ភ្នំពេញៈ ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល បាន​លើកឡើងថា កម្ពុជា​បាន​ស្ថិតក្នុង​ចំណោម​ប្រទេស​ទាំង ​៧ ទូទាំង​សកលលោក​ដែល​បានប្រែក្លាយ​ពី​ប្រទេស​ដែលមាន​អត្រា​ប្រេ​វ៉ាឡង់ នៃ​មេរោគ​អេដស៍​ខ្ពស់​ក្នុង​តំបន់​អាស៊ី​កាលពី​ទសវត្សរ៍​ឆ្នាំ​ ២០០៣ មាន ១,១% ឱ្យ​ថយ​ចុះមក​ត្រឹម ០,៦% ឆ្នាំ​ ២០២១​។​

លោក ស៊ា ហួង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែង​ដូចនេះ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ «​របកគំហើញ និង​អនុសាសន៍​ក្នុងការ​ពិនិត្យ​ពាក់កណ្តាល​គម្រោង​នៃ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​បង្ការ ថែទាំ​ជំងឺអេដស៍ និង​កាមរោគ ក្នុង​វិស័យ​សុខាភិបាល ២០២១-២០២៥» នា​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២២ នា​សណ្ឋាគារ​ភ្នំពេញ​។​

លោក​បាន​លើកឡើងថា ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​មានការ​ចូលរួម និង​គាំទ្រ​យ៉ាងសកម្ម​ក្នុង​អនុវត្ត​ការងារ​បង្ការ និង​ថែទាំ​ព្យាបាល​ជំងឺអេដស៍ ពី​ដៃគូ​អភិវឌ្ឍន៍ ម្ចាស់ជំនួយ សង្គម​ស៊ីវិល រដ្ឋបាល ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ជាពិសេស​បណ្ដាញ​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ក្រុម​ប្រជាជន ចំណុច​កម្ពុជា​សម្រេចបាន​លទ្ធផល​ល្អ​គួរឱ្យកត់សម្គាល់​ក្នុងការ​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍ បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស នៅក្នុង​តំបន់​។

លោក ស៊ា ហួង មានប្រសាសន៍ថា ៖ «​តាម​ការប៉ាន់ស្មាន​ដោយ​អង្គការ UNAIDS កម្ពុជា​បានប្រែក្លាយ​ពី​ប្រទេស​ដែលមាន​អត្រា​ប្រេ​វ៉ាឡង់ នៃ​មេរោគ​អេដស៍​ខ្ពស់​ក្នុង​តំបន់​អាស៊ី​កាលពី​ទសវត្សរ៍​ឆ្នាំ​ ២០០៣ មាន ១,១% ឱ្យ​ថយ​ចុះមក​ត្រឹម ០,៦% ឆ្នាំ ២០២១ ហើយ​កម្ពុជា​បាន​ស្ថិតក្នុង​ចំណោម​ប្រទេស​ទាំង​៧ ទូទាំង​សកលលោក​សម្រេចបាន​ទិសដៅ ៩០-៩០-៩០ នៅ​ឆ្នាំ​ ២០១៧»​។​

ក្រសួងសុខាភិបាល បាននិងកំពុង​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល តាមរយៈ​ការដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល ជា​បន្តបន្ទាប់​សំដៅ​លើកកម្ពស់​គុណភាព​នៃ​ជីវិត កាត់បន្ថយ​អត្រា​ឈឺ និង​អត្រា​មរណភាព​ឱ្យបាន​ជា​អតិបរមា​។ នេះ​បើតាម​លោក ស៊ា ហួង​។

លោក​បាន​បញ្ជាក់ថា៖ «​ការលើក​គុណភាព​នៃ​ជីវិត​នេះ តាមរយៈ​ការពង្រឹង​សេវា​សុខាភិបាល ការផ្តល់សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព សមធម៌​តាមរយៈ​ការប្រើប្រាស់​បណ្ណសម​ធម៌ ការ​គាំពារ​សង្គម និង​ក្រមសីលធម៌​ខ្ពស់ ដោយ​គ្មាន​ការរើសអើង ដោយ​ផ្តោតលើ​ប្រជាជន​ជា​ស្នូល (People Center) រួមទាំង​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​ក្រុម​ប្រឈមមុខ​នឹង​ការឆ្លង​មេរោគ​អេដស៍​ផងដែរ​»​។​

លោក ហួង ថ្លែងថា បើ​ប្រៀបធៀប​ទៅនឹង​ទិសដៅ ៩៥-៩៥-៩៥ ដែល​ក្រសួង​បានកំណត់​ត្រឹម​ឆ្នាំ​ ២០២៥ កម្ពុជា​សម្រេចបាន ៨៤% នៃ​អ្នក​ផ្ទុកមេរោគ​អេដស៍​បានដឹង​ពី​ស្ថានភាព​មេរោគ​អេដស៍​, ៩៩% នៃ​អ្នកដឹង​ពី​ស្ថានភាព​ផ្ទុកមេរោគ​អេដស៍ បានទទួល​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ និង​ ៩៧% នៃ​អ្នក​កំពុង​ទទួល​ការព្យាបាល​ដោយ ឱសថ​ប្រឆាំង​មេរោគ​អេដស៍ មាន​បន្ទុក​មេរោគ​អេដស៍​ក្នុង​ឈាម​ត្រូវបាន​បង្ក្រាប​។​

លោក ស៊ា ហួង ថ្លែងថា៖ «​លទ្ធផល​ដ៏​ត្រចះត្រចង់​ដែល​យើង​សម្រេចបាន​នេះ​មិនមែន​កើតឡើង​ដោយ​ឯកឯង​នោះទេ តែ​គឺជា​សមិទ្ធផល​នៃ​កិច្ច​ខំប្រឹងប្រែង​របស់​យើងទាំងអស់គ្នា ក្នុងការ​អនុវត្ត​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​បង្ការ ថែទាំ​ជំងឺអេដស៍ និង​កាមរោគ ក្នុង​វិស័យ​សុខាភិបាល​ឆ្នាំ​ ២០២១-២០២៥»​។​

លោក​ថា នេះ​ជា​ឯកសារ​គោល​ដ៏​សំខាន់​សម្រាប់​ដឹកនាំ​ការអនុវត្ត​កម្មវិធី និង​ការឆ្លើយតប​ទៅនឹង​មេរោគ​អេដស៍ និង​កាមរោគ​ក្នុង​វិស័យ​សុខាភិបាល ក្នុង​គោលដៅ​ឈានទៅ​បញ្ចប់​ការឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍​ដែលជា​ការគំរាមកំហែង​សុខភាព​សាធារណៈ​នៅ​កម្ពុ​ជានា​ឆ្ នាំ​២០២៥ និង​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​សុខាភិបាល​ឆ្នាំ​ ២០២៣-២០៣៣ (HSP4) របស់​ក្រសួងសុខាភិបាល និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទូលំទូលាយ និង​ពហុ​វិស័យ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺ អេដស៍​លើក​ទី​៥ ឆ្នាំ ​២០១៩-២០២៣ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​។​

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​លោក អៀង មូលី ធ្លាប់បាន​លើកឡើង​កាលពី​ចុងខែ​កញ្ញា ឆ្នាំ​ ២០២២ ​ថា ការ​រាលដាល​មេរោគ​អេដស៍​បាននិងកំពុង​បន្ត​ពី​ចំណោម​ប្រជាជន​ចំនួន ១១ ០០០ នាក់ (​ក្នុងនោះ​មាន​ប្រជាជន​គន្លឹះ និង​ដៃគូ​របស់គាត់​) ដែល​មិនទាន់បាន​ធ្វើតេស្ត និង​ព្យាបាល​នៅក្នុង​ប្រព័ន្ធ​ថែទាំ​សុខភាព​។​

លោក​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត ដើម្បី​សម្រេចបាន​នូវ​គោលដៅ ៩៥-៩៥-៩៥ និង​ធានាថា ការឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍​មាន​ចំនួន​តិចជាង ៣០០ ករណី​ ក្នុង ១ ឆ្នាំៗ​នៅ​ឆ្នាំ ២០២៥​។ ការឆ្លើយតប​របស់​ប្រទេស​កម្ពុជា​ចំពោះ​ការ​រាលដាល​នៃ​មេរោគ​អេដស៍​ត្រូវបាន​ចាត់ទុកថា ជា​រឿង​ជោគជ័យ​មួយ​នៅក្នុង​តំបន់ និង​ក្នុង​ពិភពលោក​។​

យោងតាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បានឱ្យដឹងថា ក្នុង ១ ឆ្នាំ មាន​អ្នក​ឆ្លង​មេរោគ​អេដស៍​ចំនួន ១ ១០០ នាក់ ដែល​ក្នុងចំណោម​អ្នក​ឆ្លង​នេះ មាន ៥៣% ស្ថិតក្នុង​ក្រុម​បុរស​ស្រឡាញ់​បុរស​។​នៅត្រឹម​ឆ្នាំ ២០២៥ កម្ពុជា​ប្រាថ្នា​ចង់ឃើញ​ការឆ្លង​ថ្មី​ស្ថិតក្នុង​ចំនួន ឬ​តិចជាង ២៥០ ករណី ​ក្នុង ១ ឆ្នាំ​៕