ភ្នំពេញៈ ក្រុម​ការងារ​បច្ចេកទេស​បាន​បើក​ផ្នូរ​យុទ្ធជន​កងកម្លាំង​ប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា​នៅ​បូជនីយដ្ឋាន​យុទ្ធជន​ពលី​កម្ពុជា​ខេត្ត​ដុងណាយ ប្រទេស​វៀតណាម បាន​ចំនួន ៩ ផ្នូរ​នៅ​ថ្ងៃទី ២៦ ខែ​​វិចិ្ឆកា ហើយ​ពេល​នេះ​កំពុង​បន្ត​បើក​ផ្នូរ​សម្អាត​វេច​ខ្ចប់ និង​រៀបចំ​ដាក់​ចូល​ក្នុង​ប្រអប់​មឈូស​រហូត​ដល់​ថ្ងៃទី ១ ខែធ្នូ នឹងធ្វើ​ពិធី​ដង្ហែ​មកកាន់​ព្រំដែន​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ​កោះថ្ម X-16 ម៉ោង ១០ ព្រឹក​ថ្ងៃ​ដដែល​នោះ​ទើប​ប្រារព្ធ​ពិធី​ផ្ទេរ​ប្រគល់​។ នេះ​បើតាម លោក សៅ សុខា អគ្គមេ​បញ្ជាការ​រង​នៃកង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃទី ២៧ ខែវិច្ឆិកា​ឆ្នាំ ២០២២ នេះ។

​លោក​បញ្ជាក់ថា​៖ «​យើង​ដង្ហែ​អដ្ឋិធាតុ​បន្ត​មក​តម្កល់​តាម​មេរុ​រៀបចំ​ពិធី​ទំនៀម​ទម្លាប់ សាសនា ម៉ោង ៨ និង ៣០ នាទី ព្រឹក​ថ្ងៃទី ២ ខែធ្នូ ប្រារព្ធ​ពិធី​បូជា​អដ្ឋិធាតុ​សម្តេច​ពិជ័យ​សេនា​អញ្ជើញ​ប្រទាន​ភ្លើង ដោយ​មាន​មហាជន កម្លាំង​ប្រដាប់​អាវុធ អាជ្ញាធរ​ចូលរួម​។ ធាតុ​ដែល​បាន​បូជា​រួច​រៀបចំ​ផ្ទុក​ក្នុង​កោដ្ឋ តម្កល់​បណ្តោះអាសន្ន​នៅ​ក្នុង​បន្ទប់​វប្បធម៌ នៃ​អគារ​មិត្តភាព»។

​លោក​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បានឱ្យដឹង​ថា នៅ​ខែ​មេសា ឆ្នាំ ២០២៣ ក្រោយ​ការ​សាងសង់​មហា​ចេតិយ [​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ​កោះ ថ្ម X-16 ស្ថិត​នៅ​ភូមិ​កោះថ្ម ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​] និង​ប្រារព្ធ​ពិធី​ឆ្លង និង​ដង្ហែ អដ្ឋិធាតុ​ទៅ​តម្កល់​ក្នុង​មហា​ចេតិយ​ជាការ​រួចរាល់។

​លោក​បញ្ជាក់ថា មហា​ចេតិយ​នោះ នឹង​ក្លាយជា​វិមាន​ស្តូប​អនុស្សាវរីយ៍ សម្រាប់​ការ​រំឭក​ដល់​ថ្ងៃ​ប្រកាស​បង្កើត​កងកម្លាំង​ប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​គឺ​ថ្ងៃទី ១២ ខែ​ឧសភា ឆ្នាំ ១៩៧៨ ដោយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

​ថ្លែង​ក្នុង​ពិធី​បើក​ផ្នូរ​យុទ្ធជន​កម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​នៅ​ប្រទេស​វៀតណាម​ កាល​ពី​ថ្ងៃទី ២៦ ខែ​វិច្ឆិកា លោក សៅ សុខា ថ្លែងថា ជាង ៤៤ ឆ្នាំ​បាន​កន្លង​ផុត​ទៅ យុទ្ធមិត្ត​ចំនួន ៤៩ រូប ដែល​បាន​ពលី និង​មរណៈ​ពេល​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ត្រូវបាន​មិត្ត​វៀតណាម​ប្រមូល​ផ្តុំ​រៀបចំ​ជា បូជនីយដ្ឋាន​យុទ្ធជន​ពលី​កម្ពុជា ដោយ​បាន​ការ​យកចិត្ត​ទុកដាក់ ផ្តល់​ដី ផ្តល់​បណ្ណ ទទួល​ស្គាល់​ពី​ក្រសួង​វប្បធម៌ ដោយ​ទុក​តំបន់​នោះ​ជា​តំបន់​ប្រវត្តិសាស្ត្រ​។ អាជ្ញាធរ​ដែនដី ប្រជាជន​វៀតណាម ខេត្ត​ដុងណាយ និង​កងទ័ព​វៀតណាម​ពិសេស​យោធភូមិភាគ​ទី ៧ កងពលធំ​លេខ ៣០២ បាន​យកចិត្ត​ទុកដាក់​ថែទាំ​យ៉ាងល្អ។​

​លោក​ថា​៖ «​ទោះបី​អដ្ឋិធាតុ​យុទ្ធជន​ទាំង ៤៩ រូប បានធ្វើ​មាតុភូមិ​និវត្តន៍ តែ​ដើម្បី​ថែរក្សា​តំបន់​ប្រវត្តិសាស្ត្រ និង​គុណតម្លៃ​មិត្តភាព​វៀតណាម​-​កម្ពុជា តាម​សំណូមពរ​របស់​ភាគី​កម្ពុជា មិត្ត​វៀតណាម និង​បន្ត​រៀបចំ​សិលាចារឹក ដោយ​រក្សាទុក​តំបន់​នេះ​ជា​កេរដំណែល​ប្រវត្តិសាស្ត្រ ជា​ភ័ស្ភុតាង នៃ​សច្ចធម៌​ប្រវត្តិសាស្ត្រ​សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ ទេសចរ និង​ជាការ​រំឭក​ការ​ចងចាំ​អំពី​មិត្តភាព កម្ពុជា​-​វៀតណាម»។​

​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ថ្លែង​នៅ​ថ្ងៃទី ២៧ ខែ​វិច្ឆិកា​ថា ការធ្វើ​មាតុភូមិ​និវត្តន៍​អដិ្ឋធាតុ​យុទ្ធជន​ដែល​បាន​ពលី​ក្នុង​បុព្វហេតុ​នៃ​ការ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​នេះ​ជាការ​បង្ហាញ​ពី​វប្បធម៌​នៃ​ការដឹង​គុណ តបគុណ ចំពោះ​វីរជន យុទ្ធជន កងទ័ព​ទាំងអស់​ដែល​បាន​បូជាជីវិត​ដើម្បី​ជាតិ ទឹកដី ប្រជាជន និង​ដើម្បី​ឱ្យមាន​ភាពជា​គំរូ និង​វប្បធម៌​នៃ​ការដឹង​គុណ ឬ ផ្តល់​ការគោរព៕