
នារី ២ នាក់បង្ហាញផលិតផលធ្វើពីផ្លែដូងខ្មែរ។ រូបថត COCO de Takeo Cambodia
តាកែវៈ ផលិតផលកែច្នៃពីផ្លែដូងទុំធ្វើជាប្រេងដូងត្រជាក់ សាប៊ូដូងសម្រាប់ខាត់ស្បែក ស្ករគ្រាប់ដូង មីដូង ស្បែកជើងធ្វើពីស្រកីដូង កម្រាលជូតជើងធ្វើពីសរសៃដូង ស៊ុមប៉ាន់តែ ថូផ្កាធ្វើពីសម្បកដូង ជីកំប៉ុសស្រកីដូងហ្មត់ និងសម្បុកចាបធ្វើពីស្រកីដូងជាផលិតផលកែច្នៃដោយដៃរបស់ជនពិការនិងប្រជាសហគមន៍ ១ ក្រុមក្នុងភូមិពងទឹកខាងត្បូង ឃុំ គុស ស្រុកត្រាំកក់ កំពុងទទួលបានការពេញនិយម។ «ខ្ញុំសប្បាយចិត្តដែលបងប្អូននិយមគាំទ្រផលិតផលដែលជាស្នាដៃកូនខ្មែរធ្វើពីវត្ថុធាតុដើមក្នុងស្រុកយើង។ យើងប្រើផលិតផលខ្មែរគឺដើម្បីជួយលើកកម្ពស់ជាតិយើង»។ នេះជាការលើកឡើងរបស់លោក មាគ ស៊ន អ្នកគ្រប់គ្រងសិប្បកម្ម COCO de Takeo Cambodia។
សូរសំឡេងមនុស្សលាយឡំនឹងសំឡេងគ្រឿងចក្រកាត់សំឡេងទូរស័ព្ទដែលអាចយល់បានថា ជាទីតាំងប្រមូលផ្តុំមនុស្សធ្វើការនោះត្រូវបាន លោក មាគ ស៊ន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា គឺជាសំឡេងក្រុមបុគ្គលិកកម្មករនិងម៉ាស៊ីនវាយស្រកីដូងនៅក្នុងសិប្បកម្មកែច្នៃផ្លែដូងទុំធ្វើដោយដៃដែលផលិតចេញជាផលិតផលអាហារ និងផលិតផលប្រើប្រាស់ផ្សេងៗទៀត ហើយស្ទើរតែ ១០០ ភាគរយ គឺប្រើកម្លាំងពលកម្មដោយដៃសុទ្ធសាធ។ សិប្បកម្មរបស់លោកមានឈ្មោះថា COCO de Takeo Cambodia ដែលមានលោកអូលីវីយេ ជនជាតិបារាំង សញ្ជាតិខ្មែរជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាស្ថាបនិក។ សិប្បកម្មមួយនេះបានផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន ៤០ នាក់ ក្នុងនោះមានជនពិការប្រុសស្រី ចំនួន ១០ នាក់ផងដែរ។ ពួកគាត់ខ្លះពិការដៃម្ខាង ខ្លះពិការជើងម្ខាង អ្នកខ្លះងងឹតភ្នែកម្ខាង និងខ្លះជាមនុស្សគថ្លង់។
លោកឱ្យដឹងថា សិប្បកម្មរបស់លោកចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ ២០១៩ ក៏ប៉ុន្តែក្នុងឆ្នាំដដែលនេះដំណើរការផលិតកែច្នៃមិនបានល្អទេ ព្រោះជួបវិបត្តិជំងឺកូវីដ ១៩។ កាលនោះ ដោយស្ថិតក្នុងស្ថានភាពមិនសូវដំណើរការ បែបនេះហើយទើបលោករួមជាមួយលោកអូលីវីយេ បានខិតខំគិតរិះរកវិធីកែច្នៃផ្លែដូងទុំ ឱ្យទៅជាផលិតផលថ្មីៗ បន្ថែមទៀត ក្រៅពីផលិតផលដែលមានស្រាប់។
បើតាមលោក មាគ ស៊ន ផលិតផលដែលកែច្នៃចេញពីផ្លែដូងគឺលោកត្រូវយកតាំងពីសាច់ដូងមកពូតយកខ្ទិះ កែច្នៃជាស្ករគ្រាប់ដូង និងធ្វើជាប្រេងដូង ហើយប្រេងដូងនេះលោកយកទៅផលិតជាសាប៊ូសម្រាប់ខាត់ស្បែក។
រីឯកាកដូងវិញគឺលោកយកទៅលាយជាមួយម្សៅជាមួយពងទាពងមាន់ផលិតចេញជាសរសៃមីដែលហៅថា មីដូង។ ក្រៅពីយកសាច់ដូង នៅសល់លលាដ៍ដូងនិងស្រកីដូង ត្រូវកែច្នៃជាមួយសម្បកដូង ធ្វើជាថូព្យួរសម្រាប់ដាំផ្កា ស៊ុមសម្រាប់ដាក់ប៉ាន់តែ កម្ទេចកម្ទីដូងហ្មត់ ត្រូវធ្វើជាជីកំប៉ុស ស្បែកជើងធ្វើពីស្រកីដូង កម្រាលសម្រាប់ជូតជើង ទ្រនាប់ចាន ផ្ទិលត្រឡោក ពែងតែ កាដាក់ទឹកញ៉ាំ រីឯត្រឡោកវាត្រូវយកទៅកែច្នៃធ្វើជា ចិញ្ចៀន បន្តោងសោ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។
លោកថ្លែងថា៖ «ផលិតផលទាំងនេះកំពុងជ្រាបចូលជ្រៅក្នុងបេះដូងរបស់អ្នកប្រើប្រាស់ហើយ។ ឥឡូវមានការគាំទ្រច្រើនពីអតិថិជនតាមអនឡាញដោយសារតែយើងផលិតពីវត្ថុធាតុដើមចេញពីធម្មជាតិពិតៗ។ ផលិតផលនេះជាសញ្ញាណមួយប្រាប់ទៅដល់ប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ធម្មជាតិ និងបង្កើនគំនិតឱ្យប្រជាពលរដ្ឋគិតថា ផ្លែដូងមានប្រយោជន៍លើសលប់បំផុតនៅក្នុងជីវភាពប្រចាំថ្ងៃរបស់យើង»។
ទោះជាយ៉ាងណាលោកបញ្ជាក់ថា ផ្លែដូងមិនមែនសុទ្ធតែអាចយកមកកែច្នៃបានទាំងអស់នោះទេ ហើយផ្លែដូង ដែលលោកកំពុងតែយកមកកែច្នៃផលិតជាផលិតផលចំណីអាហារនិងផលិតជារបស់ប្រើប្រាស់ផ្សេងៗនេះគឺជាផ្លែដូងរបស់ខ្មែរសុទ្ធសាធ។ តែបើដូងថៃឬដូងវៀតណាម លោកមិនអាចយកមកកែច្នៃបានទេ។
ព្រោះដូងថៃ និងដូងវៀតណាម មិនសូវមានខ្ទិះ ហើយខ្ទិះវាក៏មិនឈ្ងុយឆ្ងាញ់ដែរ រីឯត្រឡោកដូងវិញ ក៏តូចដែលលោកមិនអាចយកមកកែច្នៃធ្វើអ្វីបានឡើយ។ ហេតុដូច្នេះហើយ ទើបសិប្បកម្មរបស់លោកឱ្យតម្លៃទៅលើដូងខ្មែរ ប៉ុន្តែប្រជាពលរដ្ឋយើង នៅតាមតំបន់មួយចំនួន លែងនិយមដាំដូងខ្មែរហើយព្រោះគាត់យល់ថា ដើមវាខ្ពស់ពិបាកឡើងបេះ រីឯតម្លៃលក់ក៏មានតម្លៃថោកទៀត។ បញ្ហានេះហើយ ទើបពលរដ្ឋខ្មែរបច្ចុប្បន្ន ជ្រើសរើសយកពូជផ្លែដូងពីប្រទេសថៃឬប្រទេសវៀតណាមយកមកដាំព្រោះវាដុះមិនខ្ពស់ហើយមានផ្លែច្រើន។ តែផ្ទុយទៅវិញដូងដែលអាចយកមកធ្វើជាស៊ុមសម្រាប់ដាក់ប៉ាន់តែរក្សាកម្តៅបានយូរហើយត្រឡោកធំនោះគឺមានតែដូងខ្មែរទេព្រោះវាមានសាច់ក្រាស់ល្អហើយបើយើងពូតយកខ្ទិះគឺមានក្លិនឈ្ងុយមានរសជាតិឆ្ងាញ់។
លោកបន្ថែមថា៖ «ឥឡូវខ្ញុំមានមោទនភាពដែរព្រោះប្រជាពលរដ្ឋនៅក្នុងឃុំគុសភាគច្រើនងាកមកដាំដូងខ្មែរវិញព្រោះពួកគាត់ដឹងថា សិប្បកម្មខ្ញុំត្រូវការទិញតែដូងខ្មែរយើងទេ។ កាលពីឆ្នាំកូវីដគាត់លក់ផ្លែដូងខ្ចីអត់ដាច់ទុកទាល់តែទុំ ហើយគ្មានអ្នកណាទិញទៀត តែយើងជាអ្នកប្រមូលទិញពីគាត់។ អ៊ីចឹង សិប្បកម្មខ្ញុំបានជួយទីផ្សារគាត់ច្រើន»។
លោកសង្កត់ធ្ងន់ទៀតថា អ្វីដែលជាផលិតផលពិសេស និងមានប្រយោជន៍បំផុតនោះគឺប្រេងដូងត្រជាក់ដែលផលិតពីខ្ទិះដូង និងមានអត្ថប្រយោជន៍ច្រើនមុខណាស់ដូចជាជួយកាត់បន្ថយ Cholesterol អាក្រក់ (LDL) និងជួយបង្កើន Cholesterol ល្អ (HDL) ជួយក្នុងការសម្រកខ្លាញ់ជាពិសេសខ្លាញ់ក្បាលពោះជួយឱ្យមុខរបួសឆាប់ជាសះ ជួយកម្ចាត់ពពួកបាក់តេរីមេរោគ និងផ្សិត ជួយឱ្យស្បែកមានសំណើមនឹងប្រឆាំងភាពចាស់ជាងវ័យ ជួយផ្តល់សំណើមដល់សក់ការពារសក់ខូច ជួយបំបាត់សង្វារលើស្បែក ជួយប្រព័ន្ធរំលាយអាហារឱ្យដំណើរការបានល្អ និងជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ និងផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើនទៀត។ ប៉ុន្តែផលិតផលទាំងប៉ុន្មានខាងលើ គឺលោកមិនទាន់មានទីផ្សារនៅក្រៅប្រទេសឬនាំចេញទៅក្រៅប្រទេសនៅឡើយទេ។
ពាក់ព័ន្ធសិប្បកម្មកែច្នៃផ្លែដូងទុំនេះត្រូវបានលោក សុំ សុវ៉ាន់ មេភូមិ ពងទឹកខាងត្បូង ឃុំគុស បានឱ្យដឹងថា នៅក្នុងភូមិពងទឹកខាងត្បូង មានសិប្បកម្មមួយឈ្មោះ COCO de Takeo Cambodia ហើយបានជួយរួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋនៅក្នុងភូមិ ឬអ្នករស់នៅក្បែរតំបន់នោះអាចរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបានមួយកម្រិតដែរ។ អ្វីដែលប្រសើរជាងនេះទៅទៀតនោះ គឺសិប្បកម្មមួយនេះបានផ្តល់ការងារដល់ជនពិការដែលពួកគាត់មិនអាចចេញទៅប្រកបរបរនៅឆ្ងាយៗបាន។ ពិសេសជនពិការគថ្លង់បើសិនជាគាត់ទៅធ្វើការ នៅកន្លែងផ្សេងប្រហែលជាគេមិនយកគាត់ផងទេ។
លោកបានបន្តថា៖ «ម្ចាស់សិប្បកម្មលោកអូលីវីយេ ជាជនជាតិបារាំងរូបនោះ មិនត្រឹមតែជួយផ្តល់ការងារដល់ប្រជាពលរដ្ឋទេតែថែមទាំងជួយផ្តល់ថវិកាដល់ប្រជាការពារភូមិ ១០ នាក់ចំនួន ២០ ម៉ឺនរៀលក្នុង ១ ខែផង។ ក្រៅពីជួយដល់ប្រជាការពារភូមិក៏លោកជួយដល់វត្តក្នុងភូមិខ្ញុំក្នុង ១ រដូវបុណ្យរាប់ពាន់ដុល្លារដែរហ្នឹង»៕