
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ រូប រដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញៈ អភិបាល និងតំណាងទីក្រុងចំនួនជាង ១០០ នៃបណ្តាប្រទេសអាស៊ាន និងក្រៅអាស៊ាននឹងមកចូលរួមកិច្ចប្រជុំអភិបាលរាជធានី រដ្ឋធានីអាស៊ាននិងវេទិកាអភិបាលក្រុងអាស៊ានឆ្នាំ ២០២២ នៅភ្នំពេញនៅខែក្រោយដើម្បីជំរុញការកសាងទីក្រុងវៃឆ្លាត។
កាលពីថ្ងៃទី ២៥ វិច្ឆិកា រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំមួយដើម្បីពិនិត្យលើការរៀបចំឱ្យបានរួចរាល់មុនកិច្ចប្រជុំទាំងនេះ ដែលគ្រោងធ្វើឡើងរយៈពេល ២ ថ្ងៃ នៅថ្ងៃទី ២-៣ ខែធ្នូ ដែលរាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។
គេហទំព័រក្រសួងមហាផ្ទៃឱ្យដឹងនាថ្ងៃទី ២៧ វិច្ឆិកាថា៖ «តាមការបញ្ជាក់របស់លេខាធិការដ្ឋាននៃកិច្ចប្រជុំខាងលើនេះ មានតំណាងទីក្រុង និងខេត្តចូលរួមប្រមាណ ៨០ ទីក្រុង ក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាង ២០ ទីក្រុងធំៗចូលរួម»។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញត្រូវបានស្រង់សម្តីមកចុះផ្សាយក្នុងគេហទំព័រនេះថា កិច្ចប្រជុំនេះ គឺរៀបចំក្នុងកម្រិតតូចជាងកិច្ចប្រជុំអន្តរសភាអាស៊ានហៅថា អាយប៉ា (AIPA) ដែលបានបញ្ចប់ថ្មីៗនេះនៅរាជធានីភ្នំពេញ។ ប៉ុន្តែកិច្ចប្រជុំនេះគឺយកទម្រង់ដូចកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលទើបបញ្ចប់ទៅថ្មីៗនេះដែរ នៅខេត្តសៀមរាប។
វេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ ២០២២ នេះ មានគោលបំណងពង្រឹងកិច្ចសហការតាមរយៈការជំរុញការកសាងទីក្រុងវៃឆ្លាត មានភាពធន់ និងមានចីរភាពប្រកបដោយបវិវត្តកម្ម និងបរិយាប័ន្នតាមគន្លងប្រក្រតីភាពថ្មីតាមគោលការណ៍អាស៊ានរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ ចំពោះកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដើម្បីទីក្រុងវៃឆ្លាត មានភាពធន់ និងមានចីរភាព។
វេទិកានេះគឺសម្រាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ានទាំង ១០ លើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្នដែលអាចកើតមានឡើង ព្រមទាំងចែករំលែកការអនុវត្តល្អៗក៏ដូចជាទស្សនៈរបស់ពួកគាត់សម្រាប់ការកសាងសហគមន៍អាស៊ាន។
លោក យ៉ង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កិច្ចប្រជុំនេះមានសារៈសំខាន់ ដែលទីក្រុងរបស់អាស៊ានទាំងអស់ អាចនឹងរៀនសូត្រពីគ្នាទៅវិញទៅមកហើយចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងទីក្រុងក៏ដូចជាការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព និងភាពធន់។ ការអភិវឌ្ឍទីក្រុងនៅក្នុងបណ្ដាប្រទេសអាស៊ានទាំងអស់សុទ្ធតែមានផលវិជ្ជមាន និងអវិជ្ជមានមួយចំនួន។
ផលវិជ្ជមាន គឺធ្វើឱ្យទីក្រុងស្រស់ស្អាតមានបរិយាកាសល្អជាដើម ប៉ុន្តែភាពអវិជ្ជមានក៏នៅមានដូចជាបរិយាប័ន្នដែលនៅតែជាបញ្ហាចន្លោះខ្វះខាតរបស់អាស៊ាន។ «ការអភិវឌ្ឍ ពេលខ្លះគឺមិនធ្វើឱ្យមានបរិយាប័ន្នបានន័យថា មានការចូលរួមគ្រប់ជ្រុងជ្រោយនោះទេ ដោយសារតែការជំរុញការអភិវឌ្ឍហ្នឹងលឿនជាងការគិតពីបញ្ហាសិទ្ធិរបស់ពលរដ្ឋ។ ដូច្នេះហើយដែលធ្វើឱ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមួយចំនួន»។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គ សម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការបង្កើតទីក្រុងវៃឆ្លាត នៅក្នុងតំបន់អាស៊ានគឺជាចក្ខុវិស័យវែងឆ្ងាយរបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាសង្គម វិបុលភាពតំបន់ បញ្ហាបរិស្ថាន និងកំណើនសេដ្ឋកិច្ច និងប្រជាជនដែលពិភពលោកទាំងមូលកំពុងប្រឈម។
លោកថា បច្ចុប្បន្ននេះកម្ពុជាបាននិងកំពុងព្យាយាមយកក្រុងសៀមរាប ដែលជាទីក្រុងទេសចរណ៍ វប្បធម៌ ពាណិជ្ជកម្ម និងប្រវតិ្តសាស្ត្រ ធ្វើជាទីក្រុងវៃឆ្លាតសាកល្បងប្រចាំនៅអាស៊ាន តាមរយៈការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ហេដ្ឋារចនាក្រុង អភិវឌ្ឍគម្រោងភូមិស្អាត និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងកែច្នៃជាដើម។
លោក ថុង ម៉េងដាវិត ថ្លែងថា៖ «កម្មវិធីទីក្រុង [វៃ] ឆ្លាតកម្ពុជាត្រូវបានបណ្តាប្រទេសដទៃគាំទ្រជាពិសេសប្រទេសជប៉ុន។ អាស៊ានត្រូវតែគាំទ្រ និងបន្តយន្តការអភិវឌ្ឍន៍ទីក្រុង [វៃ] ឆ្លាតនេះនៅតាមបណ្តាទីក្រុងចាស់ថ្មីនៅតាមបណ្តាប្រទេសសមាជិកអាស៊ានដោយគាំទ្រគ្នាទៅវិញទៅមក»៕