ភ្នំពេញៈ ក្រសួង​សុខាភិបាល ណែនាំ​ជាថ្មី​ដល់​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​ឱ្យធ្វើ​ការ​ពង្រឹង​សេវា​ សង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរពេទ្យ សេវា​រថយន្ត​សង្គ្រោះ និង​មិនត្រូវ​យក​លុយ​ពី​អ្នក​រងគ្រោះថ្នាក់​ចរាចរណ៍ សម្រាប់​សេវា​ដឹកជញ្ជូន​ឡើយ។​

​តាមរយៈ​លិខិត​ផ្ញើជូន​គណៈ​​អភិបាល​រាជធានី​-​ខេត្ត កាលពី​ថ្ងៃទី ២៧ វិច្ឆិកា លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​ប្រាប់​បណ្តា​ខេត្ត ត្រូវធ្វើ​ការពង្រឹង​សេវា​សង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរពេទ្យ សេវា​រថយន្ត​សង្គ្រោះ ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់ ឬ​ដឹក​អ្នក​រងរបួស​ធ្ងន់ធ្ងរ ជាពិសេស​អ្នក​រងគ្រោះ​ថ្នាក់​ចរាចរណ៍ ដោយ​មិន​តម្រូវឱ្យ​បង់ថ្លៃ​សេវា​ដឹកជញ្ជូន និង​សេវា​រថយន្ត​ដឹក​សព (​របស់​មន្ទីរពេទ្យ) ទៅ​លំនៅឋាន​នៃសព។​

​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​ជម្រាបជូន ឯកឧត្តម លោក​ជំទាវ មេត្តា​ជ្រាបថា ក្រសួង​ធ្លាប់​បាន​ធ្វើការ​ណែនាំ​ករណី​រថយន្ត​សង្គ្រោះ​ បន្ទាន់​ដឹក​អ្នក​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​មិន​តម្រូវឱ្យ​បង់ថ្លៃ​សេវា និង​រួមទាំង​រថយន្ត​ដឹក​សព (​ស្លាប់​ក្នុង​មន្ទីរពេទ្យ ឬ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​) ដឹក​ពី​មន្ទីរពេទ្យ ឬ​កន្លែង​គ្រោះថ្នាក់​ចរាចរណ៍​ទៅកាន់​លំនៅឋាន​សព»។

​លោក​រដ្ឋមន្ត្រី​បន្តថា កន្លងមក​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំងអស់ ក៏បាន​ណែនាំ​ដល់​មន្ទីរពេទ្យ មណ្ឌលសុខភាព ដើម្បី​សហការគ្នា ពង្រឹង​សេវា​រថយន្ត​សង្គ្រោះ​បន្ទាន់​។ ជាពិសេស សម្រាប់​អ្នក​រងគ្រោះ​ថ្នាក់​ចរាចរណ៍ បាក់បែក​ឆ្អឹង ហូរឈាម ឬ​សន្លប់​ត្រូវការ​សង្គ្រោះ អាយុជីវិត ដើម្បី​ចូលរួម​ចំណែក​កាត់បន្ថយ​អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍។​

​លោក​ ​ម៉ម ប៊ុនហេង បន្តថា​៖ «​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់​ណែ​នាំឱ្យ​ប្រធាន​មន្ទីរ​សុខាភិបាល​ពង្រឹង​សេវា​សង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរពេទ្យ សេវា​រថយន្ត​គិលាន​សង្គ្រោះ ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់ ឬ​ដឹក​អ្នករងរបួស​ធ្ងន់ធ្ងរ»។​

​លោក​បញ្ជាក់ថា​៖ «​ជាពិសេស​អ្នករងគ្រោះថ្នាក់​ចរាចរ​ណ៍​ដោយ​មិន​តម្រូវឱ្យ​បង់ថ្លៃ​សេវា​ដឹកជញ្ជូន និង​សេវា​រថយន្ត​ដឹក​សព​ទៅ​លំនៅឋាន​នៃ​សព ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់»។​

​ទាក់ទង​នឹង​ការណែនាំ​នេះ លោក​វ៉ី សំណាង អភិបាលខេត្ត​-​កំពង់ស្ពឺ ប្រាប់​នៅ​ថ្ងៃទី ២៨ វិច្ឆិកាថា នេះ​ជាការ​ណែនាំ​បន្ថែម​របស់​ក្រសួង​សុខាភិបាល ប៉ុន្តែ​កន្លងមក ខេត្ត​កំពង់ស្ពឺ​បាន​ខិតខំ​ធ្វើ​ការងារ នេះ​គ្រប់សព្វ​ទាំងអស់ រួមទាំង​ក្នុង​អំឡុង​ពេល​នៃ​យុទ្ធនា​ការប្រយុទ្ធ​នឹង​កូវីដ ១៩ ផងដែរ។​

​លោក​ថ្លែងថា​៖ «​វា​មិនមាន​ជា​បញ្ហា​ចោទ​នោះទេ សម្រាប់​ខេត្ត​យើង​។ ការ​ណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល គឺជា​រឿង​ត្រឹមត្រូវ ហើយក៏​យើង​បាន​ខិតខំ​ធ្វើតាម​តាំង​ពីដើម​រៀងមក ដោយ​គ្រាន់តែ​សេវា​ដឹកជញ្ជូន​អ្នកជំងឺ​ពីមុន​គេ​យក គឺ​គេ​យក​សម្រាប់​ថ្លៃ​ប្រេង​។ តែ​មកដល់​ឥឡូវ គាត់​ណែនាំ​មិនឱ្យ​យក​ថ្លៃ​សេវា អ៊ីចឹង​វា​ជា​បន្ទុក​បន្ថែម​ដោះស្រាយ​របស់​យើង​ទៀត ប៉ុន្តែ​វា​មិនមែន​ជា​បញ្ហា​អី​នោះទេ»។​

​លោក ​វ៉ី សំណាង ពន្យល់ថា រយៈពេល​ប្រមាណ​ជា​ជិត ១០ ឆ្នាំ​កន្លង​មកនេះ ការ​ផ្តល់សេវា​ដឹកជញ្ជូន​អ្នកជំងឺ​ដែល​គ្រោះថ្នាក់​ចរាចរណ៍ និង​ការដឹក​សព​ទៅដល់​ផ្ទះ​ជន​រងគ្រោះ គឺ​ខេត្ត​មិនដែល​យក​សេវា​នៃការ​ដឹកជញ្ជូន​ទាំងអស់​នេះឡើយ។​

​លោក​អភិបាលខេត្ត បញ្ជាក់ថា សម្រាប់​ខេត្តកំពង់ស្ពឺ លោក​មិនដែល​ជួប ឬឮ​ថា មាន​ករណី ឬ​ព្រឹត្តិការណ៍ ដែល​រថយន្ត​សង្គ្រោះ​បន្ទាន់​ដណ្តើម​ដឹក​អ្នកជំងឺ​នោះទេ ហើយ​លោក​ក៏​មិន​ចង់ឱ្យមាន​ករណី​បែបនេះ​កើតមាន​ក្នុង​ខេត្ត​របស់​លោក​ឡើយ។​

​ទន្ទឹមនឹងនេះ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា លោក ​​យង់ ពៅ បាន​ថ្លែងថា បើ​និយាយ​ពី​ទិដ្ឋភាព​នយោបាយ​ទៅលើ​បញ្ហា​កូវីដ ១៩ កម្ពុជា​ធ្វើបាន​ជោគជ័យ​។ ប៉ុន្តែ​បើ​មើល​ទៅលើ​ទិដ្ឋភាព​សង្គម​ជាទូទៅ បើ​មើល​នៅតាម​ច្រក​ព្រំដែន​វៀតណាម និង​ថៃ គឺមាន​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ច្រើន។​

​លោក​ថ្លែងថា​៖ «​ការគ្រប់គ្រង​សេវា​សុខភាព​សាធារណៈ ដូចជា​ជំងឺ​កូវីដ ១៩ គឺ​ជោគជ័យ​ហើយ ប៉ុន្តែ ការព្យាបាល​ជាក់ស្តែង ក្រម​សីលធម៌ វិជ្ជាជីវៈ​នៅមាន​បញ្ហា​ដែល​ធ្វើឱ្យ ប្រជាពលរដ្ឋ​យើង​មាន​រំហូរ​ទៅ​ព្យាបាល​នៅក្រៅ​។​ចំណុច ១ ទៀត គឺ​ទាក់ទង​នឹង​ឡាន​សង្គ្រោះបន្ទាន់​តែម្តង ជាពិសេស​ទិដ្ឋភាព​នៅពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍»។​

​លោក​ យង់ ពៅ បន្តថា រថយន្ត​សង្គ្រោះបន្ទាន់​មួយចំនួន ហាក់បី​ដូចជា​ប្រជែង​គ្នា​យក​អ្នក​ជំងឺ​នៅ​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍ ឬ​គ្រោះថ្នាក់​អ្វីមួយ​ទៅ​ព្យាបាល ដោយ​មិនបាន​គិតថា តើ​មន្ទីរពេទ្យ ឬ​គ្លីនិក​របស់​ខ្លួន មាន​សម្ភារ​វេជ្ជសាស្ត្រ​គាំទ្រ​ក្នុងការ​ព្យាបាល​បាន ឬ​មិនបាន​នោះឡើយ។​

​លោក​ថា​៖ «​ខ្ញុំ​ក៏​ធ្លាប់​គ្រោះថ្នាក់ ហើយ​មានការ​ដណ្តើម​គ្នា​យកទៅ ព្យាបាល​ដែរ ហើយ​ខ្ញុំ​គិតថា នេះ​បញ្ហា ១ គ្រោះថ្នាក់​ណាស់ ដែល​មាន ការដណ្តើម​អ្នកជំងឺ​យក​ទៅដាក់​ក្នុង​ឡាន ដូច​យើង​ប្រើពាក្យ​ថា រកស៊ី​ចាប់​ម៉ូយ ដោយ​ធ្វើ​យ៉ាងណា​យក​ម៉ូយ​ឱ្យបាន​ទៅ​សិន»។​

​ក្រសួងសុខាភិបាល គួរតែមាន​គោលការណ៍​ច្បាស់លាស់​ក្នុងការ​អនុញ្ញាត​ឱ្យមាន​ឡាន​សង្គ្រោះ​បន្ទាន់​ដែល​មិនមាន​សម្ភារ​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​ជំងឺ ឬ​សង្គ្រោះបន្ទាន់​ណាមួយ មុន​នឹង​ឱ្យបំពេញ​កិច្ចការ​។ នេះ​ជាការ​បញ្ជាក់​របស់​លោក​យង់ ពៅ។

​សូម​រំឭកថា កាលពី​ថ្ងៃទី​ ១៥ ខែសីហា ក្រសួង​សុខាភិបាល​បានចេញ​លិខិត​ព្រមាន​ដល់​ម្ចាស់ គ្លីនិក​ឯកជន​ទាំងអស់​ដែល​នៅ​បន្ត ប្រើប្រាស់​រថយន្ត​គិលាន​សង្គ្រោះ ផ្ទាល់​ខ្លួន​ទៅ​ដឹក​អ្នក​របួស​ឬ​សាកសព ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅតាម​ដងផ្លូវ​យកទៅ​ព្យាបាល​នៅ​គ្លីនិក​របស់​ខ្លួន ដែល​ករណីនេះ ធ្វើឱ្យ​ជះឥទ្ធិពល​មិនល្អ​ដល់​វិស័យ​សុខាភិបាល​ទាំងមូល និង​សេចក្ដី​ថ្លៃថ្នូរ​របស់​គ្រូពេទ្យ​ដទៃទៀត។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ឆ្នាំ ២០០៨ ធ្លាប់បាន​រិះគន់ យ៉ាងខ្លាំង​ចំពោះ​រថយន្ត​គិលាន​សង្គ្រោះ​ឯកជន ដោយ​លោក​បាន​លើកឡើង​ថា រថយន្ត​ទាំងនោះ​មិន បាន​ជួយ​ប្រជាជន​ទេ តែ​ធ្វើឱ្យ​មាន គ្រោះថ្នាក់​ដល់​ប្រជាជន​ទៅវិញ ពេលខ្លះ​បាន​ដណ្ដើម​គ្នា​យក​អ្នកជំងឺ​ដូចជា​ដណ្តើម​ទំនិញ៕