
មហាសន្និបាតរបស់ (ស.ស.យ.ក) នៅថ្ងៃទី ២៦-២៧ វិច្ឆិកា ឆ្នាំ ២០២២ ។ រូបថត ស.ស.យ.ក
ភ្នំពេញៈគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានសម្រេចជ្រើសតាំងលោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកធ្វើជាប្រធានកិត្តិយសរបស់ខ្លួននិងកែប្រែសមាសភាពនិងលក្ខន្តិកៈមួយចំនួនព្រមទាំងកំណត់យុទ្ធសាស្ត្រផែនការពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨ តាមរយៈមហាសន្និបាតវិសាមញ្ញរបស់ខ្លួន។
កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ស.ស.យ.ក. បានរៀបចំមហាសន្និបាតវិសាមញ្ញរបស់ខ្លួនដោយរបៀបវារៈផ្ដោតលើកិច្ចពិភាក្សាពីសកម្មភាពនិងការងារសម្រេចបានកន្លងមក ព្រមទាំងពិនិត្យនិងអនុម័តលើវិសោធនកម្មលក្ខន្ដិកៈនិងបទបញ្ជាផ្ទៃក្នុងមួយចំនួន ដើម្បីតម្រង់ទិសដៅការងារដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ជាប្រធានសហភាពសហព័ទ្ធយុវជនកម្ពុជាផ្ទាល់។
ក្នុងមហាសន្និបាតនេះ គណៈកម្មាធិការកណ្តាលរបស់ ស.ស.យ.ក. បានបោះឆ្នោតជ្រើសតាំង លោក ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស និងលោកទៀ សីហា អភិបាលខេត្តសៀមរាបជាអនុប្រធាននៃ ស.ស.យ.ក. ព្រមទាំងបន្ថែមសមាជិក គណៈអចិន្ត្រៃយ៍ចំនួន ៩ រូប រួមជាមួយសមាជិក សមាជិកាគណៈកម្មាធិការកណ្តាលថ្មីបន្ថែមចំនួន ២០៣ រូប។
នាឱកាសបើកមហាសន្និបាតនេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានឱ្យដឹងថា ស.ស.យ.ក. បានក្លាយជាវេទិកាទូលំទូលាយ និងជាឆត្ររួមដែលអនុញ្ញាតឱ្យគ្រប់កោសិកានៃសង្គមកម្ពុជាបានចូលរួមក្នុងការជំរុញចក្ខុវិស័យរួមរបស់កម្ពុជាដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ដោយបានក្លាយជាអង្គការចាត់តាំងយុវជនមួយដ៏ធំជាងគេនៅក្នុងប្រទេស។
លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា៖ «ស.ស.យ.ក. បានសម្រេចឈានមុខក្នុងកិច្ចការប្រមូលផ្តុំកម្លាំងយុវជនឱ្យក្លាយជាកម្លាំងសាមគ្គីជាតិ ក្នុងការងារកសាងសុខសន្តិភាព ប្រជាធិបតេយ្យ ដើម្បីបន្តដំណើរឆ្ពោះទៅកាន់សង្គមទំនើបមួយ រស់រវើក មានសុវត្ថិភាព បរិស្ថាន រស់នៅល្អប្រសើរ មានវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យក្នុងសេចក្តីប៉ងប្រាថ្នា ក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០ »។
តាមរយៈសេចក្តីប្រកាសរបស់ ស.ស.យ.ក. ជុំវិញអង្គសន្និបាតនេះ បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃសកម្មភាពរបស់ខ្លួនក្រោយបញ្ចប់កិច្ចពិភាក្សា ដោយមានការសង្ខេបរបាយការណ៍ពីសំណាក់លោក ឌី វិជ្ជា ជាអនុប្រធាន ស.ស.យ.ក. និងជាប្រធានអនុគណៈកម្មការដឹកនាំវិសោធនកម្មលក្ខន្តិកៈ។
លោកឌី វិជ្ជា បានថ្លែងថា អង្គមហាសន្និបាតវិសាមញ្ញ ស.ស.យ.ក. បានអនុម័តវិសោធនកម្មលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង របស់ខ្លួនដើម្បីឱ្យស្របតាមការវិវឌ្ឍជាក់ស្តែងរបស់សង្គម និងស្របតាមតួនាទីភារកិច្ចរបស់ ស.ស.យ.ក. សំដៅធានាប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការជំរុញបេសកកម្ម និងលើកស្ទួយបុព្វហេតុ ស.ស.យ.ក.។
គួររំឭកដែរថា ស.ស.យ.ក. គឺជារណសិរ្សទូលំទូលាយរបស់យុវជនកម្ពុជាដែលបន្តសកម្មភាពពីសមាគមយុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានកកើតឡើងកាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលត្រូវបានប្ដូឈ្មោះពីសមាគមយុវជនកម្ពុជាមក សហភាពសហព័ន្ធយុវជនកម្ពុជាវិញក្នុងមហាសន្និបាតលើកទី៣ពីថ្ងៃទី ២-៣ វិច្ឆិកាឆ្នាំ ២០១២ ។
រណសិរ្សយុវជនមួយនេះបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំយុវជនគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេសក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) បានលើកឡើងថា (ស.ស.យ.ក.) ដែលជាស្ថាប័ន ដើម្បីបញ្ជ្រាបឥទ្ធិពលដល់យុវជនកម្ពុជាដោយផ្ទាល់ និងដោយប្រយោលនេះ គួរតែដើរតួនាទីស្នូល ដើម្បីយុវជនកម្ពុជា ហើយសមាសភាពថ្នាក់ដឹកនាំ គួរតែជ្រើសរើសចេញពីបណ្តាយុវជនដែលមានវ័យក្រោម៣៥ឆ្នាំ ជាជាងយកក្រុមមនុស្សវ័យចំណាស់ដើម្បីដឹកនាំ ។
ក្នុងនាមជាអ្នកបម្រើការងារក្នុងវិស័យលើកស្ទួយយុវជនដែរនោះ លោក ហេង គឹមហុង បានអំពាវនាវថា៖ «ស.ស.យ.ក. គួរតែមានឯករាជភាពជាងនេះបន្ថែមទៀតសម្រាប់ការបំពេញកិច្ចការងាររបស់ខ្លួនដោយធានាខ្លួនបានបណ្តុះបណ្តាលយុវជនក្នុងការចូលរូមកិច្ចការអភិវឌ្ឍន៍ជាតិពិតប្រាកដ មិនមែន..សម្រាប់គណបក្សនយោបាយណាមួយទេ»។
លោកបញ្ជាក់ថា៖ «គួរតែផ្តល់ឱកាសឱ្យយុវជនដើរតួនាទីស្នូល មិនមែនយកយុវចាស់មកដឹកនាំនោះទេ ដើម្បីសក្ដិសមដើម្បីពង្រឹងយុវជនពិតប្រាកដ»។
លោក ហេង គឹមហុង បានបន្តថា លោកចង់ឃើញ ស.ស.យ.ក. នាពេលខាងមុខមានឯករាជ្យផ្ទាល់ខ្លួន ផ្តល់ឱកាសដល់យុវជនកម្ពុជាដោយមិនមាននិន្នាការរើសអើងនិងមិនចំណុះដល់គណបក្សនយោបាយ ដើម្បីពង្រឹងតួនាទីនិងសក្តានុពលភាពយុវជនក្នុងការចូលរួមចំណែកកសាងសង្គមជាតិ។
សូមរំឭកថា នៅថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ស.ស.យ.ក. បានរៀបចំមហាសន្និបាតវិសាមញ្ញរបស់ខ្លួន ក្នុងគោលដៅសំខាន់ៗ ៤ គឺ ការបូកសរុបសកម្មភាព និងសមិទ្ធផលការងារចន្លោះមហាសន្និបាតលើកទី ៤ រហូតដល់បច្ចុប្បន្ន, ពិនិត្យ និងអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង,បោះឆ្នោតបំពេញបន្ថែមសមាសភាពសមាជិកគណៈកម្មាធិការកណ្តាល និងពិនិត្យ និងអនុម័តផែនការយុទ្ធសាស្ត្រ យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨ ៕