ភ្នំពេញៈ ​មន្ត្រីនគរបាល​ចរាច​រណ៍​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ នឹង​ចាប់ផ្ដើម​ផាកពិន័យ​ចំពោះ​អ្នកបើកបរ​ល្មើសច្បាប់​ចាប់ពី​ថ្ងៃទី ​១ ខែធ្នូ ឆ្នាំ​ ២០២២​ តទៅ ខណៈ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជូន អះអាងថា ការ​រឹតបន្តឹង​ច្បាប់​ចំពោះ​អ្នកបើកបរ​លើផ្លូវ​នេះ គឺ​ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នកធ្វើដំណើ​រ​ក្នុងពេល​បច្ចុប្បន្ន​ដែលមាន​ចន្លោះ​ពី​ ៧ ០០០ ​ទៅ​ជាង ​១​ ម៉ឺន​គ្រឿងក្នុង​ ១ ​ថ្ងៃៗ​។​

ក្រោយពី​ប្រកាស​អនុវត្ត​ច្បាប់​លើផ្លូវ​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​ណែនាំ​ជាថ្មីទៀត​អំពី​លក្ខខណ្ឌ​ដែល​ត្រូវ​យល់ដឹង​ជុំវិញ​ការកំណត់​ល្បឿន​បើកបរ នៅលើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដោយ​ល្បឿន​ទាប​បំផុត (​អប្បបរមា​) និង​លឿន​បំផុត ​(​អតិបរមា​) ពី ៦០ ​ដល់​ ១២០ គីឡូម៉ែត្រ​ក្នុង ​១​ ម៉ោង សម្រាប់​រថយន្ត​គ្រួសារ​/​ធុន​ស្រាល​។

​ចំណែក​ល្បឿន ​៦០ ដល់​ ១០០ គីឡូម៉ែត្រ​ក្នុង​១​ម៉ោង គឺ​សម្រាប់​រថយន្ត​ធុន​ធ្ងន់​មិនមាន​សណ្តោង​សឺ​មី​រ៉ឺម៉ក ឬ​ម៉ូតូ​ ៥០០cc/២៧kW ​ឡើងទៅ ខណៈ​ល្បឿន ៦០ ដល់ ​៨០ គីឡូម៉ែត្រ​ក្នុង​១​ម៉ោង សម្រាប់​រថយន្ត​សណ្តោង​សឺ​មី​រ៉ឺម៉ក ឬ​សណ្តោង​យាន​ដំណើរ​កម្សាន្ត​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួង​នៅ​ថ្ងៃទី​ ២៧ វិច្ឆិកា​។​

ក្រសួង​ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា​៖ «​ក្នុងករណី​មាន​ស្លាកសញ្ញា​កំណត់​ល្បឿន​អតិបរមា អ្នកបើកបរ​ត្រូវអនុវត្ត​តាម​ជា​កំហិត ជំនួស​ឱ្យ​គោលការណ៍​ខាងលើ​។ ករណី​ផ្លូវ​កោង ច្រកចូល​ចំហៀង​ទៅ​ផ្លូវ​ល្បឿន​លឿន អ្នកបើកបរ​ត្រូវបាន​កំណត់ឱ្យ​បើកបរ​ត្រឹមតែ ៤០ គីឡូម៉ែត្រ​ក្នុង ​១​ ម៉ោង​ប៉ុណ្ណោះ រួច​ទើបត្រូវ​បង្កើនល្បឿន​ដល់ ៦០ គីឡូម៉ែត្រ​ក្នុង​ ១​ ម៉ោង​។ ដោយឡែក​កន្លែង​ដែល​ចាំបាច់​ត្រូវ​បន្ថយល្បឿន ក៏ត្រូវ​បានដាក់​នូវ​គំនូស​រំ​ញ័រ ​(Rumble Stripes) ដើម្បី​ដាស់តឿន​ដល់​អ្នកបើកបរ​ផងដែ​រ​»​។​

លោក គង់ វិមាន អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៧ វិច្ឆិកា​ថា ការចាប់ផ្តើម​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅលើ​ផ្លូវ​នេះ គឺ​សមត្ថកិច្ច​របស់​មន្ត្រីនគរបាល​ចរាចរណ៍ ដែល​ត្រូវធ្វើ​ការត្រួតពិនិត្យ និង​អនុវត្ត​ច្បាប់​ឱ្យស្រប​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​ដែលមាន​ចែង​។ លោក អះអាងថា ចំពោះ​ការចាត់វិធានការ​រឹតបន្តឹង​នៅលើ​ផ្លូវ​ល្បឿន​លឿន ក៏​ព្រោះតែ​ដើម្បី​ការពារ​ផលប្រយោជន៍​ដល់​អ្នកធ្វើដំណើរ ដែលមាន​ជា​មធ្យម​ចន្លោះ​ពី​ ៧ ០០០ គ្រឿងក្នុង​ ១ ថ្ងៃ នា​ថ្ងៃ​ធម្មតា​ដល់​ជាង ១ ​ម៉ឺន​គ្រឿងក្នុង​ថ្ងៃ​ចុង​សប្តាហ៍​។​

លោក បាន​បញ្ជាក់ថា​៖ «​សម្រាប់​អនុវត្ត​នៅ​ដើមខែ​១២ នេះ គឺ​យើង​ធ្វើ​ដើម្បី​គោរព​តាមផ្លូវ​ច្បាប់ ដែល​មិនមាន​អ្វី​ខុស​នោះទេ​។ ដោយឡែក​ចំពោះ​មតិ​មហាជន​មួយចំនួន​ដែល​តែងតែមាន​ការលើកឡើង​ថា ផ្លូវ​ល្បឿន​លឿន​ហើយ ហេតុអ្វី​បាន​ត្រូវ​ចាប់​ល្បឿន ព្រោះ​ក្នុង​លក្ខខណ្ឌ​ច្បាប់ គឺ​យើង​មានការ​កំណត់​ល្បឿន​ខ្ពស់បំផុត និង​ទាប​បំផុត​។ ដូច្នេះ​ការបើក​ល្មើសច្បាប់ គឺ​ដឹង​តែមាន​ការពិន័យ​តាមច្បាប់​ហើយ​។ យើង​ធ្វើ​នេះ គឺ​ដើម្បី​ពង្រឹងគុណភាព​ច្បាប់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​»​។​

ជាមួយគ្នានេះ លោក គង់ វិមាន ក៏បាន​ឱ្យដឹង​ដែរ​ថា ក្នុង​ពេលនេះ​មន្ត្រី​ជំនាញ​របស់​ក្រសួង ក៏​កំពុង​បន្ត​សហការ​ជាមួយ​ក្រុមបច្ចេកទេសរ​បស់​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន ដើម្បី​ស្វែងរក​ដំណោះស្រាយ​កាន់តែ​សម្បូរបែប និង​ងាយស្រួល​បន្ថែមទៀត ជាពិសេស​ធ្វើយ៉ាងណា​ឱ្យ​អ្នកធ្វើដំណើរ​តាមផ្លូវ​ល្បឿន​លឿន​របស់​កម្ពុជា​ទទួលបាន​សុវត្ថិភាព និង​ឆាប់រហ័ស ដោយ​មិនមាន​ភាព​ស្មុ​គ​ស្មាញ​។​

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី បាន​ថ្លែងថា ការបើក​ឱ្យប្រើ​ប្រាស់​ផ្លូវ​ល្បឿន​លឿន ក៏​ជា​ពេលវេលា ដែល​ត្រូវធ្វើ​ការផ្សព្វផ្សាយ អប់រំ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឈានទៅរក​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ឱ្យបាន​ឆាប់រហ័ស​ផងដែរ​។ លោក យល់ថា មានតែ​ការអនុវត្ត​ច្បាប់ និង​គោរព​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ​តែប៉ុណ្ណោះ ទើប​អាច​ចូលរួម​ទប់ស្កាត់​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស ខណៈ​ផ្លូវ​ល្បឿន​លឿន គឺ​ប្រឈម​នឹង​ហានិភ័យ​ខ្លាំង ព្រោះតែ​អ្នកបើកបរ​ត្រូវ​បើក​ក្នុង​ល្បឿន​មួយ​ដែល​លឿន​។​

លោក​បាន​បញ្ជាក់ថា​៖ «​គួរតែ​អនុវត្ត​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ការពារ​សុវត្ថិភាព​របស់​អ្នកបើកបរ ព្រោះ​ឃើញ​ស្ថានភាព​ហាក់បីដូចជា​គ្រោះថ្នាក់​ណាស់​។ មាន​រូបភាព​ខ្លះ​ថត​ដាក់​ហ្វេ​ស​ប៊ុ​ក តិកតុក បើក​ក្នុង​ល្បឿន​១ ដ៏​លឿន​មែនទែន ហើយ​សុទ្ធតែ​លេខ​ហុងស៊ុយ​ទៀត​ ១៦៨ អី ហើយ​ខ្លះ​លើស​ហ្នឹង​ទៀត ដែល​គេ​អនុញ្ញាត​ត្រឹម ​១២០ គីឡូ​ក្នុង ១​ ម៉ោង​ហ្នឹង​»​។​

កាលពី​ថ្ងៃទី២៧ ខែតុលា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើងថា ផ្លូវ​ល្បឿន​លឿន​មាន​ដាក់ពង្រាយ​កាមេរ៉ា​សុវត្ថិភាព​ប្រមាណ​២០០ គ្រឿង និង​មាន​មន្ត្រីនគរបាល​ចរាចរ​ណ៍​ប្រចាំការ​២៤ ម៉ោង​លើ​ ២៤ ម៉ោង​ចំនួន​ ១៨ រូប ដើម្បី​ចាំ​ពិនិត្យ ឃ្លាំមើល តាម​កាមេរ៉ា​សុវត្ថិភាព និង​ចុះទៅ​អន្តរាគមន៍​ភ្លាម​។​

​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ បាន​បើក​ដំណើរការ​ដោយ​គិតថ្លៃ​សេវា​ធ្វើដំណើរ​ចាប់​ថ្ងៃទី​១ ខែវិច្ឆិកា ដោយ​ក្នុងនោះ​ក្រុមហ៊ុន​បាន​បញ្ចុះតម្លៃ​ ២០ ភាគរយ​លើ​ការធ្វើដំណើរ​លើផ្លូវ​នេះ​រយៈពេល​ ១ ឆ្នាំ និង​ត្រូវ​ចំណាយ​ចន្លោះ​ពី ​១២

ដុល្លារ ទៅដល់​ ៦០ ដុល្លារ តាម​ប្រភេទ​រថយន្ត​លើផ្លូវ​ប្រវែង​ ១៨៧,០៥ គីឡូម៉ែត្រ បន្ទាប់ពី​ផ្លូវ​នេះ បាន​បើក​ឱ្យប្រើ​ប្រាស់​សាកល្បង​ដោយ​មិន​គិត​តម្លៃ​សេវា​រយៈពេល​ ១ ​ខែ កាលពី​តុលា​៕

វីដេអូ៖