ភ្នំពេញៈ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​សម្រេច​ផ្តល់“​អាហា​រូបករណ៍​ទេព​កោសល្យ​ឌីជី​ថល​តេ​ជោ – Techo​Digital Talent Scholarship”តាម​រយៈ​ក្រសួង​ប្រៃស​ណីយ៍​និង​ទូរគម​នាគ​មន៍មាន​ចំនួន​ចន្លោះ​ពី ៣០០ ​ទៅ ​៥ ០០០​ នាក់ លើ​ជំនាញ​ថ្នាក់​បរិញ្ញា​បត្រ​ បរិញ្ញា​បត្រ​ជាន់​ខ្ពស់ បណ្ឌិត និង​វគ្គ​បណ្តុះ​បណ្តាល​មន្ត្រីរាជ​កា​រលើ​ជំនាញ​ឌីជីថល​សម្រាប់​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ប្រៃស​ណីយ៍​។

​សេចក្តី​ប្រកាស​ព័​ត៌​មានក្រសួង​ប្រៃស​ណីយ៍​ថ្ងៃទី​ ២៨ ខែវិច្ឆិកា បាន​ឱ្យដឹង​ថា ក្រោម​ការយក​ចិត្ត​ទុកដាក់​ជាប្រចាំ​លើ​ការ​កសាង​ធនធាន​មនុស្ស​ឆ្នើម និង​អនា​គត​យុវជន​យុវនារី ក្នុង​យុគ​សម័យ​ឌីជីថល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ផ្តល់ “​អាហា​រូបករណ៍​ទេព​កោសល្យ​ឌីជីថល​តេ​ជោ ​– Techo Digital Talent Scholarship”តាម​រយៈ​ក្រសួង​ប្រៃស​ណីយ៍​និង​ទូរគម​នាគមន៍ សម្រាប់​សិក្សា​ជំនាញ​បច្ចេក​វិទ្យា​ឌីជីថល ​ឆ្នាំ​ ២០២៣​។

​ប្រភព​ដដែល​បន្ត​ថា កម្មវិធី​អាហា​រូបករណ៍​នេះ ​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ​ប្រសើរ​តាំង​ឆ្នាំ​ ២០២០​ មក​ ដោយ​ទទួល​បាន​សិស្ស​ចំនួន ២៥០​ នាក់ ជ្រើស​ចេញពី​សិស្ស​ឆ្នើម​ទូទាំង​ប្រទេស​។កម្មវិធី​អាហា​រូបករណ៍​ទេព​កោសល្យ​ឌីជីថល​តេ​ជោ គ្រោង​នឹង​ផ្តល់​អាហា​រូបករណ៍​ជាច្រើន​កន្លែង​បន្ថែម​ទៀត លើ​ជំនាញ​ឌីជីថល​ ក្នុង​នោះ​រួមមាន ថ្នាក់​បរិញ្ញា​បត្រ អនុបណ្ឌិត និង​បណ្ឌិត​ផង​ដែរ​។

​ក្រសួង​ប្រៃស​ណីយ៍​បញ្ជាក់​ថា​៖ «​ថ្នាក់​បរិញ្ញា​បត្រ បរិញ្ញា​បត្រ​ជាន់​ខ្ពស់ និង​បណ្ឌិត​ ចំនួន ៣០០ - ៥០០ នាក់ នៅ​គ្រឹះ​ស្ថាន​អប់រំ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​។ ​​វគ្គ​បណ្តុះ​បណ្តាល​អ្នក​ជំនាញ​ឌីជីថល ​រយៈ​ពេល​៣ខែ ទៅ ១ ឆ្នាំ ចំនួន​ ១ ០០០​- ២ ០០០ នាក់​។​-​វគ្គ​បណ្តុះ​បណ្តាល​មន្ត្រី​រាជ​កា​រលើ​ជំនាញ​ឌីជីថល ​សម្រាប់​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​ ចំនួន ២ ០០០-​ ៥ ០០០ នាក់​»​។​

​ក្រសួង​ប្រៃ​ស​ណី​យ៍លើក​ឡើង​ថាក្នុង​ពិធី​បិទ​មហា​សន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​នៅ​ថ្ងៃទី ​២៧ ខែវិច្ឆិកា ឆ្នាំ​ ២០២២​ លោក​ ហ៊ុន ម៉ា​ណែត​ ក៏បាន​ជំរុញ​ឱ្យមាន​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ជំនាញ ​ជាពិសេស​លើ​ជំនាញ​បច្ចេក​វិទ្យា​ឌីជី​ថល​ផង​ដែរ​។

​ក្រសួង​បញ្ជាក់​ថា​ «​ដោយ​ពិនិត្យ​ឃើញ​ពី​ភាព​ជោគ​ជ័យ​នៃ​កម្មវិធី​អាហា​រូបករណ៍ ​ព្រម​ទាំង​ដើម្បី​ផ្តល់ឱកាស​ដល់​សិស្ស​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យា​ល័យ មន្ត្រី​រាជ​ការ បុគ្គលិក​ស្ថាប័ន​រដ្ឋ​និង​ឯកជន និង​សា​ធារណ​ជន ឱ្យ​ទទួល​បាន​នូវ​ចំណេះ​ដឹង​និង​ការ​ពង្រឹង​សមត្ថ​ភាព​បន្ថែម​ទៀត លើ​ជំនាញ​បច្ចេក​វិទ្យា​ឌីជីថល ទើប​កម្មវិធី​អាហា​រូបករណ៍​ទេព​កោសល្យ​ឌីជីថល​តេ​ជោ គ្រោង​ផ្តល់​ច្រើន​កន្លែង​បន្ថែម​ទៀត​»​។

​កញ្ញា ជី​ សុជាតា ប្រធាន​កម្មវិធី នៃ​សហ​គ្រាស​សង្គម Agile (Agile Development Group) និយាយ​ជា​មួយ​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៨ ខែ​វិច្ឆិ​កា​ថា កញ្ញា​គាំទ្រ​ចំពោះ​ការ​ផ្តល់​អាហារូ​បករណ៍​លើ​ជំនាញ​ឌីជីថល​។

កញ្ញា​ថា ចំណេះ​ដឹង​ផ្នែក​ឌីជីថល​ក្នុង​ពេល​បច្ចុប្បន្ន​មាន​សក្តានុ​ពល​ខ្លាំង លើ​​គ្រប់​វិស័យ មិន​ថា​ ប្រើ​ប្រាស់​លើ​ការ​ប្រក​បមុខរបរ​ក​ស៊ីគ្រប់​គ្រង​ស្ថា​ប័ន​ទាំង​រដ្ឋ និង​ឯក​ជន​ និង​ការ​ធ្វើ​ទំនាក់​ទំនង​ផ្សេងៗ​នោះទេ​ ប្រើ​សិន​បើ​ចេះ​ជំនាញ​ឌីជីថល នឹង​ធ្វើឱ្យ​ការងារ​រលូន​ទៅ​រហ័ស និង​ចំណេញ​ពេល​វេ​លា ​ព្រោះ​មិន​ចាំបាច់​រក​ទីតាំង​ប្រមូ​លផ្តុំ​ដើម្បី​ជជែក​ពិភាក្សា​ក៏បាន​។

​កញ្ញា​ថ្លែងថា​៖ «​នៅពេល​យើង​ចេះ​យើង​អាច​បង្កើន​សក្តានុ​ពលរ​បស់​យើង​ដែរ​។​មួ​យវិញទៀត​ការងារ​បច្ចុប្បន្ន​គឺ​ត្រូវការ​ជំនាញ​ហ្នឹង​ជា​ចាំបាច់​ដើម្បី​រុញ​ការងារ​ទៅ​មុខ សូម្បី​ការប្រជុំ​ឥឡូវ​ភាគច្រើន​ក៏​យើង​មិនសូវ​ជួបគ្នា​ផ្ទាល់​មុខ​ដែរ គឺ​យើង​ធ្វើ​អន​ឡាញ​ អ៊ិ​ចឹ​ង​ទាមទារ​ចេះ​ជំនាញ​ហ្នឹង​ហ្មង​ទោះ​បី​មិនចេះ​ខ្ពស់ យ៉ាង​ហោច​ណាស់​ត្រូវ​ចេះដឹ​ង​ពី​របៀប​ចូល zoom m​eeting ឬ​​អ៊ីមែល​ដែរ​»​។

​កញ្ញា​បាន​លើក​ឡើងថា​ បច្ចុប្បន្ន​ចំណេះដឹ​ង​ឌីជីថល​សម្រាប់​ជន​មាន​ពិការ​ភាព​នៅមាន​កម្រិត​ខ្លាំង ព្រោះ​ការផ្តល់​អាហា​រូបករណ៍ ឬ​វគ្គ​បណ្តុះ​បណ្តាល​ផ្នែក​ឌីជី​ថល​ជូន​ពួកគាត់​នៅ​មិន​ទាន់​មាន​ភាព​ទូលំទូ​លាយ​នៅឡើយ ​ដែល​ទាម​ទារ​ឱ្យមាន​ការ​ចែករំ​លែក​ចំណេះ​ដឹង ឬ​អាហា​រូបករណ៍​បន្ថែម​។

​បើតាម​កញ្ញា ជី សុជាតា កន្ល​ងមក​តាម​រយៈ​ក​ម្ម​វិធី​នៃ​សហ​គ្រាស​សង្គម Agile បាន​ជួយ​បណ្តុះ​បណ្តាល​ជន​មាន​ពិការ​ភាព​ចំនួន ៤៧ ​នាក់ ​ឱ្យបាន​ចេះ​ដឹង​ជំនាញ​ឌីជីថល ​៣ កម្រិត​គឺ វគ្គ​កម្រិត​មូល​ដ្ឋាន កម្រិត​មធ្យម ​និង​កម្រិត​ខ្ពស់ ដែល​មាន​ប្រយោជន៍​ដល់​ការ​ធ្វើ​ការងារ​របស់​ពួក​គាត់​។

​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ជូន​និស្សិត​សាកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ កា​លពី​ថ្ងៃទី​ ១៧ ​ខែសីហា ឆ្នាំ​ ២០២២ លោក ​នាយករ​ដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា កម្ពុជា​បាន​ដើរ​ទាន់​ការ​វិវឌ្ឍផ្នែក​ឌីជីថល​និង​បច្ចេក​វិទ្យា​ព័ត៌មានធ្វើ​ឱ្យ​សិស្ស​អាច​សិក្សា​អន​ឡាញក្នុង​អំឡុ​ងពេល​មាន​ការ​រាតត្បាត​ជំងឺ​កូ​វីដ​ ១៩ ជាស​កល​។លោក​ក៏បាន​បញ្ជាក់​ជាថ្មី​ថា មន្ត្រីរាជ​ការ​ដែល​មិន​ចេះ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌​មាន គឺ​មិន​ត្រូវ​បាន​តែង​តាំង​ឱ្យ​កាន់​មុខ​តំណែង​ផ្សេងៗ​​នោះឡើយ​៕