ភ្នំពេញៈ អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក​ សុន ឆ័យ អះអាង​ថា លោក​គ្រោង​ជួប​មេធាវី​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ពិភាក្សា​ជុំវិញ​ការចេញ​ដីកា​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​សម្រេច​រឹបអូស​ជា​បណ្តោះអាសន្ន​លើ​អចលនវត្ថុ​របស់​លោក​ដើម្បី​ការពារ​ប្រយោជន៍​គូភាគី​តំណាងឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា។​

ដីកា​សម្រេច​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អួង វុ​ទ្ធា ចុះ​ថ្ងៃទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២២ បាន​សម្រេច​រឹបអូស​ជា​បណ្តោះអាសន្ន​នូវ​អចលនទ្រព្យ​ចំនួន ២ កន្លែង របស់​លោក សុន ឆ័យ ដែល ១ កន្លែង​នៅ​រាជធានី​ភ្នំពេញ និង ១ កន្លែង​ទៀត​នៅ​ខេត្ត​សៀមរាប។

​លោក អួ​ង វុ​ទ្ធា បានបញ្ជាក់​នៅក្នុង​ដីកា​ថា ការសម្រេច​វិធានការ​បណ្តោះអាសន្ន​នេះ ធ្វើ​ឡើង​តាម​សំណើ​របស់​មេធាវី​ដើមបណ្តឹង​តំណាងឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ប្ដឹង​សុំឱ្យ​តុលាការ​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​រឹបអូស​ជា​បណ្តោះអាសន្ន។​

​នៅក្នុង​ដីកា​សម្រេច​បន្តថា វិធានការ​នេះ​ដោយ​ផ្អែកលើ​សំអាង​ហេតុ​តាម​ពាក្យសុំ​ដីកា​សម្រេច​រក្សា​ការពារ របស់​លោក គី តិច និង​លោក ផូ សុធាផល ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​ឱ្យ​ម្ចាស់​បំណុល​គណបក្ស​ប្រជាជន​កម្ពុជា។

​ដីកា​ដដែល​សរសេរថា ភាគី​ដើម​បណ្តឹង​បាន​ថ្លែងការណ៍​ថា កូនបំណុល​ឈ្មោះ​សុន ឆ័យ ជា​ជន​ជាប់ចោទ​ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់ និង​ទោស​បន្ថែម​ព្រមទាំង​បង្គាប់​ឱ្យ​បង់​សំណង​ជូន​ម្ចាស់​បំណុល​គណបក្ស​ប្រជាជន​កម្ពុជា​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​តាមរយៈ​សាលក្រម​ព្រហ្មទណ្ឌ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​

​ដើមបណ្តឹង​បន្តថា ក្រោយពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បានចេញ​សាលក្រម​ផ្ដន្ទាទោស កូន​បំណុល​ឈ្មោះ​ សុន ឆ័យ បាន​បង្ហាញ​ជាក់ស្ដែង​នូវភាព​រឹងរូស ការបន្ត​ព្រងើយ​កន្តើយ មិន​គោរព​ច្បាប់ ដោយ​បាន​ថ្លែង​ជា​សាធារណៈ​នៅ​ចំពោះមុខ​មហាជន និង​ផ្សព្វផ្សាយ​តាមរយៈ​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃទី ៣០ ​ខែ​តុលា ឆ្នាំ ២០២២ នៅ​នាទី​ទី ១៤:៤៩ ដោយ​និយាយថា “...​ខ្ញុំ​អត់​មានរឿង​អី​ត្រូវ​សង​អ្នកណា​ទេ គេ​យក​ខ្ញុំ​ទៅ​ធ្វើអី​ធ្វើទៅ​...”។​

​តាមរយៈ​សំអាង​ហេតុ សង្កត់ធ្ងន់ថា «​ពាក្យពេចន៍​ដែល​ឈ្មោះ សុន ឆ័យ លើក​ឡើង​នេះ សបញ្ជាក់​ថា បើ​ទោះបី​តុលាការ សម្រេច​បង្គាប់​ឱ្យ​ខ្លួន​បង់ប្រាក់​ពិន័យ​ចូល​ថវិកាជាតិ និង​សង​ជំងឺចិត្ត​ជូន​ម្ចាស់​បំណុល ជាដើម​បណ្តឹង​រដ្ឋប្បវេណី​សរុប​មាន​ចំនួន​ជាង ៣ ពាន់​លានរៀល (៧៥​ម៉ឺន​ដុល្លារ​) ក៏ដោយ ក៏​កូន​បំណុល​គ្មាន​ឆន្ទៈ​បង់ប្រាក់​នោះ តាមការ​សម្រេច​របស់​តុលាការ​នោះឡើយ»។

ដោយយោង​សំអាង​ហេតុនេះ លោក អួ​ង វុ​ទ្ធា បានសម្រេច រឹបអូស​ជា​បណ្តោះអាសន្ន​លើ​អចលនវត្ថុ ២ កន្លែង​ជា​ទ្រព្យសម្បត្តិ​កូនបំណុល​ឈ្មោះ សុន ឆ័យ ដើម្បី​ចៀសវាង​មាន​ការ​ប្រែប្រួល​នូវ​ស្ថានភាព​បច្ចុប្បន្ន​លើ​វត្ថុ​នៃ​កម្មវត្ថុ​វិវាទ និង​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​គូភាគី។

​លោក​បន្ថែមថា​៖ «​ដើម្បី​ទទួលបាន​នូវ​ការលុបចោល​ការអនុវត្ត​ការ​រឹបអូស​ជា​បណ្តោះអាសន្ន កូន​បំណុល​ត្រូវដាក់​ប្រាក់​តម្កល់​នៅ​តុលាការ​ចំនួន ៧៥ ម៉ឺនដុល្លារ ជា​ប្រាក់​រំដោះ»។​

​យ៉ាងណាក្ដី លោក សុន ឆ័យ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៨ វិច្ឆិកា​ថា រូបលោក​នៅ​មិនទាន់​បាន​ទទួល​លិខិត​របស់​តុលាការ​ជា​ផ្លូវការ​ដូច​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​នៅឡើយ​ទេ​។ លោក​ថា រឿងក្តី​នេះ​មិនទាន់​បញ្ចប់​សព្វគ្រប់​ទេ ព្រោះ​នៅមាន​ការងារ​ត្រូវ​ប្តឹងទៅ​សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល​បន្តទៀត​ទាល់តែ​មានការ​សម្រេច​ស្ថាពរ​ពី​តុលាការ។​

​លោក​ថា​៖ «​ភាគី​ដើម​ទាមទារ​ឱ្យធ្វើ​បែបណា​នោះ រូបខ្ញុំ​នឹង​ពិនិត្យ​ទៅលើ​ការ​ទាមទារ​នោះ ប៉ុន្តែ​ខ្ញុំ​យល់ថា​រឿងនេះ​នៅ​មិនទាន់​បញ្ចប់​រឿងក្តី​នៅឡើយ​ដែល​ដើមចោទ​បារម្ភ​ក្រែង​ខ្ញុំ​ប្តូរ​ទីលំនៅ​ឬ​ផ្ទេរ​កម្មសិទ្ធិ ខ្ញុំ​គិតថា ធ្វើ​មិន​កើត​ខាង​អាជ្ញាធរ​មូលដ្ឋាន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គេ​មិនឱ្យ​យើង​ធ្វើកើត​ទេ ដូច្នេះ​ខ្ញុំ​យល់ថា​វាមិន​ចាំបាច់​ចេញ​ដីកា​រឹបអូស​ទេ»។​

​លោក​ថ្លែងថា វិធានការ​នេះ វា​នឹង​ប៉ះពាល់​ដល់​សកម្មភាព​គណបក្ស​ភ្លើងទៀន ខណៈ​ការ​បោះឆ្នោត​កាន់តែ​ខិតជិត​មកដល់។​

​លោក​ថា​៖ «​បើ​គេ​រឹបអូស ខ្ញុំ​អត់​កន្លែង​នៅ ព្រោះ​ខ្ញុំ​កំពុង​រស់នៅ​សព្វថ្ងៃ​ផ្ទះ​នៅ​ភ្នំពេញ ចំណែក​ផ្ទះ​នៅ​ខេត្ត​មានផ្ទះ​ល្វែង ១​។​ខ្ញុំ​អត់​មាន​លុយ​ដាក់​តម្កល់​ទេ សូម្បីតែ ១ ភាគរយ​នៃ​ប្រាក់​ដែល​តុលាការ​តម្រូវឱ្យ​បង់​ក៏​ខ្ញុំ​អត់​មាន​ផង ដូច្នេះ​ខ្ញុំ​មិនដឹង​ធ្វើ​យ៉ាងម៉េច​ទេ ហើយ​ខ្ញុំ​នឹង​ជួប​មេធាវី​ខ្ញុំ​នៅ​សប្តាហ៍​ក្រោយ ដើម្បី​ពិភាក្សា​លើ​រឿងនេះ»។​

​អ្នកវិភាគ​នយោបាយ​លោក គិ​ន ភា ថ្លែងថា ជាធម្មតា ភាគី​ចុងចោទ​អត់​មាន​ប្រាក់​តម្កល់ គេ​ត្រូវ​រឹបអូស​ទ្រព្យ​ជា​រឿង​ដែល​ត្រូវបាន​អនុញ្ញាត​ដោយ​ច្បាប់ អត់​ខុស​ទេ​។ ប៉ុន្តែ​ករណី​លោក សុន ឆ័យ នេះ លោក​ថ្លែងថា ថ្វីបើ​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​ព្រហ្មទណ្ឌ ឬ​បទ​អ្វី​ផ្សេង ប៉ុន្តែ​ទស្សនៈ​មួយ​ចំនួន​នៅតែ​យល់ថា មាន​លក្ខណៈ​នយោបាយ។​

​លោក​ថា​៖ «​អ៊ីចឹង​ហើយ​បានជា​ការអនុវត្ត​សាលក្រម ឬក៏​ធ្វើ​អី​មួយ​ឱ្យ​វា​មាន​ទិដ្ឋភាព​រលូន គឺ​មិន​រលូន នៅ​ក្នុង​ទស្សនៈ​មហាជន​មួយចំនួន​ទេ គេ​គិតថា រឿងនេះ​ជា​រឿង​នយោបាយ​គួរ​ដោះស្រាយ​តាម​ស្ថានភាព​នយោបាយ​ឬ​គេ​និយាយថា​ព្រោះ​ជា​លក្ខណៈ​បញ្ចេញ​យោបល់ ការវិភាគ​ទៅលើ​ការ​បោះឆ្នោត»។

​លោក​បន្តថា ករណីនេះ​មិនមែនជា​រឿង​រួម​ទេ គឺ​រឿង​បុគ្គល​របស់​លោក សុន ឆ័យ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង (​គជប​) ប៉ុន្តែ​តិច ឬ​ច្រើន​វា​ជះឥទ្ធិពល​ទៅដល់​អ្នក​ផ្សេង​ដែល​អាចមាន​អារម្មណ៍​ខ្លាចរអា​ក្នុងការ​និយាយស្តី ប៉ុន្តែ​ក៏​ធ្វើឱ្យ​ការនិយាយ​ស្តី​របស់​អ្នកនយោបាយ​កាន់តែ​មានការ​ទទួល​ខុសត្រូវ​ជាង​មុន ប្រយ័ត្ន​ប្រយែង​ជាង​មុន។​

​សូមជម្រាបថា ចៅក្រម​សាលា​ដំ​បូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឱ្យ​លោក​ សុន ឆ័យ ចាញ់ក្តី​ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​ចំនួន ២ ដែល​ប្ដឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បន្ទាប់​ពី​រូបលោក​រិះគន់​ថា ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​មិន​យុត្តិធម៌​ដោយមាន​ការទិញ និង​លួច​បន្លំ​សន្លឹកឆ្នោត។​

​ក្នុងនោះ​តុលាការ​បង្គាប់​ឱ្យ​លោក សុន ឆ័យ សងជំងឺចិត្ត​ទៅ​គណបក្ស​កាន់អំណាច​ចំនួន ៣ ពាន់​លាន​រៀល​និង​ប្រាក់​ពិន័យ​ចូល​រដ្ឋ ៨ លាន​រៀល​។​ចំណែក​បណ្តឹង (​គជប​) ចៅក្រម​បាន​បង្គាប់​ឱ្យ​បង់ប្រាក់​ចំនួន ៩ លានរៀល​ចូលរដ្ឋ​ផងដែរ៕​