោះ ​លោក​ប្រមុខ​ការពារ​ជាតិ​កម្ពុជា ​បានស្នើ​ដល់​ប្រមុខ​ការពារជាតិ​កូរ៉េ ​ឱ្យ​ជួយ​ជំរុញ​បង្កើន​ចំនួន​អាហារូបករណ៍​ដល់​កម្ពុជា​បន្ថែម​ទៀត ​នា​ឆ្នាំ​បន្ត​បន្ទាប់​។ ដោយឡែក ​នៅ​ឆ្នាំ ២០២៣ ​ខាងមុខ​ ភាគី​កម្ពុជា ​នឹង​អញ្ជើញ​នាយ​ទាហាន​សាធារណរដ្ឋ​កូរ៉េ​ចំនួន​២រូប ​មក​សិក្សា​ភាសា​ខ្មែរ​នៅ​កម្ពុជា​ផង​ដែរ។ 

បន្ទាប់​ពី​ជំនួប​ពិភាក្សា​ការងារ​រួច​នាពេល​នោះ ​លោក ​ទៀ បាញ់ ​និង​លោក​ លី ជុងស៊ុប ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ ស្តីពី​កិច្ចសហ​ប្រតិបត្តិការ​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​ រវាង​ប្រទេស​កម្ពុជា ​និង​សាធារណ​រដ្ឋ​កូរ៉េ ​និង​ការផ្ទេរ​ប្រគល់​សម្ភារ ​គ្រឿងចក្រ​ ក្រោម​គម្រោង​ត្រី​ភាគី​អង្គការ​សហប្រជា​ជាតិ៕