សៀមរាបៈ​ មន្ទីរ​ពេទ្យ​ខេត្ត​សៀម​រាប​ប្រកាស​ទទួល​ពិនិត្យ​សុខ​ភាព​មាត់​ស្បូន​ ដើម្បី​រក​មើល​ជំងឺ​មហារីក​ជូន​ប្រជា​ពលរដ្ឋ​ជា​ស្ត្រី​អាយុ​ចាប់​ពី​ ២៥ ​ឆ្នាំ ដល់​ ៤៩ ​ឆ្នាំ ដោយ​ឥត​គិតថ្លៃ ​រយៈ​ពេល​ ១០ ថ្ងៃ ​ខណៈ​ការ​សាង​សង់​អគារ​មន្ទីរ​ពេទ្យ​ថ្មី​ជា​ជំនួយ​របស់​អង្គ​ការ ​JICA គ្រោង​នឹង​បញ្ចប់​​នៅ​ខែ​កញ្ញា ឆ្នាំ​ ២០២៣ ខាង​មុខ​។​

​កាលពី​រសៀល​ថ្ងៃទី​ ២៨ ​ខែវិច្ឆិកា ឆ្នាំ​ ២០២២ លោក ​ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិ​បាល​បាន​ចុះ​ពិនិត្យ​មើល​ដោយ​ផ្ទាល់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀម​រាប ជុំវិញ​ដំណើរ​ការ​សាង​សង់​អគារ​ពេទ្យ​មន្ទីរ​ពេទ្យ​ថ្មី ដែល​ជា​ជំនួយ​របស់​ជប៉ុន ​ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​ ២០២៣ ​ខណៈ​បច្ចុប្បន្ន​ទើប​សាង​សង់​បាន​២៨​ភាគ​រយ​។​

​ក្នុង​ឱកាស​នោះ​ លោក ​ម៉ម ប៊ុនហេង បាន​លើក​ឡើង​ថា ការ​ពង្រីក​អគារ​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ប្រជា​ពលរដ្ឋ និង​ភ្ញៀ​វទេសចរ​ជាតិ និង​អន្តរ​ជាតិ ខណៈ​មាន​អ្នក​ជំងឺ​ចូលមក​សម្រាក​ព្យា​បាល​នៅតែ​មាន​ចំនួន​ច្រើន​។ លោក​បាន​បន្ត​ថា ជំនួយ​ឧបត្ថម្ភ​របស់​ប្រទេស​ជប៉ុន ​ក្នុងការ​សាង​សង់​អគារ​មន្ទីរ​ពេទ្យ និង​ការ​បំពាក់​បរិក្ខា​រពេទ្យ​ទំនើបៗ ពិត​ជាមា​ន​សារៈ​សំខាន់​ណាស់ ដើម្បី​ពង្រីក​សេវា​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​។

​លោក​បាន​បញ្ជាក់​ថា​៖ «​ក៏ដូចជា​គោល​ដៅ​របស់​រាជរដ្ឋាភិ​បាល ​ការ​ពង្រីក​អគារ​នេះ គឺ​ស្រប​ទៅ​តាម​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ ក៏ដូច​ជា​គោល​ដៅ​របស់​រដ្ឋាភិ​បាលក្នុងការ​ធ្វើឱ្យ​ការផ្តល់​សេវា​សុខាភិ​បាល​នៅ​ក្នុង​តំបន់​ឱ្យ​កាន់តែ​ល្អប្រសើរ​ មាន​ទំនើប​កម្ម​នៃ​សេវា​សុខាភិ​បាល​។ ដោយ​ឡែក​នៅពេល​អគារ​នេះសាង​សង់​និង​បំពាក់​បរិក្ខា​រពេទ្យ​ទំនើបៗ​រួចរាល់​នៅ​ឆ្នាំ​ ២០២៣ ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀម​រាប​នេះ ​នឹង​ក្លាយ​ជា​មន្ទីរ​ពេទ្យ​ទំនើប​១​នៅ​ក្នុង​តំបន់​»​។​

​រដ្ឋាភិ​បាល​ជប៉ុន ​តាម​រយៈ​ទីភ្នាក់​ងារ​សហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ(JICA) ​បាន​ផ្តល់​ថវិកា​សម្រាប់​ការ​សាង​សង់​នូវ​អគារ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀម​រាប​ ១​ ខ្នង​ ដែលមាន​ផ្ទៃ​ក្រឡា​សំណង់​ទំហំ ​៧ ២៦០ ​ម៉ែត្រការ៉េ ​កម្ពស់​ ៤​ ជាន់ ​ប្រវែង ​២៥ ​ម៉ែត្រ​គុណ​នឹង​ ៦៩ ​ម៉ែត្រ ខណៈ​អគា​នេះ បាន​ដំណើរ​ការ​សាង​សង់​ចាប់​តាំង​ពី​ខែធ្នូ ឆ្នាំ​ ២០២១​ មក​ ដែល​អគារ​ ១ ​ខ្នង​នេះ ​ប្រើ​ប្រាស់​សម្រាប់​សេវា​ឯក​ទេស​វះ​កាត់​សេវា​សង្គ្រោះ​បន្ទាន់ និង​សេវា​ពាក់​ព័ន្ធ​ផ្សេងៗ​ជាច្រើន​ទៀត​។

​លោក​ ប៉ែន ផល​គុណ ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀម​រាបបាន​ថ្លែង​ថា ការ​សាង​សង់​អគារ​ថ្មី​នេះ ​សបញ្ជាក់​ឱ្យ​ឃើញ​ថា មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀម​រាប បាន​និង​កំពុង​ពង្រីក​ខ្លួន​កាន់​តែ​ធំ និង​រឹងមាំ​ជា​បន្ត​បន្ទាប់​ដើម្បី​ធានា​បាន​នូវគុណ​ភាព និង​ប្រសិទ្ធ​ភាពក្នុង​ការ​ផ្តល់​សេវា​សុខ​ភាព​របស់​ខ្លួន ក្រោម​ការ​យក​ចិត្តទុក​ដាក់​ពី​ថ្នាក់​ដឹកនាំ​កំពូល​របស់​ក្រសួង​សុខាភិ​បាល ​និង​មន្ទីរ​សុខាភិ​បាល​នៃ​រដ្ឋ​បាល​ខេត្ត​។​

​ជា​មួយ​គ្នានេះ ​លោកក៏បាន​ប្រកាស​ដែរ​ថា​៖ «​ចាប់ពី​ថ្ងៃទី​ ១ ខែធ្នូ ដល់​ថ្ងៃទី​ ១០ ខែធ្នូ​ ឆ្នាំ​ ២០២២ ខាង​មុខនេះ មន្ទីរ​​ពេទ្យ​បង្អែក​ខេត្ត​សៀម​រាបនឹង​ទទួល​ពិនិត្យ​សុខ​ភាព​មាត់​ស្បូន ដើម្បី​រកមើល​ជំងឺ​មហារីក​ជូន​បង​ប្អូន​ស្ត្រី ​អាយុ​ចាប់​ពី ២៥ ​ឆ្នាំ ដល់​ ៤៩ ​ឆ្នាំ ដោយ​ឥត​គិតថ្លៃ​។ រាល់​ព័ត៌មាន​លម្អិត​សូម​មក​ទាក់​ទង​នៅ​អគារ​សម្ភព និង​រោគ​ស្ត្រី​ក្នុង​មន្ទីរ​ពេទ្យ​ រៀង​រាល់​ម៉ោង​ធ្វើការ​»​។​

​កាលពី​ថ្មីៗ​នេះ​ នាយក​ដ្ឋាន​ការពារ​សុខភាព​នៃ​ក្រសួង​សុខាភិបា​លបាន​ប្រកាស​ឱ្យ​ស្ត្រី​​អាយុ​ចន្លោះ​ចាប់​ពី​ ២៥ ​ឆ្នាំ ដល់​ ៤៩​ ឆ្នាំ អាច​ទៅ​ពិនិត្យ​សុខភាព​មាត់​ស្បូនដើម្បី​ស្រាវ​ជ្រាវ​រក​ជំងឺ​មហារីក​មាត់​ស្បូន​ដោយ​មិន​មាន​ការ​បង់ថ្លៃនៅ​តាម​មណ្ឌល​សុខ​ភាព ​និង​មន្ទីរ​ពេទ្យ​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ប្រតិ​បត្តិ​សៀម​រាប និង​ស្រុក​ប្រតិ​បត្តិ​សូទ្រ​និគម ខេត្ត​សៀម​រាប​។

​សេចក្តី​ប្រកាស​ដដែល​បាន​បញ្ជាក់​ថា ​«​មហារីក​មាត់ស្បូន​គឺជា​ជំ​ងឹ​មហារីក​ដែល​កើត​មាន​ជាទូទៅ​ចំពោះ​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា​។ មាន​ស្ត្រី​ប្រហែល​៣ ទៅ​ ៤ នាក់ ​ក្នុង​ ១ ថ្ងៃ ត្រូវបាន​រកឃើញ​ថា កើ​ត​ជំងឺ​មហា​រីក​នេះ ហើយ​ភាគច្រើ​ន​គឺ​ហួស​ពេល​ក្នុង​ការ​ព្យា​បាល​ទៅ​ហើយ​»​។​

​នាយ​កដ្ឋាន​ការពារ​សុខភាព​នៃ​ក្រសួង​សុខាភិ​បាល ​បាន​ប្រាប់​ពី​វិធី​បង្កា​រជំងឺ​មហារីក​មាត់​ស្បូន ដោយ​ណែនាំ​ឱ្យ​ស្ត្រី​គ្រប់​រូប គួរ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​មហា​រីក​មាត់​ស្បូន និង​ត្រូវ​ធ្វើ​តេស្ត​ដើម្បី​ស្រាវ​ជ្រាវ​រក​ជំងឺ​នេះ​នៅ​ក្នុង​ដំណាក់​ដំបូង ដែល​មាន​រយៈ​ពេល​យូរ ​ហើយ​ជា​ពេល​ដែល «​ចំណុច​មិន​ធម្មតា​»​ នៅលើ​មាត់​ស្បូន​អាច​រកឃើញ​ដោយ​ឆ្មប​ជំនាញ​តាម​រយៈ​ការ​ពិនិត្យ​បែប​សា​មញ្ញ​។​

​នាយ​កដ្ឋាន​ការពារ​សុខ​ភាពបាន​បញ្ជាក់​ថា ​«​នៅពេល​រកឃើញ «​ចំណុច​មិន​ធម្មតា​» នៅលើ​មាត់​ស្បូន​ត្រូវធ្វើ​ការ​ព្យា​បាល​ភ្លាមៗ ហើយ​ការ​ព្យាបា​ល​មាន​ភាព​ងាយ​ស្រួល និង​មិនមាន​ការឈឺ​ចាប់​ទេ​។ ស្ត្រី​ត្រូវ​ទៅពិ​និត្យ​តាម​ដាន​មាត់​ស្បូន​ជាថ្មី​ម្តងទៀ​ត បន្ទាប់​ពី​បាន​ទទួល​ការ​ព្យាបា​ល ​១ ឆ្នាំ​ក្រោយ​»​។​

​បើតាម​ក្រសួង​សុខាភិ​បាល កត្តា​គ្រោះ​ថ្នាក់​នៃ​ជំងឺ​មហារីក​មាត់​ស្បូន គឺ​ងាយ​ប្រឈម​ចំពោះ​ស្ត្រី​ដែល​មាន​ការបង្ក​រោគ​ដោយ​វីរុស ​Human Papuloma ចំពោះ​ស្ត្រី​ដែល​មាន​ការរួម​ភេទ​មុន​អាយុ​ ២០ ចំពោះ​ស្ត្រី​ដែល​មាន​កូន​វ័យ​ក្មេង​ពេក និង​កូន​ច្រើន​ជាង ​៥​ នាក់ ចំពោះ​ស្ត្រី​ដែល​មាន​ដៃគូ​រួមភេទ​ច្រើន​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​កាម​រោគ និង​ជំងឺ​អេដស៍ រួមទាំង​ស្ត្រី​ដែល​មាន​ម្តាយ ​ឬ​បង​ប្អូនស្រី​មាន​កើត​ជំងឺ​មហា​រីក​មាត់​ស្បូន និង​កង្វះ​អនា​ម័យ​ផង​ដែរ​៕