សៀមរាប: អង្គការជីវិតនៅកម្ពុជាបានផលិតវីដេអូយុទ្ធនាការរយៈពេល ១៦ ថ្ងៃ ប្រឆាំងហិង្សាលើស្ដ្រី និងកុមារចុងក្រោយបំផុត ក្រោមប្រធានបទ «លាហើយប្ដីធ្វើបាបចិត្ដ» ឬ «Goodbye My Love» បំណងលើកទឹកចិត្ដដល់សហគមន៍ឱ្យក្រោកឈរឡើង និងគាំទ្រដល់ស្ដ្រី។
ក្រោយពីបញ្ចប់យុទ្ធនាការ «ជីវិតមិនមែនជាហ្គេម» កាលពីឆ្នាំ ២០២១ ដែលអង្គការមានមូលដ្ឋាននៅក្នុងខេត្ដសៀមរាបនេះ ទទួលបានពានអន្ដរជាតិឆ្នើមជាច្រើន ឯយុទ្ធនាការឆ្នាំ ២០២២ នេះ ចាប់ផ្ដើមពីថ្ងៃទី ២៥ ខែវិច្ឆិកា និងបញ្ចប់ទៅវិញនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ។
«Goodbye My Love» ផ្ដើមចេញពីសំឡេងចម្រៀងដ៏អាឡោះអាល័យដែលសម្រេចចិត្ដមិនវិលត្រឡប់របស់ស្ដ្រីជាភរិយាក្រោមតំណក់ទឹកភ្នែករាប់ពាន់តំណក់ដោយលែងមានការទ្រាំទ្រចំពោះការធ្វើបាបពីសំណាក់បុរសជាស្វាមី។
យោងតាមវីដេអូយុទ្ធនាការ ដែលទទួលបានការចូលទស្សនាជាង៧៣ម៉ឺនដងក្នុងរយៈពេល ៥ ថ្ងៃនេះ បានបង្ហាញថា ពីគ្រួសារ ១ ទៅ គ្រួសារ ១ ទៀត ពីសហគមន៍ ១ ទៅសហគមន៍ ១ ទៀត ពលរដ្ឋបង្ហាញពីការក្រោកឈរ និងគាំទ្រ ដោយនាំគ្នាឈរស្រាក់ដៃរារាំងការត្រឡប់មកធ្វើបាបភរិយាពីសំណាក់ស្វាមីមិនស្រឡាញ់ និងថ្នាក់ថ្នមប្រពន្ធ។
លោក ប៊ីលី ហ្គូធ័រ ជានាយកប្រតិបត្ដិអង្គការជីវិតនៅកម្ពុជាបានឱ្យដឹងថា វីដេអូយុទ្ធនាការនេះ បានបង្ហាញតថភាពជាក់ស្ដែងសម្រាប់ស្ដ្រីជាច្រើននៅកម្ពុជា។
លោកបានថ្លែងថា៖ «រាល់ទម្រង់នៃការរំលោភបំពាន ជាពិសេសហិង្សាលើរាងកាយ គឺមិនអាចទទួលយកបានទេ។ ជាអកុសលស្ថិតិ និងការសិក្សាបានបង្ហាញថា ការរំលោភបំពានក្នុងគ្រួសារនៅតែត្រូវបានចាត់ទុកជាទង្វើធម្មតានៅក្នុងវប្បធម៌ខ្មែរ។ ម្នាក់ៗសុទ្ធតែអាចធ្វើការកែប្រែនូវផ្នត់គំនិតនេះ។ នៅពេលសហគមន៍ក្រោកឈរជាមួយគ្នាពួកគេអាចផ្លាស់ប្ដូរប្រកបដោយប្រសិទ្ធភាព និងផ្លាស់ប្ដូរទាំងវប្បធម៌ដ៏ធំសម្បើមមួយ»។
អង្គការនេះបានឱ្យដឹងថា វប្បធម៌ស្ដីបន្ទោសជនរងគ្រោះ ត្រូវបានចាក់ឫសគល់ចូលក្នុងផ្នត់គំនិតរបស់ស្ដ្រីកម្ពុជា។ប្រជាជនកម្ពុជា ៦៦ ភាគរយជឿថា ជនរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារគួរតែនៅស្ងៀមដើម្បីគ្រួសារ។
សំណេររបស់អង្គការនៅក្រោមវីដេអូ បានបន្ដថា៖ «នៅក្នុងវីដេអូអប់រំខ្លីរបស់យើង យើងបានបង្ហាញពីការរំលោភបំពានដែលមានទម្រង់ជាច្រើន ដូចជា ការរំលោភបំពានផ្លូវចិត្ដ ការរំលោភបំពានផ្នែកហិរញ្ញវត្ថុ និងការរំលោភបំពានលើផ្លូវកាយ។ ទាំងអស់នេះ គឺមិនអាចទទួលយកបានទេ»។
គោលដៅនៃយុទ្ធនាការនេះ មិនត្រឹមតែមានបំណងបញ្ឈប់អំពើហិង្សាលើរាងកាយប៉ុណ្ណោះទេ ប៉ុន្ដែបញ្ឈប់ទាំងបញ្ហាហិរញ្ញវត្ថុ និងសង្គមផងដែរ។
យោងតាមអង្គការជីវិតនៅកម្ពុជាបានឱ្យដឹងថា មនុស្សគ្រប់រូបមានភារកិច្ចការពារគ្នាទៅវិញទៅមក ជាពិសេសមនុស្សដែលខ្លួនស្រឡាញ់ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ដ្រី។
ចំណុចស្នូលនៃយុទ្ធនាការឆ្នាំ ២០២២ នេះ គឺវីដេអូខ្លីរយៈពេល ៣ នាទី អមដោយសំឡេង «Goodbye My Love» ដែលបង្ហាញពីសហគមន៍កម្ពុជាពួតដៃគ្នាជួយដល់ស្ដ្រីកំពុងប្រឈមនឹងអំពើរំលោភបំពាននិងបញ្ចៀសពីជនល្មើស។
គួរបញ្ជាក់ថា ចម្រៀង «Goodbye My Love» បទនិពន្ធថ្មីផ្ដោតលើបទភ្លេងចាស់ដ៏ល្បីល្បាញនៃបទចម្រៀង «Goodbye My Love»។
ជាសំណេរមតិលើកទឹកចិត្ដមួយ អ្នកប្រើប្រាស់បណ្ដាញសង្គម Savada Duong បានសរសេរតបនឹងវីដេអូយុទ្ធនាការថា៖ «ខ្ញុំជឿថា វីដេអូនេះនឹងបានទៅដល់ប្រជាជនខ្មែរជាច្រើនដោយសារតែមាតិកានៃវីដេអូ និងអត្ថន័យចម្រៀងនេះពិតជាមានថាមពលណាស់។ ត្រូវហ៊ាននិយាយពាក្យថា លាហើយ! អស្ចារ្យណាស់ក្រុមអង្គការជីវិតនៅកម្ពុជា»។
រួមជាមួយវីដេអូអប់រំ យុទ្ធនាការនេះ នឹងធ្វើការចែករំលែកទៅតាមបណ្ដាញសង្គមដោយផ្ដល់ទាំងព័ត៌មាន ផ្ដល់ការគាំទ្រ និងធនធានក៏ដូចជា ស្នើសុំឱ្យស្ដ្រីបន្ដចែករំលែកបទពិសោធន៍រងនូវអំពើរំលោភបំពាន និងផ្ដល់ក្ដីសង្ឃឹមដល់ស្ដ្រី ដែលអាចរងគ្រោះ ឬនៅបន្ដជួបនូវវិបត្ដិនៃអំពើរំលោភបំពាននេះ។
លោក ហ្គូធ័រ បានបន្ដថា៖ «យុទ្ធនាការនេះអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ក្លាយជាពលរដ្ឋនៃការផ្លាស់ប្ដូរ និងក្លាយជាផ្នែកមួយនៃដំណោះស្រាយដើម្បីជួយទប់ស្កាត់អំពើហិង្សាតាមរយៈការគាំទ្រសមាជិកគ្រួសារ មិត្ដភក្ដិ ឬអ្នកជិតខាងរបស់ពួកគេ ប្រសិនបើពួកគេជួបប្រទះនូវអំពើហិង្សា»។
នាយកប្រតិបត្ដិអង្គការជីវិតនៅកម្ពុជារូបនេះ បានលើកឡើងថា៖ «យើងពិតជាចង់ឱ្យយុទ្ធនាការនេះលើកឡើងពីបញ្ហាអំពើហិង្សាក្នុងគ្រួសារតាមរបៀបមួយដែលអនុញ្ញាតឱ្យមនុស្សដឹងពីអ្វីដែលពួកគេអាចធ្វើបានដើម្បីជួយគ្នា ខណៈពេលដែលពួកគេក៏អាចផ្ដល់ព័ត៌មាន និងជំនួយចាំបាច់ផ្សេងៗសម្រាប់ស្ដ្រី។ ដូច្នេះស្ដ្រីបានដឹងពីទីកន្លែងដែលពួកគេអាចស្វែងរកការគាំទ្រ។
លោកបានអំពាវនាវថា៖ «យើងសុំស្នើដល់ប្រជាជនគ្រប់រូបក្នុងសហគមន៍យើងក្រោកឈរឡើង និងគាំទ្រដល់ស្ដ្រី ជាជាងការធ្វើព្រងើយកន្ដើយចំពោះបញ្ហានេះ»។
រយៈពេល ៤ ឆ្នាំមកនេះ អង្គការជីវិតនៅកម្ពុជាបានឈ្នះពានរង្វាន់អន្ដរជាតិជាច្រើនចំពោះយុទ្ធនាការអន្ដរកម្ម និងបរិយាប័ន្ន ដែលជម្នះនឹងទំនៀមទម្លាប់សង្គម និងអត្ដចរឹតធ្លាប់តែប្រើអំពើហិង្សាលើស្ដ្រីនៅកម្ពុជា។
យុទ្ធនាការរបស់អង្គការបានបំផុសថា ដល់ពេលហើយ ដែលសហគមន៍ត្រូវរួមគ្នាដើម្បីគាំទ្រស្ដ្រីតទល់នឹងអំពើហិង្សាក្នុងគ្រួសារ។ សហគមន៍ត្រូវរួមគ្នាផ្ដល់កម្លាំងចិត្ដ ក្ដីស្រឡាញ់ និងការគាំទ្រដែលស្ដ្រីត្រូវការដើម្បីនិយាយពាក្យថា «លា»។
ចម្រៀងបទភ្លេងចាស់ ទំនុកថ្មីនេះ ច្រៀង និងលេងហ្គីតាដោយកញ្ញា លឹម រតន៍សិរី ដោយមានការសម្ដែងពីក្រុមសៀកកម្ពុជាហ្វារ ដែលធ្វើឱ្យវីដេអូយុទ្ធនាការឆ្នាំ ២០២២ រំលេចនូវភាពលេចធ្លោ និងប្រកបដោយមនោសញ្ចេតនា។
កាលពីខែតុលាកន្លងទៅ អង្គការជីវិតនៅកម្ពុជា (TLC) បានបន្តទទួលបានពានរង្វាន់អន្តរជាតិចំនួន ៤ បន្ថែមទៀត ក្នុង ១ សប្តាហ៍ សម្រាប់យុទ្ធនាការវីដេអូហិង្សាក្នុងស្រុក «វីដេអូនិម្មិតជីវិតមិនមែនជាហ្គេម» ដែលបានឈ្នះពានរង្វាន់ជាច្រើនរួចមកហើយ និងបានយកឈ្នះអង្គការក៏ដូចជាស្ថាប័នធំៗមួយចំនួនក្នុងពិភពលោក។
អ្នកស្រី ជា បូរ៉ានី ជាប្រធានផ្នែកជីវិតនៅកម្ពុជាសម្រាប់ជីវិតដោយគ្មានអំពើហិង្សានេះបាននិយាយថា៖ «ដើម្បីឈ្នះពានរង្វាន់ក្នុងបរិបទនេះ គឺពិសេសមិនគួរឱ្យជឿ។ វាពង្រឹងសារៈសំខាន់នៃការងារដែលយើងកំពុងធ្វើ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារនៅក្នុងប្រទេសកម្ពុជា»។
អ្នកស្រីបានបន្ដថា៖ «យើងបានផ្ដោតសំខាន់លើប្រធានបទនេះ និងតែងតែយកចិត្ដទុកដាក់ជាចម្បងចំពោះបញ្ហានៃអំពើហិង្សាក្នុងគ្រួសារនេះ។ នៅមានរឿងជាច្រើនទៀតដែលត្រូវធ្វើ ហើយយើងបន្តការងាររបស់យើងនៅក្នុងវិស័យនេះជារៀងរាល់ថ្ងៃ។ យុទ្ធនាការប្រកបដោយភាពច្នៃប្រឌិតរបស់យើង គឺគ្រាន់តែជាផ្នែកមួយនៃការងារនេះតែប៉ុណ្ណោះ»។
យោងតាមអង្គការ TLC បានឱ្យដឹងថា ពានរង្វាន់អន្តរជាតិចំនួន ៤ គឺពានរង្វាន់ MUSE Creative Awards ពានរង្វាន់ Dragons of Asia ចំនួន ២ និងពានរង្វាន់ Global Good Awards។ ទស្សនាវីដេអូយុទ្ធនាការសូមចូលទៅកាន់តំណភ្ជាប់នេះ www.facebook.com/thislifecambodia/videos/43170687917407/៕