
សកម្មភាពក្រុមកុម្ម៉ង់ដូនៃកងយោធពលខេមរភូមិន្ទហ្វឹកហាត់ជំនាញប្រយុទ្ធ។ រូបថត សហការី
ភ្នំពេញៈ លោក វង្ស ពិសេន អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ បានធ្វើជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកុម្ម៉ង់ដូ ១ ក្រុម លើជំនាញជួសជុលអូប័រ សង្គ្រោះគ្រោះមហន្តរាយ ឆត្រយោង មុជទឹក កាលពីម្សិលមិញ នៅបញ្ជាការដ្ឋានកងទ័ពពិសេស (កំបូល) ដោយបានចាត់ទុកការងារហ្វឹកហ្វឺនកងកម្លាំងយោធាជាអាទិភាពសំខាន់បំផុត ក្នុងកំណែទម្រង់កងទ័ព។
ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានស្រង់សម្ដី លោក វង្ស ពិសេន ដែលបានថ្លែងនៅក្នុងពិធីបិទវគ្គនោះថា៖ «ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយដ៏មានសារៈសំខាន់បំផុត នៅក្នុងការកែទម្រង់កសាងធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ ពីព្រោះថា ការហ្វឹកហ្វឺនគឺជាមូលដ្ឋានគ្រឹះនៃអ្វីៗទាំងអស់ ទាំងការកសាង និងបង្កើនសមត្ថភាព ការថែរក្សាគ្រឿងបំពាក់ និងការធានានិរន្តរភាពការងារ»។
លោកបានថ្លែងដូចនេះក្នុងពិធីបិទវគ្គហ្វឹកហ្វឺន កុម្ម៉ង់ដូជំនាន់ទី១១ បើកវគ្គជួសជុលអូប័រជំនាន់ទី៦ វគ្គសង្គ្រោះគ្រោះមហន្តរាយ និងបើកវគ្គឆត្រយោងជំនាន់ទី៣៣ វគ្គឆត្របញ្ជាជំនាន់ទី៦ វគ្គឯកទេសមុជទឹកជំនាន់ទី៩ នៅបញ្ជាការដ្ឋានកងទ័ពពិសេសកំបូលនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២។
លោក ពិសេន លើកឡើងថា ក្នុងបរិបទដែលប្រទេសជាតិមានសន្តិភាពពេញលេញ ជាឱកាសដ៏មានតម្លៃសម្រាប់កងយោធពលខេមរភូមិន្ទធ្វើការហ្វឹកហ្វឺន ពង្រឹងសមត្ថភាពជំនាញឲ្យកាន់តែមុតស្រួច ក្នុងបុព្វហេតុបម្រើជាតិ ការពារមាតុភូមិ។ យុទ្ធសាស្ត្រនៃការហ្វឹកហ្វឺន ដើម្បីប្រែក្លាយអង្គភាពទ័ពពិសេសទៅជាអង្គភាពមុតស្រួច ធានាបានកិច្ចការពារបូរណភាពទឹកដី ការថែរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាពសង្គម។
លោក វង្ស ពិសេន ថ្លែងថា៖ «កងទ័ពទាមទារចាំបាច់ក្នុងការប្រកាន់ខ្ជាប់លក្ខណសម្បត្តិ ៤ យ៉ាង គឺ ទឹកចិត្តក្លាហាន ភក្តីភាព កាយសម្បទា និងជំនាញ»។
អគ្គមេបញ្ជាការរូបនេះ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន បញ្ជាការដ្ឋានទ័ពពិសេស បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវតាមភារកិច្ច អនុវត្តម៉ឺងម៉ាត់រាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីការពារសន្តិភាព បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព ទប់ស្កាត់អំពើភេរវកម្ម និងបង្ក្រាបបទល្មើសនានា ដែលបង្កអស្ថិរភាពក្នុងសង្គមជាតិ៕