
មន្ត្រីពាក់ព័ន្ធចូលរួមកិច្ចប្រជុំនៅព្រឹទ្ធសភានៅថ្ងៃទី ២៩ វិច្ឆិកា។ រូបថត ព្រឹទ្ធសភា
ភ្នំពេញៈ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) បានទទួលជួបពិភាក្សា ការងារជាមួយនឹងក្រសួងបរិស្ថាន និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ដើម្បីពិភាក្សាពីសំណើររបស់សហគមន៍ជនជាតិដើមភាគតិច ១៦ អម្បូរ សុំកែសម្រួលនិងផ្តល់ធាតុចូល លើសេចក្តីព្រាង ច្បាប់ស្តីពី តំបន់ការពារធម្មជាតិ និងព្រៃឈើ។
ការជួបប្រជុំពិភាក្សានេះធ្វើឡើង នៅសាលសិក្ខាសាលារបស់ព្រឹទ្ធសភា ដែលគណៈកម្មការទី១ ដឹកនាំដោយ លោក យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា និងលោក ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងមន្ត្រីបរិស្ថាននៃព្រឹទ្ធសភា។ ចំណែកក្រសួងបរិស្ថានដឹកនាំដោយ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
លោក យ៉ង់ សែម ប្រធានគណកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភាបញ្ជាក់ថា៖ «កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាអំពីសំណើរបស់សហគមន៍ជនជាតិដើមភាគតិច ក្នុងការកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា» ។
តំណាងជនជាតិដើមភាគតិចចំនួន ១៦ នាក់ មកពី ១៦ អម្បូរជនជាតិ និងតំណាងឱ្យសហគមន៍ជនជាតិដើម ១២ ខេត្ត ក្រុង កាលពីថ្ងៃទី ១៩ ខែតុលា បានចូលជួបគណៈកម្មការទី១ នៃព្រឹទ្ធសភា ដើម្បីពិភាក្សា និងដាក់ធាតុចូល ៨ ចំណុច ដែលពាក់ព័ន្ធនឹងព្រៃឈើ និងតំបន់ការពារធម្មជាតិ។
អ្នកស្រី ទេព ទឹម តំណាងសហគមន៍ជនជាតិដើមភាគតិច ១២ ខេត្ត-ក្រុង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ ខែវិច្ឆិកាថា តាមការបញ្ជាក់ពីព្រឹទ្ធសភា ធាតុចូលទាំង ៨ ចំណុចនោះ ក្រសួងពាក់ព័ន្ធបានទទួលយក ៥ ចំណុចរួចហើយ ប៉ុន្តែដោយឡែក ៣ចំណុចផ្សេងទៀត កំពុងស្ថិតក្នុងការពិចារណា ហើយព្រឹទ្ធសភាក៏បានបើកកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។
អ្នកស្រីបានឱ្យដឹងថា ៣ ចំណុច ដែលកំពុងស្ថិតក្នុងការពិនិត្យពិចារណានោះ រួមមាន ទី១ សុំដាក់បញ្ចូលសហគមន៍ជនជាតិដើមភាគតិច ព្រោះក្នុងសេចក្តីព្រាងវិសោធនកម្មច្បាប់នេះដាក់តែសហគមន៍មូលដ្ឋាន។
ទី២ ដាក់បញ្ចូលចម្ការពនេចរ [ចម្ការវិលជុំ] និងទី៣ សុំដាក់បញ្ចូលរយៈពេលកិច្ចព្រមព្រៀងសហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ គួរមានរយៈពេលដូចកិច្ចសន្យាដីសម្បទានសេដ្ឋកិច្ច ហើយមិនគួរផ្អាក ឬលុបកិច្ចព្រមព្រៀងសហគមន៍ឡើយកាលបើសហគមន៍បានអនុវត្តត្រឹមត្រូវតាមកិច្ចព្រមព្រៀង។
លោក ឈឹម សាមុត តំណាងជនជាតិដើមភាគតិចម្នាក់ទៀត បានឱ្យដឹងនៅថ្ងៃទី ២៩ ខែវិច្ឆិកា ថា ថ្វីបើ ៥ ចំណុច នៃធាតុចូលដែលសហគមន៍ជនជាតិដើមភាគតិចដាក់ស្នើមានការទទួលយកពីសំណាក់ក្រសួងពាក់ព័ន្ធ ប៉ុន្តែលោកនៅមានការព្រួយបារម្ភចំពោះការប្រើឃ្លោងឃ្លា ខ្លាចក្រែងអត្ថន័យមិនត្រូវតាមការចង់បានរបស់សហគមន៍ជនជាតិដើមភាគតិច។
ប៉ុន្តែយ៉ាងណាដ៏ដោយ លោកបានសម្តែងក្តីសង្ឃឹមថា អ្វីៗនឹងដំណើការទៅបានល្អ ហើយក្រសួងពាក់ព័ន្ធ នឹងទទួលយក ៣ចំណុចផ្សេងទៀត។
លោកបន្ថែមថា ក្រៅពីធាតុចូលទាំង ៨ ដែលបានដាក់ទៅនេះ សហគមន៍ជនជាតិដើមភាគតិចគ្រោងនឹងរៀបចំធាតុចូលមួយចំនួនទៀតដើម្បីដាក់បន្ថែមផងដែរ៕