សៀមរាបៈ ​ការ​អភិវឌ្ឍ​​នៅ​ទីតាំង​រុន​តា​ឯក​ត្រូវ​បាន​ចាក់ដី​រួច​រាល់​ជាច្រើន​តំបន់ ​និង​កំពុង​បន្ត​កសាង​ហេដ្ឋារច​នាសម្ព័ន្ធ​​ផ្សេងៗ​បន្ថែ​មទៀត​ជា​បន្តប​ន្ទាប់​ដែល​អាច​នឹង​រួចរាល់​ក្នុងពេល​ឆាប់ៗ​នេះ​ ខណៈ​ប្រជា​ពលរដ្ឋ​មួយចំ​នួន​បាន​ទៅ​រៀបចំ​ធ្វើ​ផ្ទះសំបែ​ង​នៅ​កន្លែង​ដី​ដែល​បាន​ឆាប់​ឆ្នោត​ជា​បណ្ដើរ​ផងដែរ​។ នេះ​បើតា​ម​លោក ​ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀម​រាប ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២​៨ ខែ​វិច្ឆិ​កា​។

​លោក​ថ្លែងថា​៖ «​នៅ​រុន​តា​ឯក​ឥឡូវនេះ​ខាង​កង​វិស្វកម្ម​សម្តេច​តេ​ជោ​ ហ៊ុន សែន​ បាន​ចាក់ដី​ជាច្រើន​តំបន់​រួចហើយ ​និង​កំពុង​កសាង​ផ្លូវ​ជា​បន្ត​បន្ទាប់​ដែល​អាច​នឹង​រួច​ក្នុងពេល​ឆាប់​នេះហើយ​។​ មាន​ប្រជា​ពលរដ្ឋ​ខ្លះ​ទៅមុន​ដោយ​សារ​ពួក​គាត់​ចង់ឃើញ​ដី ចង់​ផ្លាស់ប្តូរ​ពី​តំបន់​អង្គរ​ទៅដ​ល់​ទីនោះ​ឱ្យ​បាន​មុន​គេ គាត់​ស្វះស្វែង​ទៅ​ដោយ​ខ្លួន​កាត់​»​។

​លោក​ ជា សុផារ៉ា ឧបនា​យករ​ដ្ឋម​ន្ត្រី រដ្ឋម​ន្ត្រីក្រសួង​រៀបចំ​ដែនដី ន​គរូប​នីយកម្ម និ​ង​សំណង់ បាន​ឱ្យដឹង​តាមរយៈ​​ហ្វេ​ស​ប៊ុ​កថា​ មាន​ប្រជា​ពលរដ្ឋ​ដែល​បាន​ចាប់​ឆ្នោត​រួច​ចំនួន ​៩ ៥៧៤ ​គ្រួសារ ស្ម័គ្រ​ចិត្ត​ទៅ​រស់នៅ​តំបន់​អភិ​វឌ្ឍន៍​ភូមិ​ធម្ម​ជាតិ​រុន​តា​ឯកស្ថិត​នៅ​ភូមិ​តានី​ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយ​ស្រី និង​តំបន់​អភិវឌ្ឍន៍​ពាក់​ស្នែង​ក្នុង​ភូមិ​ពាក់​ស្នែង​ចាស់ ឃុំ​ពាក់​ស្នែង ស្រុក​អង្គ​រធំ ខេត្ត​សៀម​រាប​។ នេះ​បើ​គិត​ត្រឹម​ថ្ងៃទី ​១៦ ​ខែវិច្ឆិកា ឆ្នាំ​ ២០២២​។

​លោក​ ហាយ ​យុង តំណាង​ក្រុម​ការងារ​តម្រង់​ទិសប្រា​ប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៨​ ខែវិច្ឆិកា​ថា ការ​ចាប់​ឆ្នោត​ទៅ​ទៅ​នៅ​តំបន់​ពាក់​ស្នែង និ​ង​រុន​តា​ឯក​មាន​ការ​ធូ​រស្បើយ​ហើយ​ ដោយ​សារ​ប្រជាព​លរដ្ឋ​ស្ទើរតែ​ទាំង​អស់​បាន​យល់ព្រម​ចាក​ចេញ​ទៅ​នៅ​ទីកន្លែង​ដែល​រាជ​រដ្ឋាភិ​បាល​រៀបចំ​ជូន​គឺ​នៅ​តំបន់​រុន​តា​ឯក និង​ពាក់​ស្នែង​។

​លោក​បាន​បញ្ជាក់ថា​ ការស្ម័​គ្រចិត្ត​​របស់​ប្រជា​ពល​រដ្ឋមាន​ប្រមាណ ​៨៥ ភា​គរយ​ហើយ នៅ​សល់ ១៥ ភាគ​រយ​ទៀត​ ពាក់​ព័ន្ធ​ក្នុង​ផែន​ទី​ក្រហម​​នៃ​ការកំណត់​ភូមិ​សាស្ត្រ​នៃ​រចនាស​ម្ព័ន្ធ​ប្រាសាទ​​របស់​អាជ្ញា​ធរ​អប្សរា​។​ លោ​ក​បន្តថា​ ក្រុមការងារ​នៅតែ​បន្ត​ជំរុញ​ដើម្បី​ដោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ដែល​នៅ​តំបន់​អាទិ​ភាព​ពាក់ព័ន្ធ​នឹង​រចនា​សម្ព័ន្ធ​ប្រាសាទ ​ហើយ​មិនទា​ន់បាន​យល់​ព្រម​ចាក​ចេញ​។

​លោក​ថ្លែង​ថា​៖ «​ក្រុម​ការងារ​នៅតែ​បន្ត​ក្នុងការ​ចាប់​ឆ្នោត​ជូន​បងប្អូន​ប្រជា​ពលរ​ដ្ឋ ប៉ុន្តែ​វា​មាន​ភាព​ធូរស្បើយ​ត្រង់​ថា​បងប្អូ​ន​គឺ​នៅ​សេស​សល់​តែមួយ​ចំនួន​ទេ ដែល​ខ្លះ​គាត់​នៅ​ឆ្ងាយ ខ្លះ​គាត់​មិន​បាន​នៅឬ​ទៅរក​ស៊ី​ឆ្ងាយ​ទៅ មិន​ទាន់​បាន​ចូលមក​ចាប់ឆ្នោត ចំពោះ​បងប្អូន​ណា​ស្ម័គ្រ​ចិត្ត​ក្រុម​ការងារ​នៅតែ​បន្តធ្វើ​ជូន តែ​បង​ប្អូន​ណា​មិនទា​ន់​ស្ម័គ្រ​ចិត្ត​គឺ​នៅ​ដដែល​សិន​»​។

​អ្នក​ស្រី សូ ពៅ ប្រជា​ពលរដ្ឋ​ស្ម័គ្រ​ចិត្ត​រុះរើ​ចេញពី​តំបន់​អង្គរ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៨ ​ខែវិច្ឆិកា​ថា ​ អ្នកស្រី​បានធ្វើ​ការរុះរើ​ចេញ​ពី​តំបន់​អង្គរ​នៅ​ដើមខែ​វិច្ឆិកា​មក​តាំង​លំនៅ​ក្នុង​តំបន់​រុន​តា​ឯក​តាម​ប្លង់​​ក្បាលដី​​ដែល​បាន​ចាប់​ឆ្នោត​។​នេះ​ជាការ​ចាប់​ផ្តើមដំ​បូង ហើយ​ការ​រៀបចំ​ប្រព័ន្ធ​បណ្តាញ​ទឹក​ស្អាត​មិន​ទាន់​រួចរាល់​ អ្នក​ស្រី​បាន​បុក​អណ្តូង​ខ្នាត​តូច​ ដើម្បី​យក​ទឹក​ម​កប្រើប្រាស់​បណ្តោះអា​សន្ន​។

​អ្នកស្រី​ថ្លែងថា​៖ «​ពេលធ្វើ​​ផ្ទះ​រួច​ហើយ​បាន​ខ្ញុំ​មក​នៅ​ ឥឡូវ​កំពុង​ធ្វើ​ផ្ទះ​ និង​របង​។ខ្ញុំ​មាន​អារម្មណ៍​ស្រស់​ស្រាយ​ជាង​នៅ​តំបន់​អង្គរ ដោយ​សារ​នៅ​តំបន់​អង្គរ​យើង​សាង​សង់​អី​ក៏​អត់​បាន តែ​នៅទីនេះ​ឱ្យធ្វើ​បាន​សេរី​ខ្ញុំ​សប្បាយ​ចិត្ត ហើយ​ក្រុមកា​រងារ​បាន​ជួយ​សម្រួល​បានល្អ ដូច​ថា​ដី​យើង​មិន​សូវ​ស្មើ​អ៊ីចឹង​យើង​ស្នើសុំ​ទៅ​គាត់​ចាក់​បំពេញ​ឱ្យ​»​។

​លោក ​វិ​ន រេ​ន ជំទប់​ទី​១ ឃុំ​ពាក់​ស្នែង បាន​ឱ្យដឹ​ង​នៅ​ថ្ងៃទី​ ២៨ ខែ​វិច្ឆិកា​ថា ដី​នៅ​តំបន់​ពាក់​ស្នែង​កំពុង​ត្រូវបាន​ឈូស​ឆាយ និង​មិន​ទាន់​បានរៀ​បចំ​ជា​ឡូ​ត៍​នៅ​ឡើយ​ទេ ការ​ឈូ​សឆាយ​នោះ​ទៀត​សោត​​គឺ​បាន​អនុវត្ត​ជា​រៀ​ងរាល់ថ្ងៃ ប៉ុ​ន្តែ​មិនទា​ន់មា​ន​របាយកា​រណ៍​បញ្ជាក់​ថា​បាន​ប៉ុន្មាន​ហិកតា​ហើយ​នោះទេ​។ប្រជា​ពលរដ្ឋ​ដែល​បាន​ចាប់​ឆ្នោត​ពី​តំបន់​អង្គរ​​ស្ថិតក្រោ​ម​ការគ្រ​ប់គ្រង​រ​បស់​អាជ្ញាធរ​ជាតិ​អប្ស​រា​នោះ មាន​ចំនួន ​៣ ៣៤៣ គ្រួ​សារ​ហើយ គិត​ចាប់ពី​ថ្ងៃទី ១០ ខែតុ​លា រហូត​មកដ​ល់​ថ្ងៃទី​ ២៨ ខែ​វិ​ច្ឆិ​កា​​៕