The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កញ្ញា​ ឈឹម ស៊ីថរ ​ប្រធាន​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ត្រូវបាន​ឃុំខ្លួន ​ក្រោយ​ត្រឡប់​ពី​អូស្ត្រាលី​

កញ្ញា​ ឈឹម ស៊ីថរ ​ប្រធាន​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ត្រូវបាន​ឃុំខ្លួន ​ក្រោយ​ត្រឡប់​ពី​អូស្ត្រាលី​

Content image - Phnom Penh Post
កញ្ញា ឈឹម ស៊ីថរ ដែលត្រូវបានតុលាការសម្រេចឃ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ពីបទល្មើសនឹងបម្រាមនៃការត្រួតពិនិត្យតាមផ្លូវតុលាការ។ រូបថត ប៉ូលិស

កញ្ញា​ ឈឹម ស៊ីថរ ​ប្រធាន​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ត្រូវបាន​ឃុំខ្លួន ​ក្រោយ​ត្រឡប់​ពី​អូស្ត្រាលី​

ភ្នំពេញៈ ​ប្រធាន​សហជីព​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ កញ្ញា​ ឈឹម ​ស៊ីថរ ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ២៦ ​វិច្ឆិកា ​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​និង​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី ​២​ ក្រោយពី​ត្រឡប់​ពី​ប្រទេស​អូស្ត្រាលី​វិញ ​បន្ទាប់ពី​បានធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​អស់​រយៈពេល ​១២​ ថ្ងៃ​។​

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ​លោក អ៊ឹម ​វណ្ណៈ ​បានសម្រេច​ចាប់ ​និង​ឃុំខ្លួន ​កញ្ញា​ ឈឹម ស៊ីថរ ​អាយុ​៣៤​ឆ្នាំ ​នា​ថ្ងៃទី​ ២៦​ ខែវិច្ឆិកា ​ឆ្នាំ​ ២០២២ ​ដែល​បាន​ល្មើស​នឹង​បម្រាម​នៃ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ដោយបាន​លួច​ចាក​ចេញពី​ប្រទេស​កម្ពុជា ​កាលពី​ថ្ងៃទី ​១៥ ​ខែវិច្ឆិកា​។ នេះ​បើ​យោងតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ​កញ្ញា ​ឈឹម ស៊ីថរ​។

លោក​ អំ សំអាត ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​លីកាដូ ​បាន​ប្រាប់ថា ​កញ្ញា​ ឈឹម ស៊ីថរ ​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​ ២ ​(ព្រៃ​ស) ​ដោយ​មូលហេតុ ​កញ្ញា​បាន​ល្មើស​បម្រាម​ដែល​តុលាការ​ដាក់​ស្ថិតក្រោម​ការត្រួត​ពិនិត្យ ​ហាម​ចាកចេញ​ក្រៅពី​ប្រទេស​កម្ពុជា​។ លោក​ថា ​ក្រោយពេល​ការដោះលែង​នៅ​ខែមករា​ ឆ្នាំ​ ២០២២ ​ទាំង​កញ្ញា​ ឈឹម ស៊ីថរ​ និង​មេធាវី​កញ្ញា​ មិន​ត្រូវបាន​ជូនដំណឹង​ពី​ការដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ឬ​លក្ខខណ្ឌ​សាកល្បង ​ដូច​ជាការ​រឹតត្បិត​លើ​ការធ្វើដំណើរ​នោះ​ទេ។​

លើស​ពីនេះ​ទៀត​នៅ​ថ្ងៃចន្ទ ​មេធាវី​របស់​អង្គការ ​លីកាដូ ​និង​ជា​មេធាវី​ការពា​រសិទ្ធិ​ឱ្យ​កញ្ញា ​ឈឹម ស៊ីថរ ​គ្រោង​នឹង​ជួប​កញ្ញា ​នៅ​ពន្ធនាគារ ​ដើម្បី​ការពារ​សិទ្ធិ​ឱ្យ​កញ្ញា ឈឹម ​ស៊ីថរ ​តាម​នីតិវិធី​នៅ​តុលាការ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ​អំ សំអាត​។​

លោក​សំអាត​ប្រាប់ថា​៖ «ករណី​ចាប់ខ្លួន​កញ្ញា​ ឈឹម ​ស៊ីថរ ​ឡើងវិញ​នេះ​ជា​ករណី​គំរាម​កំហែង ​និង​បំភិតបំភ័យ​លើ​មេដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​ណាហ្គា​វើលដ៍​បន្ថែមទៀត ​ពិសេស​ជាការ​គំរាមកំហែង​ដល់​បុគ្គលិក ​និង​អតីត​បុគ្គលិក​ណាហ្គា​វើល​ដ៏​ដែល​កំពុង​បន្តធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ និង​កូដករ»។

លោក​បន្ថែមថា ​ករណីនេះ​គួរតែ​រក​ដំណោះស្រាយ​វិវាទ​ការងារ​ជាជាង​យក​ការចាប់ខ្លួន ​ការយក​ប្រព័ន្ធ​តុលាការ​មក​គាបសង្កត់​លើ​មេដឹកនាំ​សហជីព ​និង​កូដករ​ ដែលជា​ការ​រឹតត្បិត​លម្ហ​សេរីភាព​សហជីព ​និង​រឹតត្បិត​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ​។​

ជុំវិញ​រឿងនេះ ​លោក ប្លង់ ​សុផល ​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​ប្រាប់​យ៉ាង​ខ្លី ​នា​ថ្ងៃទី​ ២៧​ ខែវិច្ឆិកា​ ថា ​លោក​មិនដឹង​ករណីនេះ​នៅ​ឡើយ​ទេ​។ ចំណែក​លោក អុី​ រិន្ទ​ អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មិនអាច​ទាក់ទង​បានទេ ​នា​ថ្ងៃទី​ ២៧ ​ខែវិច្ឆិកា​។​

សូម​បញ្ជាក់ថា ​កញ្ញា ​ឈឹម ​ស៊ីថរ​ ជា​ប្រធាន​សហជីព​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ ​ត្រូវបាន​ឃាត់ខ្លួន​ជាមួយ​ថ្នាក់ដឹកនាំ​សហជីព​របស់​ខ្លួន​ម្តង​រួចមក​ហើយ ​កាលពី​ខែមករា ​ឆ្នាំ​ ២០២២​ ក្រោម​បទ​ចោទ​ ញុះញង់​បង្កឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ​អំឡុង​ពេល​ក្រុម​បុគ្គលិក​ណាហ្គា​វើលដ៍​បានធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ចេញមក​ដោះស្រាយ​វិវាទ​ការងារ​។​

​កញ្ញា ​ត្រូវបាន​ជាប់ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ ២ ​ខែ​ រួមទាំង​ថ្នាក់ដឹកនាំ​សហជីព​របស់​ខ្លួន​ផង ប៉ុន្តែ​កញ្ញា ​ស៊ីថរ ​និង​ថ្នាក់ដឹកនាំ​សហជីព​របស់​ខ្លួន​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ កាលពី ​ខែមីនា ​ឆ្នាំ​ ២០២២ ​។​

ទាក់ទង​នឹង​ករណី​វិវាទ​ការងារ​រវាង​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ​និង​ក្រុមហ៊ុន​នេះ​ដែរ ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ ​កាលពី​ថ្ងៃទី​ ២៥ ​ខែវិច្ឆិកា ​ឆ្នាំ​ ២០២២ ​បានឱ្យ​ដឹងថា ​គិត​ត្រឹម​ថ្ងៃទី​ ២៥​ មាន​អតីត​បុគ្គលិក​ចំនួន​ ៥​ រូប​បន្ថែម​ទៀត ​ក្នុង​ចំណោម​អតីត​បុគ្គលិក ​ដែល​មិនទាន់​ឯកភាព​ទទួលយក​ការទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ បានមក​ទទួលយក​ដំណោះ​ស្រាយ ​តាមរយៈ​ការធ្វើ​លិខិត​ព្រមព្រៀង​ទទួលយក​ប្រាក់​បំណាច់​ប​ញ្ច​ប់​កិច្ចសន្យា​ការងារ​ពី​ក្រុមហ៊ុន​រួច​ហើយ​។

ក្រសួង​បាន​បញ្ជាក់ថា​ មកដល់​ពេល​នេះ ​មាន​អតីត​បុគ្គលិក​សរុប​ចំនួន ​២៤៩ ​រូប ក្នុងចំណោម ​៣៧៣ ​រូប ​បាន​យល់ព្រម​ទទួលយក​ការទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ជាមួយ​ក្រុមហ៊ុន ​ដែល​ធ្វើឱ្យ​ចំនួន​អតីត​បុគ្គលិក ​ដែល​មិន​ព្រម ទទួលយក​សំណង​នៅសល់​ត្រឹម ១២៤ ​រូប​។​

ទីភ្នាក់ងារ​ជាតិ​មុខរបរ ​និង​ការងារ​ (NEA)​ នៃ​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​នឹង​ត្រៀមខ្លួន​ ដើម្បី​ជួយ​សម្រប​សម្រួល​ពាក់ព័ន្ធ​នឹង​ការជួយ​ស្វែងរក​ឱកាស​ការងារ​ថ្មី​សម្រាប់​អតីត​បុគ្គលិក​ផងដែរ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍