
ពលរដ្ឋក្រីក្របានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ រូប ក្រសួងសង្គមកិច្ច
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង ៨៦៨ លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ឧបត្ថម្ភជាសាច់ប្រាក់ដល់គ្រួសារពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជាមួយនឹងជំងឺកូវីដ ១៩ ចាប់ពីចុងខែមិថុនា ឆ្នាំ ២០២០ មកដល់ចុងខែវិច្ឆិកា ឆ្នាំ ២០២២ នេះ។
យោងតាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី ២៤ ខែវិច្ឆិកាថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ចាប់ពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ រហូតមកដល់ពេលនេះមានចំនួន ១១ ជុំ និង ២៩ លើករួចមកហើយ។
គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ការបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី ១១ លើកទី ១ ត្រូវបានបញ្ចប់ ដោយថវិកាចំនួនជាង ១២៥ ៤៧០ លានរៀល ត្រូវបានផ្តល់ជូនគ្រួសារជាង ៧០ ម៉ឺននាក់ ដែលក្នុងនោះមានគ្រួសារក្រីក្រប្រភេទ ១ និងប្រភេទ ២។
របាយការណ៍ដដែលបញ្ជាក់ថា៖«សម្រាប់ការបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី ១១ លើកទី ២ នឹងចាប់ផ្តើមពីថ្ងៃទី ២៥ ខែវិច្ឆិកា ដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ ដែលមានរយៈពេល ៣០ ថ្ងៃ។ សម្រាប់គ្រួសារដែលបានផ្ទៀងផ្ទាត់ទាំង ២៩ លើករួចហើយ អាចទៅបើកប្រាក់នៅតាមបញ្ជរវីងណាមួយបានដោយមិនតម្រូវឱ្យទៅបញ្ជាក់នៅសាលាឃុំ សង្កាត់សាជាថ្មីទៀតទេ»។
ជាមួយគ្នានេះដែរក្រសួងសង្គមកិច្ច ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការចាញ់បោកគណបក្សនយោបាយ ឬជនឆបោកមួយចំនួន ដែលបានលើកឡើងថា រាជរដ្ឋាភិបាលនឹងធ្វើការដកបណ្ណក្រីក្រ និងបញ្ឈប់បើកប្រាក់ដល់គ្រួសារទទួលផលពីកម្មវិធីដោយសារការប្រកាន់និន្នាការនយោបាយ ឬបោះឆ្នោតគាំទ្រក្រុមប្រឹក្សាឃុំ- សង្កាត់ដែលកំពុងដឹកនាំបច្ចុប្បន្ន។
សូមបញ្ជាក់ថា ទាក់ទងនឹងការផ្តល់ការឧបត្ថម្ភជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះនេះដែរ ក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASEAN Social Security Association (ASSA) បានផ្តល់ពានរង្វាន់ដល់មូលនិធិជាតិជំនួយសង្គមដោយទទួលបានពានរង្វាន់ឧត្តមានុវត្តន៍នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រអំឡុងពេលកូវីដ ១៩ កាលពីថ្ងៃទី ២៤ វិច្ឆិកា កន្លងទៅថ្មីៗនេះ នាខេត្តហ្លួងព្រះបាង ប្រទេសឡាវ។
លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម បានឱ្យដឹងថា ពានរង្វាន់ឧត្តមានុវត្តន៍គឺជាពានរង្វាន់របស់សមាគមសន្តិសុខសង្គមអាស៊ានដែលផ្តល់ជូនដោយប្រធានក្រុមប្រឹក្សាភិបាលចំពោះបណ្តាប្រទេសដែលជាសមាជិកអាស៊ានទាំងអស់ ដែលបានបំពេញការងារប្រកបដោយភាពជោគជ័យលើឧត្តមភាពនៃការផ្តល់សេវាគាំពារសង្គមជូនដល់ប្រជាពលរដ្ឋតាមប្រទេសនីមួយៗ៕