
សិក្ខាសាលាដាក់ឱ្យអនុវត្តគម្រោងសាកល្បងមណ្ឌលសុខភាពស្រឡាញ់ទារក នៅខេត្តសៀមរាប កាលពីថ្ងៃទី ២៩ វិច្ឆិកា ។ រូបថត World Vision Cambodia
សៀមរាបៈ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា រួមគ្នាប្រកាសដាក់ឱ្យអនុវត្តសាកល្បងមណ្ឌលសុខភាពស្រឡាញ់ទារក និងការថែទាំព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ រយៈពេល ១ ឆ្នាំ នៅតាមមណ្ឌលសុខភាពចំនួន ៨ ក្នុងខេត្តសៀមរាប។
ការប្រកាសរួមគ្នានេះ បានធ្វើឡើងនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅសណ្ឋាគារអ៊ីមប្រេស ខេត្តសៀមរាបដើម្បីលើកកម្ពស់ការបំបៅដោះកូនដោយទឹកដោះម្តាយ និងសុខុមាលភាពកុមារ តាមរយៈគម្រោងសាកល្បង “មណ្ឌលសុខភាពស្រឡាញ់ទារក។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការទស្សនៈពិភពលោកបានឱ្យដឹងថា «កម្មវិធីសាកល្បងរយៈពេល ១ ឆ្នាំនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវអត្រាបំបៅកូនដោយទឹកដោះម្តាយ និងសុខុមាលភាពកុមារ តាមរយៈការលើកកម្ពស់ការអនុវត្ត “មណ្ឌលសុខភាពស្រឡាញ់ទារក”នៅតាមមណ្ឌលសុខភាពចំនួន ៨ ស្របតាមគោលការណ៍ណែនាំគំនិតផ្តួចផ្តើមមន្ទីរពេទ្យស្រឡាញ់ទារកដែលក្រសួងសុខាភិបាលបានឱ្យដាក់ដំណើរការ កាលពីខែកញ្ញា ឆ្នាំ ២០២២»។
នៅមណ្ឌលសុខភាពទាំង ៨ នេះ អង្គការទស្សនៈពិភពលោកអន្តរជាតិក៏នឹងធ្វើឱ្យប្រសើរឡើងនូវការកំណត់អត្តសញ្ញាណ ការបញ្ជូនបន្ត និងការតាមដានកុមារដែលមានកង្វះអាហារូបត្ថម្ភស្រួចស្រាល់ ដែលរួមចំណែកដល់ផែនការសកម្មភាពជាសកលស្តីពីការកាត់បន្ថយភាពស្គមស្គាំងរបស់កុមារ (កង្វះអាហារូបត្ថម្ភស្រួចស្រាល់) របស់អង្គការសហប្រជាជាតិឆ្នាំ ២០២១ និងការអនុវត្តគោលការណ៍ណែនាំបណ្តោះអាសន្នស្តីពីការតាមដាននិងលើកកម្ពស់ការលូតលាស់របស់កុមារអាយុក្រោម៥ឆ្នាំនៅកម្ពុជាផងដែរ។
អង្គការទស្សនៈពិភពលោក បានបញ្ជាក់ថា«គំនិតផ្តួចផ្តើមសាកល្បងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កុមារអាយុក្រោម ៥ ឆ្នាំ ដែលមានកង្វះអាហារូបត្ថម្ភស្រួចស្រាល់នៅក្នុងតំបន់ទាំងនេះ។ ទារកទើបកើតជាង ២ ០០០ នាក់ និងស្ត្រីមានផ្ទៃពោះជាង ៣០០ នាក់ នឹងទទួលបានផលវិជ្ជមានពីការលើកកម្ពស់ការអនុវត្ត “មណ្ឌលសុខភាពស្រឡាញ់ទារក។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះក៏នឹងជួយលើកកម្ពស់គុណភាពសេវានៅមណ្ឌលសុខភាពចំនួន ៨ នៅស្រុកពួក និងស្រុកវ៉ារិន ព្រមទាំងមន្ទីរពេទ្យបង្អែកអង្គរជុំ ខេត្តសៀមរាប»។
លោកស្រី Grana Pu Selvi ប្រធានបច្ចេកទេសកម្មវិធីអាហារូបត្ថម្ភនៃអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជាបានថ្លែងថា គ្រឹះស្ថានសុខាភិបាលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តនិងគាំទ្រម្តាយវ័យក្មេងឱ្យបំបៅកូនដោយទឹកដោះ។
លោកស្រីបានបញ្ជាក់ថា៖ «ប៉ុន្មានថ្ងៃដំបូងនៃជីវិតរបស់ទារកទើបនឹងកើតគឺជាពេលវេលាដ៏សំខាន់មួយក្នុងការគាំទ្រដល់ម្តាយ ដើម្បីឱ្យពួកគាត់បំបៅកូនដោយទឹកដោះប្រកបដោយជោគជ័យ។អង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោកបានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់គំនិតផ្តួចផ្តើមមន្ទីរពេទ្យស្រឡាញ់ទារកជាសកល ដើម្បីលើកទឹកចិត្តដល់គ្រឹះស្ថានសុខាភិបាលទូទាំងសកលលោក គាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយឱ្យកាន់តែប្រសើរឡើង»។
លោកស្រីអះអាងថា មានជំហានចំនួន ១០ ដែលត្រូវបានណែនាំដើម្បីលើកកម្ពស់ការថែទាំ ព្យាបាលទាំងម្តាយ និងទារកប្រកបដោយជោគជ័យ ដោយផ្តោតលើការការពារ និងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយជាមួយស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូននៅតាមមណ្ឌលសុខភាព។ លោកស្រីបន្ដថា មានភ័ស្តុតាងជាច្រើនបង្ហាញថា ការអនុវត្តជំហានទាំង ១០ នេះ នៅតាមមណ្ឌលសុខភាពនឹងធ្វើឱ្យប្រសើរឡើងនូវអត្រាការបំបៅកូនដោយទឹកដោះម្តាយ។
លោកស្រី ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា ក្រសួងសុខាភិបាលបានសហការជាមួយដៃគូអភិវឌ្ឍន៍ដូចជាអង្គការទស្សនៈពិភពលោកអន្តរជាតិ ដើម្បីបង្កើនអត្រាបំបៅដោះកូននៅក្នុងប្រទេស។
លោកស្រីថ្លែងថា វាចាំបាច់ណាស់ក្នុងការលើកកម្ពស់ចំណេះដឹងក្នុងចំណោមស្ត្រីមានផ្ទៃពោះ និងម្តាយក្រោយសម្រាលអំពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ។
លោកស្រីបានបន្ថែមថា៖ «ការគាំទ្របុគ្គលិកមណ្ឌលសុខភាពក្នុងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយនឹងផ្តល់លទ្ធភាពឱ្យពួកគេអប់រំស្ត្រីមានផ្ទៃពោះ និងម្តាយក្រោយសម្រាល។បន្ថែមពីលើការអប់រំអំពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ ការទាក់ទងការដាក់ទារកដើម្បីស្បែក ទារកប៉ះទៅស្បែកម្តាយភ្លាមៗនៅពេលសម្រាល និងការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយក្នុង ១ ម៉ោង ដំបូងនៃការសម្រាល ចាំបាច់ត្រូវផ្សព្វផ្សាយទាំងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល»។
លោកស្រី ឈា គឹមឆាត ប្រធានមណ្ឌលសុខភាពសសរស្តម្ភនៃការិយាល័យស្រុកប្រតិបត្តិអង្គរជុំរំពឹងថា គំនិតផ្តួចផ្តើមសាកល្បងកម្មវិធីនេះនៅក្នុងមណ្ឌលសុខភាពរបស់លោកស្រីនឹងជួយលើកកម្ពស់ការផ្តល់សេវាតាមមណ្ឌលសុខភាព និងបង្កើនអត្រាបំបៅដោះកូនដោយទឹកដោះម្តាយ ជាពិសេសកុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ និងបញ្ហាសុខភាពផ្សេងៗទៀតឱ្យទទួលបានការព្យាបាលទាន់ពេលវេលា។
ទសវត្សរ៍ឆ្ នាំ៩០ និងដើមឆ្នាំ ២០០០ ប្រទេសកម្ពុជា ទទួលបានសមិទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍ នៃភាគរយទារកដែលបៅដោះម្តាយតែមួយមុខគត់ក្នុងរយៈពេល ៦ ខែដំបូងនៃជីវិតរបស់ពួកគេ គឺមានរហូតដល់ ៧៤ ភាគរយ ក្នុងឆ្នាំ ២០១០ តែក្រោយមកបានថយចុះមកត្រឹម ៥១ ភាគរយ ក្នុងឆ្នាំ ២០២១។
នៅកម្ពុជាការសម្រាលកូននៅទីតាំងសុខាភិបាល (មណ្ឌលសុខភាព គ្លីនិក មន្ទីរពេទ្យ)មានចំនួន ៩៨ ភាគរយ តែមានអត្រាភាគរយទាបនៃការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយដំបូង (ទារកទើបនឹងកើតត្រឹមតែ ៥៤ ភាគរយប៉ុណ្ណោះដែលត្រូវបានបំបៅដោយទឹកដោះម្តាយក្នុងរយៈពេល ១ ម៉ោងក្រោយពេលកើត)។ នេះបើតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ ២០២១ (CDHS)៕