ភ្នំពេញៈ តាមរយៈ​កិច្ច​សំណេះ​សំណាល​ជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​យក​ឱកាស ជំរុញ​ឱ្យ​អាជ្ញាធរ​ត្រូវយក​ចិត្ត​ទុកដាក់​ដោះស្រាយ​ជម្លោះ​ដីធ្លី និង​ដោះស្រាយ​បញ្ហា​របស់​កម្មករ​ដែល​មាន​ជម្លោះ​ជាមួយ ក្រុមហ៊ុន​ឱ្យមាន​ប្រសិទ្ធភាព ចៀសវាង​បង្ក​នូវ​បញ្ហា​នានា។​

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​ជាង ៣ ពាន់​នាក់ កាលពី​ថ្ងៃទី ២៦ ខែ​វិច្ឆិកា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា សមាជិក​ សមាជិកា គណបក្ស​ទាំងអស់ ដែល​មាន​តួនាទី​ក្នុង​រាជរដ្ឋាភិបាល​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន ជាពិសេស​បន្តការ​យកចិត្ត​ទុកដាក់​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយ​អនុវត្ត គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព រួមមាន ការបង្ក្រាប​បទល្មើស​ផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និង​ការជួញដូរ​គ្រឿងញៀន ជាដើម ដើម្បី​ផ្តល់​ភាព​កក់ក្តៅ និង​ធានា​ដល់​សុវត្ថិភាព​នៃ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ។

​ទន្ទឹមនឹង​នេះដែរ លោក​បាន​ឆ្លៀតឱកាស​ជំរុញ​ទៅ​អាជ្ញាធរ ត្រូវ​យកចិត្ត​ទុកដាក់​ក្នុងការ​ដោះស្រាយ​បញ្ហា​ដីធ្លី ដែលជា​ជំងឺ​រ៉ាំរ៉ៃ ឱ្យបាន​លឿន និង​មាន​ប្រសិទ្ធភាព​។ លោក​បញ្ជាក់ថា​៖ «​អាជ្ញាធរ​ត្រូវ​យកចិត្ត​ទុកដាក់​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​រហ័ស និង​មាន​ប្រសិទ្ធភាព ផ្តល់នូវ​សេវា​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់​រហ័ស ចៀសវាង​បង្ក​នូវ​បញ្ហា​នានា»។

​លោក ​ហ៊ុន សែន ក៏បាន​ជំរុញ​ឱ្យ មានការ​ខិតខំ​ដោះស្រាយ​បញ្ហា​ជម្លោះ​រវាង​កម្មករ​ជាមួយ​រោងចក្រ ឬ​បុគ្គលិក​ក្រុមហ៊ុន​ជាមួយ​ក្រុមហ៊ុន និង​លើក​ទឹកចិត្ត​ឱ្យ​អាជ្ញាធរ​ព្យាយាម​ដោះស្រាយ​បញ្ហា​ជម្លោះ​របស់​ប្រជាពលរដ្ឋ​តាមបែប​ក្រៅ​ប្រព័ន្ធ​តុលាការ​ផងដែរ។

​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក ​អំ សំអាត ថ្លែង​ថា ការ​ជំរុញ​តាមរយៈ​កិច្ច​សំណេះ​សំណាល​នេះ​ក៏​ជា​ឱកាស​ដ៏ល្អ​មួយ ដើម្បី​ក្រើនរំឭក​អាជ្ញាធរ ក៏ដូចជា​សមាជិក សមាជិកា​គណបក្ស​កាន់​អំណាច​ឱ្យ​យកចិត្ត​ទុកដាក់​ដោះស្រាយ​លើ​បញ្ហា​នេះ។​

​លោក​ថា​៖ «​ពីព្រោះ​យើង​ដឹង​​ហើយ​ថា ប្រជាពលរដ្ឋ ជាពិសេស កសិករ​ពឹង​ផ្អែក​ទៅ​លើ​ដីធ្លី សម្រាប់ បង្កបង្កើន​ផល ហើយ​ពលរដ្ឋ​ក៏ត្រូវ​ការ​ដី ដើម្បី​លំនៅឋាន​របស់​ពួកគេ​។ អ៊ីចឹង បើសិន​ជា​មិនមាន​ការ​ដោះស្រាយ​សម្រាប់​គាត់​ឱ្យបាន​ទាន់​ពេលវេលា​ទេ វា​ផ្ទុយ​នឹង​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​កាត់បន្ថយ​ភាពក្រីក្រ»។​

​លោក​បន្តថា ទំនាស់​ដីធ្លី បើកាលណា​ឈានដល់​ដំណាក់កាល​ រ៉ាំរ៉ៃ វា​នឹង​ជំ​រុញឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​មាន​ភាពក្រីក្រ ជំរុញ​ឱ្យមាន​បាតុភាព​ផ្សេងៗ ដូចជា​ការតវ៉ា ការធ្វើ​បាតុកម្ម ហើយ​ជំរុញ​ឱ្យ​ពលរដ្ឋ​មាន​ការ​បែកបាក់​គ្រួសារ អំពើហិង្សា និង​ប៉ះពាល់​ដល់​ស្ត្រី​ដោយសារ​បញ្ហា​ដីធ្លី​នេះ។​

​បើទោះបីជា​មានការ​ជំរុញ​បែបនេះ​ក្តី ប៉ុន្តែ​លោក​ អំ សំអាត ដែលជា​មន្ត្រី​ឃ្លាំមើល​បញ្ហា​នេះ ចង់​ឃើញ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​មានការ​តាំងចិត្ត និង​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ដោះស្រាយ​ដីធ្លី​ប្រជាពលរដ្ឋ​។ នៅ​ពេល​រដ្ឋាភិបាល ចាប់ផ្តើម ជំរុញ​ឱ្យមាន​ការ​ដោះស្រាយ​បញ្ហា ដីធ្លី ដោយ​ឈរលើ​យន្តការ​ដោះស្រាយ​ប្រកបដោយ​យុត្តិធម៌ និង​ត្រឹមត្រូវ បញ្ហាដីធ្លី​មួយ​ចំនួន នឹង​ដោះស្រាយ​បាន​ចេញ​ច្រើន។​

​មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​បញ្ជាក់ថា​៖ «​ប៉ុន្តែ​រឿង​មួយចំនួន នៅតែ​បន្ត​ភាព​រ៉ាំរ៉ៃ សម្រាប់​ប្រជាពលរដ្ឋ​។ អ៊ីចឹង​ខ្ញុំ​គិតថា​បញ្ហាដីធ្លី​នេះ​អាជ្ញាធរ ដែល​ពាក់ព័ន្ធ ទាល់តែ​ប្តេជ្ញា និង​តាំងចិត្ត​ខ្ពស់​ក្នុងការ​ដោះស្រាយ​។ បើសិន​ជា​សាច់​ស្អុយ​ត្រូវតែ​កាត់​ចេញ ដើម្បី​ដោះស្រាយ​ជូន​ពលរដ្ឋ ឱ្យ​ទទួល​បាន​នូវ​យុត្តិធម៌ និង​សំណង​សមរម្យ»។​

​លោក​បន្ថែមថា ចំណែក​បញ្ហា​ការងារ​របស់​កម្មករ ក៏​មិន​ខុសពី​ដីធ្លី​ដែរ នៅ​ពេល​មាន​វិវាទ​ការងារ​កើត​ឡើង ដូចជា​រឿង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ជាមួយ​បុគ្គលិក និង​អតីត​បុគ្គលិក​ដែល​កំពុង​ធ្វើ​កូដកម្ម បាន​បង្ហាញ​ផលវិបាក​កើត​ឡើង​ជាច្រើន​។ ការណ៍​នេះ វា​មិន​ចំណេញ សម្រាប់​រាជរដ្ឋាភិបាល​នោះទេ មាន​តែ​ធ្វើឱ្យ​រដ្ឋាភិបាល​រង​ការ​រិះគន់ និង​ត្រូវបាន​ចោទ​ប្រកាន់​ផ្សេងៗ​ដែល​ប៉ះពាល់ ដល់​មុខមាត់​រដ្ឋាភិបាល។​

​ភ្នំពេញ ​ប៉ុស្តិ៍ មិនអាច​សុំ​អត្ថា​ធិ​ប្បាយ​ពី​លោក ​សេង ឡូត អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី បាន​នៅ​ឡើយ​ទេ​ជុំវិញ​បញ្ហា​ដីធ្លី​នេះ​នៅ​ថ្ងៃទី ២៧ ខែវិច្ឆិកា។​

​ទោះយ៉ាងណា ប្រធាន​គណៈកម្ម​ការដោះស្រាយ​វិវាទ​ដីធ្លី​ខេត្ត​កំពង់ស្ពឺ ធ្លាប់បាន​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​តែង​ជំរុញ​ឱ្យ​មន្ទីរ​ជំនាញ​យកចិត្ត​ទុកដាក់​ដោះស្រាយ វិវាទ​ដីធ្លី និង​ពិនិត្យមើល​ឱ្យបាន​ត្រឹមត្រូវ​ចំពោះ​អ្នក​ដែល​បាន​រស់នៅ​លើដី​រដ្ឋ​ក្នុង​រយៈពេល​យូរ​ស្របតាម​ការណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​។ ដោយ​ឡែក​សម្រាប់​ទីតាំង​ដែល​មាន​ភាព​អនាធិបតេយ្យ​ខុស​នីតិវិធី គឺ​ត្រូវតែ​ធ្វើការ​ដក​ហូត​ទុកជា​សម្បត្តិ​រដ្ឋ​វិញ។​

​បើតាម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ការ​ចាប់ផ្តើម​អនុវត្ត​ឆ្នាំ ២០០៣ ដល់​ដំណាច់​ឆ្នាំ ២០២១ គណៈកម្មការ​សុរិយោដី​ក្រុង ស្រុក ខណ្ឌ បាន​ទទួល​ពាក្យ​បណ្តឹង ៩ ១២៦ ករណី ដោះស្រាយ​បញ្ចប់​នីតិវិធី​ចំនួន ៨ ៣៤៨ ករណី (​ក្នុង​នោះ បញ្ចប់​ជា​ស្ថាពរ​ចំនួន ៤ ៣៤៦ ករណី)។​

​សូមជម្រាបថា នៅ​ឆ្នាំ ២០០១ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តី​ថ្លែងការណ៍​ស្តីពី​គោល​នយោបាយ​ដីធ្លី។ បន្ថែម​ពីនេះ នៅ​ឆ្នាំ ២០១២ រដ្ឋាភិបាល ក៏បាន​ចេញ​សៀវភៅ​ស ស្តីពី​គោល​នយោបាយ​ដីធ្លី​ជាមួយ​នឹង​វត្ថុបំណង​ជាសំខាន់ ក្នុង​គោលដៅ​ពង្រឹង​សន្តិសុខ​កម្មសិទ្ធិ​ដីធ្លី និង​ទីផ្សារ​ដីធ្លី និង​ទប់ស្កាត់ ឬ​ដោះស្រាយ​ជម្លោះ​ដីធ្លី គ្រប់គ្រង​ដីធ្លី និង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​សមធម៌ និរន្តរភាព និង​មាន​ប្រសិទ្ធភាព ព្រមទាំង​ជំរុញ​ការ​បែងចែក​ដីធ្លី​ប្រកបដោយ​សមធម៌៕