
សេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល ដែលសម្រេចបិទជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាលដើមអង្គ្រង។ រូបថត សហការី
កំពង់ស្ពឺៈ ក្រសួងសុខាភិបាល បានសម្រេចបិទជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ដើមអង្គ្រង ដែលមានទីតាំងនៅផ្លូវជាតិលេខ ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីស្រាវជ្រាវករណីរំលូតកូនស្លាប់ក្នុងផ្ទៃ។
សេចក្តីសម្រេចចុះហត្ថលេខាដោយលោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី ២៩ ខែវិច្ឆិកា បានឱ្យដឹងថា ក្រសួងសម្រេចទុកជាមោឃៈនូវសេចក្ដីសម្រេចលេខ ១៤៨/២០ អបស/មព ចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ របស់ក្រសួងសុខាភិបាល ដែលចេញជូន មន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ដើមអង្គ្រង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ ៣ ឃុំអង្គពពេល ស្រុកគងពិសី របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី។
លោកស្រី ឱ វណ្ណឌីណ បញ្ជាក់ថា៖«លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ជាអ្នកទទួលខុសត្រូវ ដើម្បីសិក្សា ស្រាវជ្រាវឱ្យបានច្បាស់លាស់ពីហេតុការណ៍ដែលបណ្តាលមកពីករណីរំលូតកូនស្លាប់ក្នុងផ្ទៃតាមច្បាប់ជាធរមាន»។
ក្រសួងសុខាភិបាលបានប្រាប់ទៅអគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ និងលោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។
លោក ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ក្រុមការងារមន្ទីរសុខាភិបាលសហការជាមួយ នឹងក្រុមការងាររបស់ក្រសួងសុខាភិបាលបានចុះទៅពិនិត្យគ្លីនិក ១ កន្លែង ដែលមានទីតាំងនៅ តាមបណ្ដោយផ្លូវជាតិលេខ ៣ ឃុំព្រះនិព្វាន ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។
ករណីអ្នកជំងឺឈ្មោះ សឿន ស្រីអូន ភេទស្រី អាយុ ២២ ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ អ្នកជំងឺរូបនេះបានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយរោគវិនិច្ឆ័យ កូនស្លាប់ក្នុងស្បូនអាយុ ១៨ សប្តាហ៍ ។
លោកថ្លែងថា៖ «ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេល ១ យប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី ១១ ខែ វិច្ឆិកា។ នៅថ្ងៃទី ២២ ខែ វិច្ឆិកា ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម។ គ្រូពេទ្យក៏បានធ្វើការសម្អាតស្បូនឡើងវិញ»។
លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបញ្ជាក់ថា ដោយអាការធ្ងន់ធ្ងរគ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅទីក្រុងភ្នំពេញ។
លោកបញ្ជាក់ថា តាមប្រភពព័ត៌មានពីវិទ្យុផ្សាយព័ត៌មានក្នុងស្រុកមួយចំនួន និងតាមបណ្ដាញសង្គមដែលផ្សាយថា ស្ត្រីរូបនោះបានស្លាប់គឺជារឿងមិនពិតឡើយ ជាក់ស្តែងស្ត្រីរូបនោះនៅមានជីវិតនៅឡើយទេ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ៕