ភ្នំ​ពេញ​: របាយ​ការណ៍​ចេញ​ផ្សាយ​ដោយ​ធនា​គារ​ពិភព​លោក​នៅ​ថ្ងៃទី​​ ២៨​ ខែ​វិច្ឆិកា​ បានបង្ហាញ​ថា​ អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​ បាន​ធ្លាក់​ចុះ​​សឹងតែ​ពាក់​កណ្តាល​ក្នុង​ចន្លោះ​ឆ្នាំ ​២០០៩​ និង​ឆ្នាំ​ ២០១៩ ​ប៉ុន្តែ​ដោយ​ការ​រាត​ត្បាត​ជំងឺ​កូ​វីដ​ ១៩​ បាន​ធ្វើឱ្យ​​អត្រា​ភាពក្រីក្រ​នេះ​បាន​កើន​ឡើង​វិញ​ ក្នុង​ពេល​ថ្មីៗ​នេះ​។​

​របាយ​ការ​ណ៍​វាយ​តម្លៃ​ភាព​ក្រីក្រ​ក្រោម​ចំណង​ជើង​ “​ស្តារសេដ្ឋ​កិច្ច​កម្ពុជា​ឱ្យ​កាន់​តែ​មាន​ភាព​បរិ​យាប័ន្ន​ និង​ភាព​ធន់​ជាង​មុន​” (Toward A More Inclusive and Resilient Cambodia)​ របស់​ធនា​គារ​ពិភព​លោក​បាន​ឱ្យ​ដឹង​ថា ​នៅ​ក្នុង​រយៈ​ពេ​ល ​១០​ ឆ្នាំ ​គិត​មក​ដល់​ឆ្នាំ​ ២០១៩​/​២០២០​ អត្រា​ភាព​ក្រីក្រ​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ​ពី​កម្រិត​ ៣៣,៨%​ មក​នៅ​ត្រឹម​ ១៧,៨% ​ដោយ​ជួយ​ឱ្យ​ប្រជា​ជន​កម្ពុជា​ជិត​ ២​ លាន​នាក់​បាន​រួច​ផុត​ពី​ភាព​ក្រីក្រ​។ ​ប៉ុន្តែ ​ចាប់​តាំង​ពី​ឆ្នាំ ​២០២០​ មក​អត្រា​នេះ​បាន​កើន​ឡើ​ង​ ២,៨ ​ភាគ​រយ​ដែល​មាន​ន័យ​ថា ប្រជាជន​ប្រហែល​ ៤៦០​ ០០០​ នាក់​ បាន​ធ្លាក់​ទៅ​ស្ថិត​នៅ​ក្រោម​កម្រិត​ប្រាក់​ចំណូល​នៃ​ភាព​ក្រី​ក្រ​វិញ​។​​

​ចន្លោះ​ឆ្នាំ​ ២០០៩​ ដល់​ឆ្នាំ​ ២០១៩ ​ជា​ទស​វត្សរ៍​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋ​កិច្ច​ឥត​ឈប់ឈ​រ​និង​ការ​កើន​ឡើង​នៃ​ប្រាក់​ចំណូល​យ៉ាង​ទូលំ​ទូលាយ​។​ ការ​ពង្រីក​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស​រួម​ផ្សំ​ជា​មួយ​នឹង​ការ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​បាន​នាំ​ឱ្យ​មាន​ការ​កើន​ឡើង​ប្រាក់​ឈ្នួល​និង​កម្រិត​ជីវ​ភាព​រស់​នៅ​កាន់​តែ​ប្រសើរ​។​​

​របាយ​ការណ៍​បាន​រក​ឃើញ​ថា​ ការកើន​ឡើង​ប្រាក់​ចំណូល​មិន​មែន​កសិ​កម្ម​ ជា​ឧទា​ហរណ៍​នៅ​ក្នុង​វិស័យ​ទេស​ចរណ៍​ កាត់​ដេរ​ និង​សំណង់​មាន​ចំណែក​ធំ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​។​ កំណើន​ដែល​នាំមុខ​ដោយ​ពាណិជ្ជ​កម្ម​និង​ការ​វិនិ​យោគ​បាន​ជួយ​ទ្រទ្រង់​ដល់​ការ​ផ្លាស់​ប្តូរ​ជា​រចនាសម្ព័ន្ធ​ឆ្ពោះ​ទៅ​រក​វិស័យ​មាន​ផលិតភាព​កាន់​តែ​ខ្ពស់​ជួយ​បង្កើត​បាន​ការងារ​ដែល​មាន​ប្រាក់ខែ​កាន់​តែ​ប្រសើរ​នៅ​ក្នុង​ផ្នែក​ផលិត​កម្ម​និង​ផ្នែក​សេវា​កម្ម​។​ កម្មករ​មាន​លទ្ធ​ភាព​ផ្លាស់​ចេញ​ពី​វិស័យ​កសិ​កម្ម​ដែល​មាន​ប្រាក់​កម្រៃ​ទាប​ទៅ​ធ្វើ​ការ​នៅ​តាម​វិស័យ​ដែល​មាន​ប្រាក់​កម្រៃ​ខ្ពស់​ជាង​និង​បង្កើន​ប្រាក់​ចំណូល​របស់​ពួក​គេ​។​​

​ទន្ទឹម​គ្នា​នេះ​ដែរ​លក្ខ​ខណ្ឌ​ជីវ​ភាព​និង​លទ្ធភាព​ទទួល​បាន​សេវា​មូល​ដ្ឋាន​ មាន​ដូច​ជា​អគ្គិស​នី​ ការ​ផ្គត់​ផ្គង់​ទឹកស្អាត ​អនា​ម័យ​សុខ​ភាព​និង​ការ​អប់រំ​ជា​ដើម​មាន​ភា​ព​ប្រសើរ​ឡើង​សម្រាប់​ ១​ ភាគ​ធំ​នៅ​ក្នុង​ចំ​ណោម​ប្រជា​ជន​ទូទៅ​។​ការ​កែ​លម្អ​នៃ​ស្ថាន​ភាព​នេះ​បាន​ធ្វើ​ឱ្យ​គម្លាត​រវាង​ស្តង់​ដា​ជីវ​ភាព​របស់​គ្រួសារ​នៅ​ទីជន​បទ​ និង​នៅ​ទីប្រ​ជុំ​ជន​ រួម​តូច​ជាង​មុន​។​​

​លោក​ស្រី​ ម៉ា​រី​យ៉ា​ម​ សា​លីម​ ប្រធាន​គ្រប់​គ្រង​ការិ​យា​ល័យ​ធនា​គារ​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា​ថ្លែង​ថា​៖​ «​កិច្ច​ខិត​ខំ​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​រចនា​សម្ព័ន្ធ​បាន​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​រយៈ​ពេល​កន្លង​មក​។ ​ប៉ុន្តែ ទ​ន្ទឹម​នឹង​ជោគ​ជ័យ​គួរ​ឱ្យក​ត់សម្គាល់​នេះ​ គ្រួសារ​ជា​ច្រើន​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ងាយ​រង​គ្រោះ​នៅឡើ​យ​ ដោយ​សារ​ពួក​គេ​មិន​សូវ​មាន​ប្រាក់សន្សំ ​ឬ​គ្មាន​សំណាញ់​ការពារ​ផ្នែក​សង្គម​។ ​ត្រង់​នេះ​មាន​ន័យ​ថា​ ជំងឺ​កូវីដ ​១៩ ​បាន​រុញ​ថយ​ក្រោយ​វិញ​នូវ​វឌ្ឍន​ភាព​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​នឹង​ភាព​ក្រីក្រ ​ដោយ​ធ្វើ​ឱ្យ​ប្រជា​ជន​ជា​ច្រើន​បាត់​បង់​ការ​ងារ​និង​ប្រាក់​កម្រៃ​»​។​​

​របាយ​ការណ៍​នេះ​លើក​អនុ​សាសន៍​ថា​ កម្ពុ​ជា​គួរ​ពិចារ​ណា​លើ​អន្តរា​គមន៍​ផ្នែក​គោល​នយោ​បាយ​មួយ​ចំនួន​ដើម្បី​គាំទ្រ​ដល់​ការ​ស្តារ​សេដ្ឋ​កិច្ច​ឡើង​វិញ​ប្រកប​ដោយ​បរិ​យា​ប័​ន្ន​ និង​ធន់​ជាង​មុន​ ពី​ការប៉ះ​ទ​ង្គិច​របស់​ជំងឺ​រាត​ត្បាត​និង​វិបត្តិ​សេដ្ឋ​កិច្ច​ដែល​មាន​មក​ជា​មួយ​វា​។​អន្តរា​គមន៍​ទាំង​នោះ​អាច​រួម​មាន​ការ​ផ្ទេរ​សាច់​ប្រាក់​តាម​គោលដៅ​កំណត់​វិធាន​ការ​ពង្រឹង​កិច្ច​គាំពារ​សង្គម​ និង​ការ​វិនិ​យោគ​លើ​វិស័យ​សុខាភិ​បាល​និង​ការ​អប់រំ​ ជា​ដើម​។​​

​លោក ​គី ​សេរី​វឌ្ឍន៍​ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​ទទួល​ស្គាល់​ថា ​កំ​ណើន​នៃ​ភាព​ក្រីក្រ​របស់​កម្ពុជា​ ពិត​ជា​មាន​ការ​កើន​ឡើងដោយសារ​តែ​វិបត្តិ​កូ​វីដ​ បាន​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​នេះ ​បាត់​បង់​ចំណូល​ និង​ការ​ងារ។ ​ទោះ​ជា​រាជ​រដ្ឋាភិ​បាល​ខិតខំ​ស្តារ​ប្រព័ន្ធ​សេដ្ឋ​កិច្ច​យ៉ាង​ណាក៏​ដោយ​ ក៏​ភាព​ក្រីក្រ​នេះ​នៅ​តែ​បន្ត​កើត​មាន ប៉ុន្តែ​គ្រាន់​តែ​មាន​ការ​ថម​ថយ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២​០​២០ ​និង​ឆ្នាំ​ ២​០២១​។​​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ​រាជ​រដ្ឋាភិ​បាល​ក៏​បាន​បញ្ចេញ​សាច់​ប្រាក់​ជូន​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​ដែល​ទទួល​ផល​ប៉ះ​ពាល់​ពី​ជំងឺ​កូ​វីដ ​១៩​ ផង​ដែរ​៕​