
អ្នកចូលរួមប្រមូលសំរាមនៅតំបន់ចុងឃ្នៀសនៃបឹងទន្លេសាបកាលពីថ្ងៃទី ២៧ វិច្ឆិកា។ រូបថត NGO2
សៀមរាបៈ ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តសៀមរាបប្រមាណ ៤០០ នាក់ បានរួមគ្នាប្រមូលសំរាមប្លាស្ទិកដែលអណ្តែតត្រៀបត្រាលើផ្ទៃទឹកនៅក្នុងតំបន់ចុងឃ្នៀស ខណៈក្រុមបណ្តុះបណ្តាលស្ម័គ្រចិត្តប្រមាណ ១០០ នាក់បន្តសកម្មភាពចុះអប់រំពលរដ្ឋដែលមានលំនៅឋាននៅលើទឹកប្រមាណ ៧០០ គ្រួសារ ឱ្យសម្អាតបរិស្ថាន។
កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ រដ្ឋបាលខេត្តសៀមរាប មន្ទីរបរិស្ថានខេត្ត បានសហការជាមួយអង្គការមូលនិធិទំពាំងស្នងឫស្សី និងចៅសង្កាត់ចុងឃ្នៀស បានរៀបចំកម្មវិធីទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ ២០២២ ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង»។
កម្មវិធីនេះ មានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ការិយាល័យចំណុះរដ្ឋបាលក្រុង លោកចៅសង្កាត់ មេភូមិ ព្រះសង្ឃ ប្រជានេសាទប្រជាការពារ សហគមន៍ទេសចរណ៍ តំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា យុវជន សសយក និងក្រុមហ៊ុនប្រមូល សម្អាត ដឹកជញ្ជូនសំរាម រួមមានក្រុមហ៊ុនហ្គាអ៊ីយ៉ា ក្រុមហ៊ុនឯកទីវគ្រីន និងក្រុមហ៊ុនស៊ីនទ្រីប្រមាណ ៤០០ នាក់។
លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បាននិយាយថា ការរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញឱ្យប្រជាពលរដ្ឋ ប្រជានេសាទ សហគមន៍ទេសចរណ៍ ស្ថាប័នពាក់ព័ន្ធក្នុងសង្កាត់ចុងឃ្នៀសយល់ដឹង និងយកចិត្តទុកដាក់លើការគ្រប់គ្រងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ និងមានការទទួលខុសត្រូវខ្ពស់។ ការរួមគ្នាក្នុងការសម្អាតបរិស្ថានចាប់ពីពេលនេះ ក៏ដើម្បីទប់ស្កាត់ការបំពុលបឹងទន្លេសាប និងជីវចម្រុះ ដោយសំណល់ប្លាស្ទិក និងលើកស្ទួយភូមិឋានមានបរិស្ថានល្អ ខ្យល់បរិសុទ្ធ និងទេសភាពល្អស្រស់ត្រកាល ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ លើកកម្ពស់ជីវភាពសេដ្ឋកិច្ចសហគមន៍មូលដ្ឋានផងដែរ។
លោកថា៖ «នៅក្នុងទិវាអនាម័យបរិស្ថានជាតិនេះដែរ មានសកម្មភាពសំខាន់ៗរួមមានប្រមូលសំណល់ថង់ប្លាស្ទិកនៅតាមមាត់ព្រែកនៃព្រៃលិចទឹក និងនៅតាមភូមិបណ្តែតទឹក និងធ្វើការអប់រំផ្សព្វផ្សាយនៅតាមផ្ទះ និងផ្តល់ការុងសម្រាប់ច្រកសំណល់ថង់ប្លាស្ទិកដើម្បីទុកដាក់សំរាមឱ្យបានត្រឹមត្រូវចៀសវាងបោះចោលចូលក្នុងបឹងទន្លេសាប»។
លោកស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងប្ញស្សីបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៧ វិច្ឆិកាថា ការជួបជុំបានធ្វើឡើងជាទ្រង់ទ្រាយធំរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ២៥ និងថ្ងៃទី ២៦ វិច្ឆិកា ដើម្បីផ្សព្វផ្សាយអំពីទិវា និងយុទ្ធនាការដែលភាគីពាក់ព័ន្ធបានរួមគ្នាបង្ហាញពីការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យបឹងទន្លេសាបស្អាត និងបៃតង។ បន្ទាប់ពីការជួបជុំគ្នានេះ ក្រុមការងារ នឹងបន្តដឹកនាំប្រជាសហគមន៍នៅតំបន់ចុងឃ្នៀសឱ្យបន្តសកម្មភាពសម្អាតបរិស្ថាន និងចូលរួមទុកដាក់សំរាមប្លាស្ទិកឱ្យបានត្រឹមត្រូវ ខណៈក្រុមបណ្តុះបណ្តាលប្រមាណ ១០០ នាក់នឹងចុះអប់រំផ្សព្វផ្សាយរហូតដល់រដូវទឹកស្រកមកដល់។
លោកបញ្ជាក់ថា៖ «ឆ្នាំនេះ យើងមានយុទ្ធនាការមួយដែលមានឈ្មោះថា ចុងឃ្នៀសស្អាត ទន្លេសាបបៃតងដោយគ្មានប្លាស្ទិក ដោយផ្តោតទៅលើភូមិបណ្តែតទឹកដែលមានពលរដ្ឋជិត ៧០០ គ្រួសារ។ ពេលនេះ ចូលដល់ខែប្រាំងហើយ ទឹកចាប់ផ្តើមស្រកតិចៗ ដែលចាប់ពីខែ ១១ ខែ១២ ខែ១ និងខែ ២ យើងនឹងបន្តចុះអប់រំតាមផ្ទះឱ្យគាត់ចូលរួមក្នុងការសម្អាតប្លាស្ទិក។ យើងធ្វើរហូតមិនដាក់ដៃទេ រហូតដល់រដូវប្រាំង យើងធ្វើនៅលើគោកបន្តទៀត»។
បើតាមលោក ស៊ា សុផល យុទ្ធនាការចុងឃ្នៀសស្អាត ទន្លេសាបបៃតងដោយគ្មានប្លាស្ទិក គឺផ្តោតទៅលើលក្ខខណ្ឌចំនួន ២ គឺធ្វើយ៉ាងណាឱ្យប្រជាសហគមន៍ចុងឃ្នៀសទាំងអស់ ចូលរួមសម្អាតបរិស្ថានសាធារណៈឱ្យបានស្អាតជាប្រចាំ និងបង្កើតជាកម្មវិធីនានានៅក្នុងសហគមន៍ឱ្យបានច្រើន ដើម្បីឱ្យពួកគាត់បានយល់ដឹងក្នុងការញែកសំរាមប្លាស្ទិក។
លោកបន្តថា៖ «យើងផ្តោតទៅលើប្លាស្ទិកនៅក្នុងបរិស្ថាន ដែលនៅក្រៅផ្ទះរបស់គាត់ នៅតាមទន្លេ អណ្តែតលើទឹក លើមែកឈើ យើងចុះអប់រំឱ្យពួកគាត់ យកតម្ពក់ថ្ពក់សំរាម ឬដួសសំរាមឱ្យទន្លេសាបនេះអស់ប្លាស្ទិក។ យើងកំពុងធ្វើរឿងនេះ ដែលមានរូបភាពមួយចំនួនដើម្បីបង្ហាញឱ្យគាត់ចូលរួម ដោយបង្ហាញពីបញ្ហាដែលកើតមាននៅក្នុងសហគមន៍ពួកគាត់»។
អង្គការមូលនិធិទំពាំងស្នងប្ញស្សី (NGO2) និងអង្គការដៃគូឈ្មោះ Ocean Recovery Alliance បានប្រកាសគាំទ្រសហគមន៍សង្កាត់ចុងឃ្នៀសឱ្យអនុវត្តកម្មវិធីគ្រប់គ្រងកាកសំណល់ និងប្រមូលយកប្លាស្ទិកពីក្នុងបឹងទន្លេសាបរយៈពេល ៣ ឆ្នាំ ដែលចាប់ពីចុងខែវិច្ឆិកានេះតទៅ។ ក្រៅពីសហគមន៍ចុងឃ្នៀស អង្គការទាំង ២ នេះក៏ជំរុញលើកទឹកចិត្តសហគមន៍បឹងទន្លេសាប ដទៃទៀតធ្វើការសម្អាតសំរាមប្លាស្ទិកប្រចាំឆ្នាំតាមសហគមន៍រៀងៗខ្លួនផងដែរ៕