
ស្ត្រីទាំង២រូប និងគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបាន នៅខណ្ឌព្រែកភ្នៅ កាលពីថ្ងៃទី២៤ វិច្ឆិកា។ រូបថត ADD Police
ភ្នំពេញៈ ស្ត្រីខ្មែរ ២ នាក់ ជួញដូរគ្រឿងញៀនជាង ៥ គីឡូក្រាម ជាប្រភេទមេតំហ្វេតាមីន កំពុងស្ថិតក្រោមការសាកសួរ របស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ២៩ ខែវិច្ឆិកា បន្ទាប់ពីសមត្ថកិច្ចចាប់បាន ៥ ថ្ងៃ នៅភូមិបឹងខ្ទុំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោក អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀនប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ វិច្ឆិកាថា ស្ត្រីជាជនសង្ស័យទាំង ២ នាក់ មានឈ្មោះ ស៊ិន សារ៉ា អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ និងម្នាក់ទៀត ឈ្មោះ នាក់ ស្រីអូន អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ។ ពួកគេទាំង ២ នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ វិច្ឆិកា។
លោកថ្លែងថា៖ «ការងារនេះកំពុងស្ថិតក្នុងនីតិវិធីរបស់តុលាការ ហើយតុលាការកំពុងសាកសួរដល់ស្ត្រីជាជនសង្ស័យទាំង ២ នាក់នោះហើយ»។
ទាក់ទងនីតិវិធីរបស់តុលាការនេះ នាថ្ងៃទី ២៩ វិច្ឆិកា ភ្នំពេញ ប៉ុស្តិ៍ បានព្យាយាមទាក់ទងលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក អ៊ី រិន្ទ អ្នកនាំពាក្យផ្នែកចៅក្រម ប៉ុន្តែមិនទទួលបានចម្លើយពីលោកទាំង ២ រូបឡើយ។
លោក អុិន សុង បញ្ជាក់ថា ពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋនេះ ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងស្រាវជ្រាវស៊ើបអង្កេតបន្តទៀត ដើម្បីរកបណ្តាញរបស់ស្ត្រីទាំង ២ នាក់ខាងលើ ព្រោះករណីបែបនេះវាមានរចនាសម្ព័ន្ធរបស់វា។ ហេតុដូច្នេះហើយ សមត្ថកិច្ចរបស់លោកនៅតែធ្វើការងារនេះជាប់រហូត។
ជុំវិញការឃាត់ខ្លួនស្ត្រីជនសង្ស័យទាំង ២ នាក់ខាងលើ បើយោងតាមផេចហ្វេសប៊ុករបស់មន្ទីរប្រឆាំងគ្រឿងញៀនផ្សព្វផ្សាយក្នុងផេចនៅថ្ងៃទី ២៩ វិច្ឆិកា បានសរសេរថា សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀន និងចាប់ខ្លួនជនសង្ស័យ ២ នាក់។ ក្នុងនោះសមត្ថកិច្ចជំនាញបានរឹបអូសគ្រឿងញៀនជាង ៥ គីឡូក្រាម នៅរាជធានីភ្នំពេញ ដោយអនុវត្តតាមបញ្ជាពីលោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន។
លោក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកផាង គឹមហួត នាយករងមន្ទីរ និងលោកសេង ឃុនណាង នាយការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀន ក៏បានចូលរួមក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនោះ ហើយក៏មានការសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ ។
តាមរយៈផេចដដែលបន្តថា ការចុះបង្ក្រាបគ្រឿងញៀន កាលពីវេលាម៉ោង ១០ កន្លះ ថ្ងៃទី ២៤ វិច្ឆិកា ឆ្នាំ ២០២២ នោះក៏មានការសម្របសម្រួលផ្លូវច្បាប់ពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅចំណុចផ្ទះជួល ផ្លូវលំ ស្ថិតក្នុងភូមិបឹងខ្ទុំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងនោះសមត្ថកិច្ចឃាត់ឈ្មោះស៊ិន សារ៉ា ភេទស្រី និងឈ្មោះនាក់ ស្រីអូន ភេទស្រី ជនជាតិខ្មែរ។ ចំពោះវត្ថុតាងចាប់យក មានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៥ ដុំធំ ស្មើនឹងទម្ងន់ ៥ គីឡូក្រាម និង ៥៨៦ ក្រាម៕