
អ្នកចូលរួមក្នុងពិធីប្រគល់-ទទួលសម្ភារបរិក្ខារពេទ្យ នៅខេត្តព្រះវិហារកាលពីថ្ងៃទី ២៤ វិច្ឆិកា។ រូបថត រដ្ឋបាលខេត្តព្រះវិហារ
ព្រះវិហារៈមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលបានអំពាវនាវទៅដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវគោរពតាមក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ដើម្បីជួយព្យាបាលជំងឺ និងជួយសង្រ្គោះជីវិតអ្នកជំងឺ និងរក្សាឱ្យបាននូវសុខុមាលភាពសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ។
នេះជាការថ្លែងរបស់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពេលលោកស្រី ចូលរួមប្រគល់ និងទទួលសម្ភារបរិក្ខារពេទ្យ ដែលជាជំនួយឧបត្ថម្ភរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យូងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ កាលពីសប្តាហ៍មុន នាខេត្តព្រះវិហារ។
លោកស្រីក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីសុខាភិបាលដែលបានចូលរួមយ៉ាងសកម្ម ក្នុងការគ្រប់គ្រងបានយ៉ាងល្អ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ។
លោកស្រី ម៉ែន សំអន បានលើកទឹកចិត្ដដល់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ថា ៖ «សូមបន្តសកម្មភាពព្យាបាលឱ្យបានត្រឹមត្រូវ ស្របតាមនិយាមសមត្ថភាពបច្ចេកទេស ស្តង់ដាគុណភាព និងត្រូវគោរពតាមក្រមសីលធម៌វិជ្ជាជីវៈពេទ្យឱ្យបានខ្ពស់ ដើម្បីជួយព្យាបាលជំងឺ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ»។
ជាមួយគ្នានេះ លោកស្រីបានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីសុខាភិបាលនៅខេត្តព្រះវិហារ ដែលជាខេត្តឆ្ងាយជាប់ព្រំដែនជាមួយប្រទេសថៃ ប្រទេសឡាវ បានធ្វើកិច្ចការយ៉ាងច្រើនទាក់ទងនឹងការព្យាបាល និងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ។
លោកស្រី ម៉ែន សំអន បានថ្លែងថា ៖ «សម្តេចតេជោ ហ៊ុន សែន គឺតែងបានគិតគូរយកចិត្តទុកដាក់មែនទែន និងផ្តល់អាទិភាពមុនគេ គឺវិស័យសុខាភិបាលនិងវិស័យអប់រំ»។
ជាមួយគ្នានោះ លោកស្រីក៏បានជំរុញដល់ថ្នាក់ដឹកនាំសុខាភិបាលខេត្ត ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការផ្តល់វ៉ាក់សាំងនានា ដើម្បីឱ្យកូនចៅប្រជាពលរដ្ឋដែលបានប្រសូត្រមក ឱ្យមានកាយសម្បទាគ្រប់គ្រាន់មាំមួន និងបញ្ញាស្មារតីល្អផងដែរ។
«ការកង្វះអាហារូបត្ថម្ភជាបន្ទុករបស់យើងទាំងអស់គ្នា តែយើងត្រូវតែមានការផ្តល់ជួយផ្សព្វផ្សាយដល់សមភាពគ្រប់ទាំងអស់ ហើយការងារនេះមិនមែនធ្វើតែមន្ត្រីសុខាភិបាលតែម្នាក់ឯងនោះទេ គឺទាំងអស់គ្នា រាប់ទាំងមិត្តភក្តិបរទេសផងដែរ»។ លោកស្រី ម៉ែន សំអន បានបន្ថែម។
សូមបញ្ជាក់ផងដែរថា សម្ភារបរិក្ខារដែលប្រគល់ ទទួលនាឱកាសនោះរួមមាន ម៉ាស៊ីនពិនិត្យភ្នែក១ឈុត ម៉ាស៊ីនផលិតអុកស៊ីសែន៤គ្រឿង អាវពេទ្យ ៤កេស ម៉ាស វែនតា ឧបករណ៍វ៉ាស់កំដៅ និងសម្ភារសង្គ្រោះបន្ទាន់ជាច្រើន។
ទាក់ទងនឹងការការពារសុខភាពនេះផងដែរ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ក៏បានរំឭកដល់ប្រជាពលរដ្ឋឱ្យបន្តអនុវត្តនូវវិធានការការពារពីជំងឺឆ្លងផ្សេងៗ ជាពិសេសការចម្លងវីរុសកូវីដ ១៩ ឱ្យបានខ្ជាប់ខ្ជួន និងត្រូវទៅទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ ឱ្យបានគ្រប់ដូស។
នាទិវានៃការគ្របដណ្តប់សុខភាពជាសកល ឆ្នាំ ២០២២ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបន្តជំរុញ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តវិធានការការពារការចម្លងវីរុសកូវីដ ១៩ ឱ្យបានខ្ជាប់ខ្ជួន រួមគ្នាពង្រឹងភាពស៊ាំសហគមន៍ ឱ្យបានរឹងមាំតាមរយៈការចាក់វ៉ាក់សាំងកូវីដ ១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញ។
លោកស្រីបានបញ្ជាក់ថា ៖ «ការចាក់វ៉ាក់សាំងកូវីដ ១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដែលមានទាំងដូសទី ៣ ដូសទី ៤ និងដូសទី ៥ ឱ្យបានគ្រប់ៗគ្នា ដើម្បីសម្រេចបាននិរន្តរភាពនៃការរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី។ ការធ្វើដូច្នេះគឺក្នុងគោលបំណងចូលរួមចំណែកអនុវត្តស្របតាមពាក្យស្លោកថា រួមគ្នា យើងអាចបញ្ឈប់ការចម្លងវីរុសកូវីដ ១៩ និងទទួលបានភាពរីករាយនាពេលអនាគត»៕