បន្ទាយមានជ័យៈ ក្រុមអាជីវករ និងក្រុមអ្នកអូសរទេះ ដែលឆ្លងដែនទៅលក់ដូរ និងអូសរទេះដឹកទំនិញនៅក្នុងផ្សាររុងក្លឿ ប្រទេសថៃ ១ ថ្ងៃវិលល្ងាច បានទទូចសុំឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យសម្របសម្រួលកិច្ចអន្តរាគមន៍ជួយដល់ពួកគេ បានចេញចូលប្រកបការងារអាជីវកម្ម ដោយប្រើប្រាស់បណ្ណឆ្លងព្រំដែន (Border Pass) ដូចកាលពីមុន ដែលមានតម្លៃ ១០ បាត ក្នុង ១ ថ្ងៃ ឬក្នុង ១ លើក។
តំណាងក្រុមអ្នកអូសរទេះ ដែលចេញចូលក្នុងផ្សាររុងក្លឿ ប្រទេសថៃ លោក នួន សារ៉េត អាយុ ៤៩ ឆ្នាំ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កន្លងមកអាជ្ញាធរក្រុងប៉ោយប៉ែត ធ្វើបណ្ណឆ្លងព្រំដែនដល់ពួកគាត់ដែលជាអ្នកអូសរទេះ និងក្រុមអាជីវករដែលចេញចូលទៅប្រកបរបរអាជីកម្ម នៅក្នុងផ្សាររុងក្លឿ ក្នុង ១ ថ្ងៃ ឬក្នុង ១ ដង (ទៅព្រឹក វិលល្ងាច) ថ្លៃត្រឹមតែ ១០ បាត ឬស្មើ ១ ២០០ រៀលប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ន អាជ្ញាធរបានធ្វើបណ្ណឆ្លងព្រំដែន ដែលមានរយៈពេល ៥ ថ្ងៃ ក្នុង ១ សប្តាហ៍ ក្នុងតម្លៃ ៥០ បាត ឬស្មើ ៦ ពាន់រៀល មានន័យថា បណ្ណឆ្លងព្រំដែនថ្មីនេះ បានអនុញ្ញាតឱ្យអាជីវករ និងអ្នកអូសរទេះ នៅក្នុងផ្សាររុងក្លឿ ប្រទេសថៃ អាចស្នាក់នៅក្នុងផ្សារនេះបាន ៥ ថ្ងៃ។
លោក សារ៉េត ថ្លែងថា៖ «វាល្អសម្រាប់អ្នកមានលុយជួលបន្ទប់ស្នាក់នៅ ឬមានតូបលក់ដូរផ្ទាល់ខ្លួននៅក្នុងផ្សាររុងក្លឿ ដែលអាចស្នាក់នៅក្នុងផ្សារនេះបាន ៥ ថ្ងៃ ក្នុង ១ សប្ដាហ៍ ប៉ុន្តែវាមិនល្អសម្រាប់ពួកយើងដែលជាជនក្រីក្រ រកស៊ីអូសរទេះដឹកទំនិញឱ្យគេ ដែលត្រូវចេញចូលក្នុងផ្សារនេះព្រឹកល្ងាចឡើយ ព្រោះបណ្ណឆ្លងព្រំដែន ១ សន្លឹក គឺអនុញ្ញាតឱ្យយើងប្រើប្រាស់ សម្រាប់ចេញចូលឆ្លងកាត់ព្រំដែនបានតែម្ដងប៉ុណ្ណោះ»។
បើតាមលោក សារ៉េត អ្នកប្រកបរបរ អូសរទេះដឹកទំនិញពីផ្សាររុងក្លឿ ប្រទេសថៃ ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ (កម្ពុជា-ថៃ) ប៉ោយប៉ែត-ក្លងឡឹក គឺពួកគាត់ត្រូវចេញចូលឆ្លងកាត់ព្រំដែនពី ២-៣ ដង ក្នុង ១ ថ្ងៃ ដែលត្រូវចំណាយទៅលើថ្លៃបណ្ណឆ្លងកាត់ព្រំដែននេះពី ១០០-១៥០ បាត ក្នុង ១ ថ្ងៃផងដែរ ខណៈថ្លៃដឹកជញ្ជូនទំនិញក្នុង ១ ជើងៗ ពួកគាត់ទទួលបានកម្រៃត្រឹមតែ ១៥០ បាតប៉ុណ្ណោះ សម្រាប់ប្រភេទទំនិញជាគ្រឿងក្រអូបដែល មានទម្ងន់ចន្លោះពី ១៥-២០ គីឡូក្រាម។
លោកបានបន្ថែមថា៖ «នេះជាអ្វីដែលពួកយើង បានស្នើសុំដោយទទូចដល់អាជ្ញាធរក្រុងប៉ោយប៉ែត និងអាជ្ញាធរខេត្តបន្ទាយមានជ័យ សម្របសម្រួលអន្តរាគមន៍ជួយដល់ពួកយើង ដើម្បីប្រើប្រាស់បណ្ណឆ្លងព្រំដែន ដែលមានរយៈពេល ១ ថ្ងៃ និងមានតម្លៃត្រឹម ១០ បាត ដូចកាលពីមុនវិញ ព្រោះតម្លៃបច្ចុប្បន្ននេះ គឺពួកយើងពិបាករស់ខ្លាំងណាស់»។
ស្រដៀងគ្នានេះដែរ អ្នកស្រី អ៊ុក រ៉ាវ៉ាន់ ដែលជាអ្នកប្រកបរបរលក់ដូរបន្លែ នៅក្នុងផ្សាររុងក្លឿប្រទេសថៃ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា គាត់ចូលនៅក្នុងផ្សារថៃនេះដើម្បីលក់ដូរនៅពេលព្រឹក និងត្រឡប់មកផ្ទះរបស់គាត់ ដែលស្ថិតនៅក្នុងភូមិបាលិលេយ្យ សង្កាត់ភូមិបាលិលេយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វិញនាពេលល្ងាច គឺគាត់ត្រូវចំណាយប្រាក់ ៥០ បាត ឬ ៦ ០០០ រៀល ក្នុង ១ ថ្ងៃ ទៅលើបណ្ណឆ្លងព្រំដែន ខណៈគាត់ទទួលបានផលចំណេញពីការលក់ដូរបន្លែ ក្នុង ១ ថ្ងៃត្រឹមតែ ២៥០ បាត ប៉ុណ្ណោះ។
អ្នកស្រីថ្លៃងថា៖ «យើងសុំឱ្យអាជ្ញាធរជួយគិតគូពីការលំបាករបស់យើង ជាអាជីវករក្រីក្រ ដែលលក់ដូរបន្លែកំប៉ិកកំប៉ុក រកផលចំណេញបានមួយថ្ងៃសម្រាប់ ១ ថ្ងៃ ដោយសម្រួលថ្លៃបណ្ណឆ្លងព្រំដែនមកនៅត្រឹម ១០ បាត ក្នុង ១ ថ្ងៃដូចកាលពីមុនឆ្លងរាលដាលនៃជំងឺកូវីដ ១៩ វិញ»។
បើតាមអ្នកស្រី រ៉ាវ៉ាន់ កាលពីដើមខែវិច្ឆិកាកន្លងទៅ ក្រុមអាជីវករប្រមាណជិត១០០នាក់ បានតវ៉ាស្នើសុំឱ្យអគ្គកុងស៊ុលកម្ពុជា អន្តរាគមន៍ជួយសម្រួលឱ្យកូនៗរបស់ពួកគាត់ចេញ-ចូលទៅរៀននៅទឹកដីថៃ ដោយមិនចាំបាច់វ៉ៃត្រាបង់លុយឱ្យអាជ្ញាធរ ១០០ បាត ឬស្មើ ១២ ០០០ រៀលម្ដងរួចមកហើយ ប៉ុន្តែមកទល់ពេលនេះ គឺមានរយៈពេលជិត ១ ខែហើយ ការសម្របសម្រួលដំណោះស្រាយនៅមិនទាន់បានសម្រេចនៅឡើយទេ។
លោក សេក សុខុម មន្ត្រីនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា ករណីនេះ អាជ្ញាធរខេត្ត បានទទួលសំណើពីតំណាង អាជីវករ និងអ្នកប្រកបរបរអូសរទេះរួចរាល់ហើយ និងកំពុងរៀបចំកិច្ចប្រជុំ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានេះ ជាមួយភាគីថៃផងដែរ។
លោក សុខុម បានបញ្ជាក់ថា៖ «រដ្ឋបាលខេត្តយើង បានកោះប្រជុំពិភាក្សាលើបញ្ហាសំណូមពររបស់ប្រជាពលរដ្ឋនោះហើយ ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋយើងមានការយោគយល់ដល់អាជ្ញាធរផង ព្រោះយើងជាប្រទេសជាប់ព្រំដែនជាមួយថៃ យើងធ្វើអ្វីគឺត្រូវមានការប្រជុំពិភាក្សាគ្នាជាមុន មិនអាចធ្វើអ្វីដោយចិត្តឯងបានទេ។ រដ្ឋបាលខេត្តយើង នឹងខិតខំសហការជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហានេះឱ្យវិលទៅរកសភាពដើម មុនពេលមានជំងឺកូវីដវិញ»។
លោកបានបន្តថា ចំណាត់ការថ្មីនេះ គឺកើតឡើងអំឡុងពេលប្រទេសកម្ពុជា និងថៃផ្ទុះឡើងនូវជំងឺកូវីដ ១៩ ហើយការបើកច្រកព្រំដែនឡើងវិញនេះ ក៏បានឯកភាពគ្នាតាមដំណាក់កាលនីមួយៗដែរ៕