ភ្នំពេញៈ ក្រុមប្រឹក្សា​គណៈ​កម្មការ​ទន្លេមេគង្គ បាន​ធ្វើការ​ប្ដេជ្ញា​ចិត្តជា​ថ្មី​ទៀត ដើម្បី​ការពារ​ទន្លេ​មេគង្គ ដែលជា​កិច្ចខិតខំ​ប្រឹង​ប្រែង និង​ជាការ​តស៊ូ​របស់​ប្រទេស​សមាជិក ដើម្បី​ធ្វើការ​ឆ្ពោះ​ទៅកាន់​អាង​ទន្លេមេគង្គ​ប្រកបដោយ​និរន្តរភាព និង​មាន​សុខភាព​ល្អ។

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ ចុះ​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ បាន​លើក​ឡើង​ថា ក្រុមប្រឹក្សា​គណៈកម្មការ​ទន្លេមេគង្គ (MRC) នឹងធ្វើ​សកម្មភាព​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ក្នុង​តំបន់ ដើម្បី​ការការពារ​ទន្លេ​ដែល​ហូរ​កាត់​ប្រទេស​អាស៊ាន​ចំនួន ៤ នេះ​។

កាលពី​សប្ដាហ៍​មុន​ស្ថាប័ន​គ្រប់គ្រង​នៃ​គណៈកម្ម​ការ​ទន្លេមេគង្គ បាន​អនុម័ត​គំនិត​ផ្តួចផ្តើម​សំខាន់ៗ​ចំនួន ២ ក្នុង​គោល​បំណង​សម្រប​សម្រួល និង​កែលម្អ​កិច្ចខិតខំ​ប្រឹងប្រែង​ទូលំទូលាយ​ក្នុង​តំបន់ ដើម្បី​ត្រួតពិនិត្យ និង​ការពារ​សុខភាព​ផ្លូវទឹក​ដ៏សំខាន់​បំផុត​នៅ​អាស៊ីអាគ្នេយ៍​។ ការផ្ដួចផ្ដើម​ទាំងនោះ​ត្រូវបាន​រៀបចំ​ឡើង​នៅក្នុង​កិច្ចប្រជុំ​លើកទី ២៩ របស់​ក្រុម​ប្រឹក្សា MRC តំណាង​ប្រទេស​សមាជិក MRC (​កម្ពុជា ឡាវ ថៃ និង​វៀតណាម​) ដែល​អនុម័ត​លើ​បណ្តាញ​ត្រួតពិនិត្យ​ទន្លេ​ស្នូល​ដែល​បាន​រចនា​ឡើងវិញ ដោយ​មុខងារ​សំខាន់​គឺ​គាំទ្រ​ដល់​រដ្ឋាភិបាល​ទាំង ៤។​

​តំណាង​ប្រទេស​ទាំងនេះ​បាន​ប្រមូល​ទិន្នន័យ​វិទ្យាសាស្ត្រ និង​តាមដាន​បញ្ហា​សំខាន់ៗ​ដូចជា​៖ ជលសាស្ត្រ គុណភាព​ទឹក ការ​បញ្ចេញ​ទឹក ដីល្បាប់ ជលផល និង​សុខភាព​អេកូឡូស៊ី។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់ MRC បាន​ស្រង់​ប្រសាសន៍​ប្រធាន​ក្រុមប្រឹក្សា MRC សម្រាប់​ឆ្នាំ ២០២២ គឺ​លោក Tran Hong Ha រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន​របស់​វៀតណាម​ដែល​បាន​លើក​ឡើង​ពីសារៈ​​សំខាន់​របស់​ផែនការ​គ្រប់គ្រង​ធនធានទឹក (MWP)។

​លោក Tran Hong Ha ថា​៖ «​វា​នឹង​ចាប់ផ្តើម​ដំណាក់កាល​សំខាន់​ទី ២ នៃ​ផែនការ​យុទ្ធសាស្ត្រ។ ជាងនេះ​ទៅ​ទៀត វា​ជា​ធាតុ​ផ្សំ​សំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការតស៊ូ​របស់​ប្រទេស​សមាជិក ដើម្បី​ធ្វើការ​ឆ្ពោះ​ទៅកាន់​អាង​ទន្លេមេគង្គ​ប្រកបដោយ​​និរន្តរភាព និង​មាន​សុខភាព​ល្អ»។​

​នៅក្នុង​ផែនការ​គ្រប់គ្រង​ធន​ធាន​ទឹក (MWP) សម្រាប់​ឆ្នាំ ២០២២ មាន​កិច្ចការ​ចំនួន ១៥៨ ចំណុច​ត្រូវបាន​ដាក់ចេញ​ដែល​ក្នុងនោះ មានតែ ១២៣ ចំណុច​ប៉ុណ្ណោះ​ត្រូវបាន​បញ្ចប់​នៅ​ខែ​តុលា​កន្លង​មកនេះ​។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ MRC ដែល​ស្រង់​សម្តី​របស់​នាយក​ប្រតិបត្តិ​នៃ​លេខា​ធិការដ្ឋាន MRC គឺ​លោក Anoulak Kittikhoun​។ លោក AnoulakKittikhoun ប្រាប់​ក្រុមប្រឹក្សា MRC ថា​៖ «​យើង​ដឹង​ពី​បញ្ហា​ប្រឈម​ធំៗ ដែល​មេគង្គ​កំពុង​ប្រឈម និង​ពេលវេលា​តិចតួច​ដែល​យើង​មាន»។​

MRC បាន​បង្កើន​កិច្ច​សហ​​ប្រតិបត្តិការ​ជាមួយ​អ្នកពាក់ព័ន្ធ​ចម្រុះ រួមទាំង​ពី​សង្គម​ស៊ីវិល និង​បាន​លើក​ទឹកចិត្ត​ឱ្យ​អង្គការ​នេះ រៀបចំ​ឱ្យមាន​ការចូលរួម​ជា​ផ្លូវការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ទាំងនេះ​។ ក្រុម​នេះ​ក៏បាន​លើក​ទឹកចិត្ត​ដល់​ការ​ចែករំលែក​ព័ត៌មាន និង​ទិន្នន័យ​បន្ថែម​ទៀត ជាពិសេស​លើ​ទំនប់​វារីអគ្គិសនី ហើយ​ការផ្តោត​ជារួម​របស់ MRC គឺ​លើ​បញ្ហា​ឆ្លង​ដែន ដែល​ពាក់ព័ន្ធ​នឹង​ភាគី​ពាក់ព័ន្ធ​ជាច្រើន និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​មេគង្គ​រាប់សិប​លាន​នាក់ ដូចជា​ការអភិវឌ្ឍ​ធនធានទឹក និង​ការ​សម្របសម្រួល​របស់​ប្រតិបត្តិការ​ទំនប់​ជាដើម។​

MRC គឺជា​អង្គការ​អន្តរ​រដ្ឋាភិ​បាល​មួយ ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៥ ដើម្បី​ជំរុញ​កិច្ច​សន្ទនា និង​កិច្ចសហ​ប្រតិបត្តិការ​ក្នុង​តំបន់​អាង​ទន្លេមេគង្គ​ក្រោម​។ ដោយ​ផ្អែកលើ​កិច្ច​ព្រមព្រៀង​មេគង្គ​ក្នុង​ចំណោម​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម MRC មាន​តួនាទី​ជា​វេទិកា​តំបន់​សម្រាប់​ការទូត​ទឹក និង​ជា​មជ្ឈមណ្ឌល​ចំណេះដឹង ដើម្បី​គ្រប់គ្រង​ធនធាន​ទឹក និង​គាំទ្រ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​តំបន់។​

​នៅ​ឆ្នាំ ២០២៣ ខាងមុខ​ប្រទេស​កម្ពុជា ​នឹង​កាន់តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈកម្មការ​ទន្លេមេគង្គ​បន្ទាប់ពី​វៀតណាម​។ លោក លឹម គានហោ ដែលជា​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​នឹង​ទទួល​តំណែង​ជា​ប្រធាន MRC៕