ភ្នំពេញៈ សំណើ​ចំនួន ១២ ចំណុច​របស់​លោក​យ៉ង សាំងកុមារ ត្រូវបាន​ពិភាក្សា​និង​ទទួល​ឯក​ភាពជា​ផ្លូវការ​ពី​រដ្ឋាភិបាល ក្នុងការ​ដោះស្រាយ​បញ្ហា​ផលិតកម្ម និង​ទីផ្សារ​ស្រូវ​អង្ករ​ក្នុង​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​អនុញ្ញាត​ឱ្យ​លោក ​ឌិត ទីណា ​រដ្ឋមន្ត្រី​កសិកម្ម​និង​លោក យ៉ង សាំងកុមារ ព្រមទាំង​លោក ឡឹក​ សុធារ អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ចូលជួប​ដោយ​ផ្ទាល់។​

​ជំនួប​នេះ ធ្វើឡើង​បន្ទាប់ពី​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទាំង ២ រូបនេះ កាលពី​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ បាន​ស្នើ​សុំចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។​

​លោក ហ៊ុន សែន នៅ​រសៀល​ថ្ងៃទី ២៨ វិច្ឆិកា​ បាន​បង្ហោះ​សារ​ថា​៖ «​ទើប​ជួប​ពិភាក្សា​ជាមួយ រដ្ឋមន្ត្រី​កសិកម្ម ឌិត ទីណា និង​បណ្ឌិត​ យ៉ង សាំងកុមារ ព្រមទាំង​លោក​ ឡឹក សុធារ លើ​ការងារ​កសិកម្ម​ដែល​លោក​ទាំង ២ នាក់​ទើប​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា»។​

​ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា បាន​ប្រកាស​ស្វាគមន៍​លោក យ៉ង​ សាំងកុមារ និង​លោក ឡឹក សុធារ ដែល​បាន​សម្រេច​ចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រួមគ្នា​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឈាន​ទៅមុខ​។

លោក​បាន​គូសបញ្ជាក់ថា​៖ «​សម្រាប់​រូបខ្ញុំ​ផ្ទាល់ ការចូលរួម​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យឃើញ​ពី​ឆន្ទៈ​ដ៏​មុតស្រួច​របស់​លោក​ទាំង ២ នៅ​ក្នុង​វិស័យ​កសិកម្ម»។​

​ក្រោយ​ជំនួប​លោក​ យ៉ង សាំង​កុមារ​ ដែលជា​អ្នកជំនាញ​កសិកម្ម​ផង​នោះបាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា៖ «​នៅ​ព្រឹក​ថ្ងៃទី​ ២៨ វិច្ឆិកា ២០២២ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​ខ្ញុំ​បាន​ជួប​ជាមួយ​សម្តេច​នាយក​រដ្ឋមន្ត្រី​ពិភាក្សា​អស់​រយ:ពេល​ប្រមាណ ២ ម៉ោង​ក្នុង​បរិយាកាស​ល្អ​អំពី​ស្ថានភាព​កសិកម្ម ទុក្ខលំបាក​របស់​កសិករ ទស្សនវិស័យ​និង​វិធាន​ការកែ​លម្អ​ជាពិសេស​ផ្តោតលើ​វិស័យ​ស្រូវ​អង្ករ​និង​វិស័យ​ពាក់ព័ន្ធ ផ្សេងទៀត​។ ជាទូទៅ​យើង​មាន​ទស្សនវិស័យ​ដូចគ្នា​ទាក់ទង​នឹង​បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ហើយ​យើង​អាច​ធ្វើការ​ជាមួយគ្នា​បាន»។

​លោក​យ៉ង សាំង​កុមារ ដែល​ទើប​លាលែង​ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែម​ថា ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល លើ​កិច្ចការងារ​កសិកម្ម លោក​បាន​លើក​សំណើ​ចំនួន ១២ ចំណុច ដែល​រៀបចំ​ដោយ​រូបលោក ត្រូវបាន ពិភាក្សា​និង​ទទួល​ឯកភាព​ជា ផ្លូវការ​ពី​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បញ្ហា​ផលិតកម្ម​និង​ទីផ្សារ​ស្រូវ​អង្ករ​។ លោក​បង្ហាញ​ការ​ជឿជាក់ថា នៅពេល​អនុវត្ត​សំណើ​ទាំង ១២ ចំណុច​នោះ ទទួល​បាន​ជោគជ័យ​គឺ​អាចជួយ​ដោះស្រាយ​បញ្ហា​ជូន​គ្រួសារ​កសិករ​ខ្មែរ​ជាង ១ លាន​គ្រួសារ​បានល្អ​ប្រសើរ។​

ជំនួបរវាងលោក ហ៊ុន​ សែន លោក ឌិត ទីណា លោក យ៉ង សាំងកុមារ និងលោក ឡឹក សុធារ ពីថ្ងៃទី ២៨ វិច្ឆិកា។ រូបថត ធ្វីធើរ ឌិត ទីណា

​សំណើ ១២ ចំណុច​នោះ​រួមមាន​១ ពង្រឹង និង​ពង្រីក​ការ​ស្រាវជ្រាវ​ការផលិត និង​ផ្គត់ផ្គង់​គ្រាប់ពូជ​ស្រូវ​សុទ្ធ​ល្អ​ដល់​កសិករ (​ពូជ​ដែលមាន​តម្រូវការ​ខ្ពស់​លើ​ទីផ្សារ​)​។ ២ បណ្ដុះបណ្ដាល​ណែនាំ និង​ផ្ដល់យោបល់​ដល់​កសិករ ជាពិសេស​លើ​ការ​ប្រើប្រាស់​ពូជ ធាតុ​ចូល និង​ការ​គ្រប់គ្រង​ក្រោយពេល​ប្រមូល​ផល​។ ៣ រៀបចំ​ឱ្យមាន​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​កសិករ​អ្នក​ផលិត​ស្រូវ ដោយ​ធ្វើ​បច្ចុប្បន្នភាព​រាល់​រដូវ​។ ៤ រៀបចំ​ឱ្យមាន និង​ពង្រឹង​សហគមន៍​កសិករ​អ្នក​ផលិត​នៅតាម​ភូមិ ឃុំ ដោយ​មាន​កន្លែង​ប្រមូលផ្ដុំ កន្លែង​សម្ងួត និង​ឃ្លាំង​ស្តុក​ស្រូវ​។ ទី ៥ រៀបចំ​ឱ្យមាន​ប្រព័ន្ធ​ទិន្នន័យ​រោង​ម៉ាស៊ីន​កិនស្រូវ ដោយ​សហការ​ជាមួយ CRF។​

​ចំណែក​សំណើ​ទី ៦ សម្រប​សម្រួល​ឱ្យមាន​ការសហការ និង​កិច្ចសន្យា​រវាង​សហគមន៍​កសិករ​និង​រោង​ម៉ាស៊ីន​កិនស្រូវ និង​ក្រុមហ៊ុន​ជំនួញ​ស្រូវ​អង្ករ​។ ៧ កំណត់​ស្តង់ដា និង​យន្តការ​ត្រួតពិនិត្យ និង​បញ្ជាក់​គុណភាព​ស្រូវ និង​ការកំណត់​តម្លៃ​អប្បបរមា​ស្រូវ​តាម​ប្រភេទ​ពូជ (​ពូជ​ក្រអូប​ប្រណីត ពូជ​ក្រអូប​ធម្មតា និង​ពូជស្រូវ​ប្រាំង​ធម្មតា)។ ៨ ធ្វើការ​ជាមួយ​ធនាគារ​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​នានា ដើម្បី​បង្កើន​ទុន​ដល់​រោង​ម៉ាស៊ីន​ក្រុមហ៊ុន​ជំនួញ​ស្រូវ​អង្ករ និង​សហគមន៍​កសិករ​។ ៩ រៀបចំ​ឱ្យមាន​គណៈកម្មាធិការ​ដឹក​នាំ​គម្រោង​នៅក្រោម​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយមាន​ការ​ចូលរួម​ពី​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ និង​ទី១០ នាយកដ្ឋាន​ដំណាំ​ស្រូវ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម និង​មន្ទីរ​កសិកម្ម​ខេត្ត ទទួល​ខុសត្រូវ​លើ​ការអនុវត្ត​គម្រោង ដោយ​មាន​មន្ត្រី​កសិកម្ម ធ្វើការ​ផ្ទាល់​ជាមួយ​កសិករ និង​អាជ្ញាធរ​មូលដ្ឋាន​។ ចំណែក​សំណើ ២ ទៀត​រួមមាន​រៀបចំ​ឱ្យមាន​ប្រព័ន្ធ​ត្រួតពិនិត្យ និង​វាយ​តម្លៃ​គម្រោង​ដោយ​មាន​ការចូល​រួម​ពី​ភាគី​ពាក់ព័ន្ធ និង​ប្រើប្រាស់​ថវិកាជាតិ និង​ថវិកា​មកពី​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​អនុវត្ត​គម្រោង​នេះ។

​លោក​បាន​បន្ថែមថា ក្រៅពី​ចំណុច​ទាំងនេះ​ក៏មាន​ចំណុច​ពាក់ព័ន្ធ​សំខាន់ៗ​ផ្សេងទៀត​ដូចជា​ធារាសាស្ត្រ គ្រឿងយន្ត​កសិកម្ម​ជាដើម​។ ប៉ុន្តែ​លោក​បញ្ជាក់ថា​៖ «​កិច្ចការ​ទាំងអស់​នេះ​យើង​ត្រូវការ​ពេល​យ៉ាងតិច​បំផុត ៥ ឆ្នាំ​ដើម្បី អនុវត្ត​ផែនការ​នេះ​បាន​ទូទាំង​ប្រទេស»។

​លោក​បាន​បន្ថែមថា គម្រោង​ដែល​ត្រូវបាន​ស្នើឡើង​នេះ​មាន​គោលបំណង​ធ្វើឱ្យ​កសិករ​មាន​សមត្ថភាព​ផលិត​ស្រូវ​ដែលមាន​គុណភាព​ល្អ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ជាមួយ​ថ្លៃដើម​ទាប និង​ទទួល​បាន​តម្លៃ​សមរម្យ​។ ចំណែក​រោង​ម៉ាស៊ីន​កិនស្រូវ ទទួលបាន​ស្រូវ​ល្អ​ក្នុងតម្លៃ​សមរម្យ សម្រាប់​កែច្នៃ​លក់​ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ប្រទេស។​

​លោក​យ៉ង សាំង​កុមារ លើក​ឡើង​ថា គ្រួសារ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ភាគច្រើន​បំផុត​ជា​កសិករ​អ្នក​ធ្វើស្រែ​កំពុង​ជួប​ការលំបាក​ជាច្រើន​ដែល​បញ្ហា​នេះ​នាំមក​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សង្គមជាតិ​ទាំងមូល​។ លោក​ថា​៖ «​ក្នុង​កិច្ច​ការងារ​នេះ យើង​ត្រូវការ​សហការគ្នា​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​របស់​កសិករ​តាម​គោលការណ៍​ទុក្ខវេទនា​របស់​កសិករ ជា​ទុក្ខវេទនា​របស់​ជាតិ​ទាំងមូល»៕

វីដេអូ៖