ភ្នំពេញៈ ​ក្រ​សួង​សាធារ​ណ​ការ​និង​ដឹង​ជញ្ជូន​ រួម​ទាំង​អាជ្ញា​ធរ​ខេត្ត​ពោធិ៍​សាត់​ គ្រោង​ដាក់​ឱ្យ​ដំណើរ​ការ​ទីលាន​ទុកដាក់​សំរាម​ថ្មី​ក្រុង​ពោធិ៍​សាត់ ​នៅ​ដើម​ឆ្នាំ​ ២០២៣​ ខាង​មុខ​នេះ​ ​ដើម្បី​រួម​ចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សោ​ភណ​ភាព​បរិស្ថា​ន និង​កាត់​បន្ថយ​ហា​និភ័យ​នៃ​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​ផ្សេងៗ​ ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​ទី​ប្រ​ជុំជន​នៃ​ខេត្ត​នេះ​។​

លោក ​ប៊ុង​ ​តាំង​ឡាយ ​អភិ​បាល​រង​ក្រុង​ពោធិ៍​សាត់ ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ​ទី​លាន​គ្រប់​គ្រង​សំរាម​ ​និង​សំណល់​រឹង​ ​ក្រុង​ពោធិ៍​សាត់​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​ទួល​ម្កាក់​ ​សង្កាត់​រលាប ​ត្រូវ​បាន​សាង​សង់​រួច​រាល់​ជា​ស្ថាពរ​ហើយ​ ​នៅ​លើ​ផ្ទៃដី​​ ១៥,៥​ ហិក​តា​ នៃ​ផ្ទៃដី​សរុប​ ២៨​ ហិកតា​។​ ទី​លាន​ថ្មី​នេះ ​ត្រូវ​បាន​ដំណើរ​ការ​សាង​សង់​ឡើង​កាល​ពី​ឆ្នាំ​ ២០​២០​ ​ដោយ​ក្រុម​ហ៊ុន ​Ung Sim Sia Co;.Ltd ​ក្រោម​សហ​ហិរញ្ញ​ប្បទាន​ ​ពី​កម្ចី​សម្ប​ទាន និង​ជំនួយ​ឥត​សំ​ណង​របស់​ធនា​គារ​អភិ​វឌ្ឍន៍​អាស៊ី​(ADB) ​រួម​ទាំង​វិភាគ​ទាន​ពី​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ១,៦៧​ លាន​ដុល្លារ​អា​មេរិក​។​

លោក​ថ្លែង​ថា​៖​ «​ទីលាន​ចាក់​សំ​រាម​នេះ​មាន​សមត្ថ​ភាព​អាច​ស្តុក​ទុកសំណល់​រឹង​បាន​ដល់​ ១៤០​ ពាន់​ម៉ែត្រ​គុប ​ ​និង​មាន​សមត្ថ​ភាព​អាច​ប្រតិបត្តិ​ការ​គ្រប់​គ្រង​សំណល់​រឹង​គ្រប់​ប្រភេទ​បាន ​រហូត​ដល់​១៥​ឆ្នាំ ​ឬ​ច្រើន​ជាង​នេះ អា​ស្រ័យ​មាន​ការ​ចូល​រួម​ពី​វិស័យ​ឯក​ជន​ ​ក្នុង​ការ​វិនិ​យោគ​កែច្នៃ​កាក​សំណល់​សរី​រាង្គ ​ទៅ​ជា​​ជី​កំ​ប៉ុស ​ ​និង​ ​កាក​សំណល់​ប្លា​ស្ទិក​ ទៅ​ជា​សម្ភារប្រើប្រាស់​ផ្សេងៗ​»​។​​

បើ​តាម​លោក ​តាំង​ឡាយ ​ទី​លាន​ចាក់​សំរាម​ថ្មី​នោះ​ ត្រូវ​បាន​សង់​ឡើង​តាម​នី​យាម​បច្ចេក​ទេស​ អ​នា​ម័យ ​និង​បរិស្ថាន​យ៉ាង​ល្អ​ឥត​ខ្ចោះ ​ដោយ​មាន​រៀប​ចំ​រណ្តៅ​ទុកដាក់​សំរាម​ដ៏​ង​ធំ​មួយ​ ឃ្លាំង​សម្រាប់​ហាល​ឬ​ស្តុក​កករ​ខាប់​(​ភក់​) ​អាង​ចម្រោះ​ទឹក​រ​ងៃ​ចំនួន​ ២​ ​ស្រះ​បំ​ប្លែង​ក្លិន​ទឹក​ជា​ដំណាក់​កាល​ អគារ​រដ្ឋបាល​ ​អគារ​ស្នាក់​នៅ​សម្រាប់​កម្មករ ​ដែល​មាន​បំពាក់​គ្រឿង​បរិក្ខារ​អគ្គិស​នី សម្ភារ​បម្រើ​ឱ្យ​ការ​ញែក​និង​ទុក​ដាក់​សំរាម​និង​កាក​សំ​ណល់​រឹង​តាម​ប្រភេទ​នីមួយៗ​ ​រួម​ទាំង​មាន​ការ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ ​របង​ការពារ​មិន​ឱ្យ​សត្វ​ពាហ​នៈ​ចូល​មក​ក្នុង​បរិវេណ​នៃ​ទីលាន​ចាក់​សំរាម​ ​និង​មាន​ដាំ​ដើម​ឈើ​លម្អ​ជា​ច្រើន​ទៀត។​​

លោក​បាន​បញ្ជាក់​ថា​​៖«​​ទីលាន​ថ្មី​នេះ ​នឹង​រួម​ចំណែក​កាត់​បន្ថយ​ភាព​កក​ស្ទះ​សំរាម​ក្នុង​ទីក្រុង​ ​ធ្វើ​ឱ្យ​អនា​ម័យ ​និង​បរិស្ថាន​ក្នុង​ទីក្រុង​នេះ​កាន់​តែ​ស្រស់​ស្អាត​ ​សម្រាប់​ការ​រស់​នៅ​រប​ស់​ប្រជា​ពល​រដ្ឋ​ប្រកប​ដោយ​ផា​សុក​ភាព​។ ​មិន​តែ​ប៉ុណ្ណោះ​ ​ក៏​នឹង​រួម​ចំណែក​ផ្ដល់​ការងារ​មួយ​ចំនួន​ ដល់​ពល​រដ្ឋ​ដែល​រស់​នៅ​ក្បែរ​ទីលាន​នេះ​ផង​ដែរ​ ​»​​​។​​

លោក​បាន​បន្ត​ថា​ ​បច្ចុប្បន្ន​ ​អាជ្ញា​ធរ​ក្រុង​ពោធិ៍សាត់​កំពុង​សហ​ការ​ជា​មួយ​ក្រុម​យុវ​ជន​ដើម្បី​បរិស្ថាន​ ធ្វើ​ការ​ប្រមូល​សំរាម​និង​កាក​សំណល់​​រឹង​ក្នុង​តំបន់​ទី​ប្រជុំ​ជន​នៃ​ក្រុង​ពោធិ៍​សាត់​ ​ក្នុង​បរិមាណ​ពី​ ៤០ ​តោន​ -៥០​ តោន ​ក្នុង ​១​ ថ្ងៃ​។​ សំរាម​ទាំង​នោះ ​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​រថ​យន្ត​ដឹក​សំរាម​ចំនួន​ ៦​ គ្រឿង​ យក​ទៅ​ចាក់​លើ​ទីលាន​ចាស់​ ១ ក​ន្លែង​ដែល​មាន​ផ្ទៃដី​ត្រឹម​តែ ១ ​ហិក​តា ស្ថិត​នៅ​ឈម​ជា​មួយ​ទីលាន​គ្រប់​គ្រង​សំរាម​ ​និង​សំណល់​រឹង​ថ្មី​ ដែល​ទើប​សាង​សង់​រួច​ ​នឹង​គ្រោង​បើក​ដំណើរ​ការ​នា​ដើម​ឆ្នាំ​ ២០២៣ ​នេះ​។​

ជុំ​វិញ​ការ​ប្រមូល​សំរាម​និង​កាក​សំណល់​រឹង​នេះ​ផង​ដែរ ​លោក​ ប៊ិ​ត​ ប៊ុន​ឡុង ប្រធាន​ក្រុម​យុវ​ជន​ដើម្បី​បរិស្ថាន​ ​ ​ដែល​មហា​ជន​ក្នុង​ក្រុង​ពោធិ៍​សាត់​ ស្គាល់​ជាទូ​ទៅ​ថា​ជា​ក្រុម​ប្រតិ​បត្តិ​ករ​ប្រមូល​សំរាម​នៅ​ក្នុង​ក្រុង​នេះ​តាំង​ពី​ដើម​ឆ្នាំ ២០១៩​មក​នោះ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ដោយ​សារ​ផ្ទៃ​ដី​នៃ​ទី​លាន​ចាក់​សំរាម​ ​បច្ចុ​ប្បន្ន​មាន​ទំហំ​តូច​ច​ង្ងៀត​ ​និង​មិន​មាន​លក្ខណៈ​ស្ដង់​ដាបច្ចេក​ទេស​ត្រឹម​ត្រូវ​នោះ ​បាន​ធ្វើ​ឱ្យ​សំរាម​និង​កាក​សំណល់​រឹង​មួយ​ចំនួន​ ​ហៀរ​ចាក់​ទៅ​ក្នុង​ដី​ស្រែ​កសិ​កម្ម​របស់​ប្រជា​ក​សិ​ករ​ជា​ច្រើន​គ្រួសារ​ដែល​រស់​នៅ​ជុំវិញ​ទីលាន​នោះ ​ធ្វើ​ឱ្យ​ពួក​គេ​មិន​អាច​ប្រើ​ប្រាស់​ដី​កសិ​កម្ម​របស់​ខ្លួន​សម្រាប់​ការ​បង្ក​បង្កើន​ផល​បាន​ ​ហើយ​ក្លិន​ស្អុយ​នៃ​កាក​សំណល់​ផែល​ផុយ​រលួយ​ ​បាន​ប៉ះ​ពាល់​ដល់​សុខ​ភាព​ការរស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ ថែម​ទៀត​។

លោក​ ​ប៊ុន​ឡុង​ ​បាន​និយាយ​ថា​៖«​ឥឡូវ​នេះ ​ទី​លាន​ចាក់​សំរាម​ថ្មី​ដ៏​ធំ​ទូលាយ​ ​ត្រូវ​បា​ន​សាង​សង់​រួច​រាល់​ជា​ស្ថាពរ​ហើយ​។​ ​ទី​លាន​ថ្មី​នេះ​ នឹង​រួ​ម​ចំ​ណែក​យ៉ាង​សំខាន់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដែល​កំពុង​កើត​មាន​នា​ពេល​បច្ចុ​ប្បន្ន​»​។​​

បើ​តាម​លោក​ ​ប៊ុន​ឡុង​ ​ប្រ​ជា​ពលរដ្ឋ​ភាគ​ច្រើន​ ​នៅ​មិន​ទាន់​មាន​ការ​យល់​ដឹង​អំពី​របៀប​នៃ​ការ​បែង​ចែក​និង​វេច​ខ្ចប់​សំរាម​និង​កាក​សំណល់​រឹង​បាន​ត្រឹម​ត្រូវ​នៅ​ឡើយ​ទេ​ ខណៈ​ពលរ​ដ្ឋ​មួយ​ចំនួន​ទៀត​នៅតែ​​បន្ត​បោះ​ចោ​ល​សំរាម​ពាស​វាល​ពាស​កាល​ ដែល​ជា​ទូទៅ​បាន​បង្ក​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ ​សង្គម​ ​និង​សុខ​ភាព​សាធារ​ណៈ​។​ ​បញ្ហា​នេះ​ទាម​ទារ​ឱ្យ​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ទាំង​អស់​ រួម​ទាំង​អង្គ​ការ​សង្គម​ស៊ីវិល​ជា​ដៃគូ ​និង​វិស័យ​ឯក​ជន ចូល​រួម​ ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​ដល់​ពលរដ្ឋ​នៅ​តាម​សហ​គមន៍​មូល​ដ្ឋាន​។​​

លោក​ថ្លែង​ថា​៖​«​​បច្ចុប្បន្ន ​ប្រជា​ពល​រដ្ឋ​យើង​ភាគ​ច្រើន​មិន​បាន​បែង​ចែក​កាក​សំណល់​ ​ទៅ​តាម​ប្រភេទ​នៃ​កាក​សំ​ណល់​នីមួយៗ​នោះ​ទេ​។​ ​ពេល​ខ្លះ កាក​សំណល់​វេជ្ជ​សាស្ត្រ​ ​ក៏​ត្រូវ​បាន​ក្រុម​ការងារ​យើង​ រក​ឃើញ​មាន​នៅ​លាយ​ឡំ​ក្នុង​ថង់​រួម​ជា​មួយ​កាក​សំណល់​ប្លា​ស្ទិក​ធម្មតា​ ​ឬ​កាក​សំណល់​ផ្ទះ​បាយ រួម​ទាំង​កាក​សំ​ណល់​រឹង​ផ្សេង​ទៀត​ផង​ដែរ​»​​។​​

ទន្ទឹម​នឹង​នេះ​ ​ការ​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ ​នៅក្នុ​ង​ការ​បង់​ថ្លៃ​សំរាម​ដល់​ភ្នាក់​ងារ​ប្រមូល​សំរាម​នៅ​មាន​កម្រិត​នៅ​ឡើយ​។ ​ លោក​ ​បាន​បន្ត​ថា​ នៅ​ក្រុង​ពោធិ៍​សាត់​បច្ចុប្បន្ន​ ​មាន​ពល​រដ្ឋ​សរុប​ ​១៧ ០០០​គ្រួសារ ប៉ុន្តែ​អ្នក​ដែល​បាន​ចូល​រួម​ធ្វើ​ការ​វេចខ្ចប់ ​និង​ទុក​ដាក់​សំរាម​ឱ្យ​មាន​របៀប​រៀប​រយ​ ​ដើ​ម្បី​ឱ្យ​ភ្នាក់​ងារ​ប្រមូល​សំរាម​ងាយ​ស្រួល​ប្រមូល​ ​និង​ដឹក​ជញ្ជូន​យក​ទៅ​ទុក​ដាក់​ក្នុង​ទីលាន​គ្រប់​គ្រង​សំរាម​នោះ ​គឺ​មាន​តែ​៦ ៥០០​គ្រួសារ​ប៉ុណ្ណោះ​។ ​ក្នុង​ចំនួន​នេះ ​គឺ​មាន​តែ​៣ ៥០០​គ្រួសារ​ ឬ​ ស្មើ​៤៨​ភាគ​រយ​ទេ ដែល​បាន​ចូល​រួម​បង់​ថ្លៃ​សំរាម​ដល់​អង្គ​ភាព​ប្រមូល​សំរាម​របស់​លោក​។

លោក​ស្រី ​Jyotsana ​Varma ​នាយិ​កា​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​ធនា​គារ​អភិ​វឌ្ឍន៍​អាស៊ី​ ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ ​ត្រួត​ពិនិត្យ​អំពី​វឌ្ឍន​ភាព​នៃ​ដំណើរ​ការ​អនុ​វត្ត​ន៍​គ​ម្រោ​ង​ខាង​លើនេះ​​កាល​ពី​ថ្ងៃទី​២៤​ ខែវិច្ឆិកា ​ឆ្នាំ​២០​២២ ​បាន​សម្ដែង​ការ​កោត​សរ​សើរ​ដល់​អាជ្ញា​ធរ​ ​និង​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឱ្យ​គម្រោង​នេះ​ចេញ​ជា​រូបរាង​ឡើង​។ ​ទន្ទឹម​នឹង​នេះ លោក​ស្រី​ ​បាន​មាន​ប្រ​សាសន៍​ថា​៖«​​ខ្ញុំ​សង្ឃឹម​ថា ​សមិទ្ធផល​នៃ​គម្រោង​នេះ ​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ជា​ប្រ​យោជន៍​សាធារ​ណៈ ​ប្រកប​ដោយ​និរ​ន្ត​រ​ភាព និង​ស័ក្ដិ​សិទ្ធិ​ភាព »​។​

​ក្នុង​ន័យ​ជំរុញ​ឱ្យ​មាន​ការ​ចូល​រួម​យ៉ាង​ផុល​ផុស​ពី​សហ​គមន៍​មូល​ដ្ឋាន​ និង​ពី​វិស័យ​ឯក​ជន​ ​ ​លោក​ស្រី ​Jyotsana ​Varma ​បាន​លើក​ឡើង​ថា​ សំរាម​និង​កាក​សំណល់​សរី​រាង្គ​ផ្សេង​ទៀត​ ​ដែល​នឹង​ត្រូវ​ប្រមូល​ ​និង​ដឹក​ជញ្ជូន​មក​កាន់​ទី​លាន​ចាក់​សំរាម​ថ្មី​នេះ ​គឺ​អាច​យក​ទៅ​កែច្នៃ​ធ្វើ​ជា​ជី​កំ​ប៉ុស ​សម្រាប់​ប្រើប្រាស់​លើក​កម្ពស់​គុណ​ភាព​ដី​កសិ​កម្ម​បាន​យ៉ាង​ល្អ​ប្រសើរ ​ខណៈ​កាក​សំណល់​ផ្លា​ស្ទិ​ក​ អាច​កែច្នៃ​ធ្វើជា​របស់​ប្រើ​ប្រាស់​ផ្សេងៗ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។​​

ទីលាន​ទុក​ដាក់​សំរា​ម​ថ្មី​ក្នុង​ក្រុង​ពោធិ៍​សាត់ ​គឺ​ជា​សមទ្ធិ​ផល​មួយ​ក្នុង​ចំណោម​សមិទ្ធផល​ផ្សេង​ទៀត​នៃ​គម្រោង​គ្រប់​គ្រង​បរិស្ថាន​ទី​ក្រុង​តាម​បណ្តោយ​បឹង​ទន្លេ​សាប​ដែល​មាន​ទឹក​ប្រាក់​សរុ​ប​ជាង​៥៣លា​ន​ដុល្លារ​អាមេរិក​ ​គាំ​ទ្រ​ដោយ​ធនា​គារ​អភិ​វឌ្ឍន៍​អាស៊ី និង​មូល​និធិ​យុទ្ធ​សាស្ត្រ​អាកាស​ធាតុ​ ​ជា​មួយ​វិភាគ​ទាន​មួយ​ចំនួន​ពី​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ និង​សហ​គមន៍​ផ្ទាល់៕​​