ភ្នំពេញៈ សេចក្តីព្រាង និង​សេចក្ដីស្នើច្បាប់​ចំនួន​ ៤ ត្រូវបាន​លើកយក​មក​ពិភាក្សា​និង​អនុម័ត​ក្នុងសម័យ​ប្រជុំ​រដ្ឋសភា លើក​ទី​៨ នីតិកាល​ទី​៦ នៅ​ថ្ងៃទី ​២៩ ខែវិច្ឆិកា ក្រោម​វត្តមាន​លោក ជាម​យៀប ប្រធានរដ្ឋសភាស្តីទី និង​សមាជិក សមាជិកា​រដ្ឋសភា​ចំនួន ៩៩ ​រូប​។

​យោងតាម​លទ្ធផល​នៃ​សម័យ​​ប្រជុំ​នេះ​បានឱ្យដឹងថា សេចក្តី​​ព្រាង និង​សេចក្ដីស្នើច្បាប់​ទាំង ៤ ​រួមមាន សេចក្តីស្នើ​វិសោធន​កម្ម​ប្រការ​ ២ ​ថ្មី ​(​ពីរ​) ប្រការ​ ៥ ​ថ្មី (​ពីរ​) ប្រការ​ ១០ ​ថ្មី (​បី​) ប្រការ ១៦ និង​ប្រការ ៣៥ ​ថ្មី នៃ​បទ​បញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២១ សេចក្តី​ព្រាង​ច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២៣ និង​ទី​៤​ គឺ​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទាក់ទង​នឹង​ការធ្វើ​វិសោធនកម្ម​អនុសញ្ញា​ស្តីពី​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​ដោយ​បន្ថែម​មាត្រា ៣ ស្ទួន​។

​ជាមួយគ្នានេះដែរ សេចក្តីស្នើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ស្នើ​ធ្វើ​វិសោធនកម្ម ដោយ​ក្រុម​សមាជិក សមាជិកា​រដ្ឋសភា​ចំនួន​ ៥៨ ​រូបនោះ ត្រូវបាន​សម័យប្រជុំ​លើក​ទី​ ៨ នីតិកាល​ទី​ ៦ រដ្ឋសភា នៅ​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២២ បាន​លើក​មក​ពិភាក្សា និង​អនុម័ត​ដោយមាន​សំឡេងគាំទ្រ​ចំនួន ៩៩/៩៩​ សំឡេង​។​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ដែល​បាន​ឡើង​ការពារ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់​​គ្រង​ឆ្នាំ​ ២០២១ ថ្លែងថា ក្នុង​ឆ្នាំ ២០២១ ដោយសារ​ការឆ្លង​រាល​​ដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ បន្ត​វិ​វ​ឌ្ឍ​យ៉ាង​លឿន ជាពិសេស​ព្រឹត្តិការណ៍​សហគមន៍ ​២០ កុម្ភៈ​ ២០២១ បាន​ជះ​ឥទ្ធិ​ល​អវិជ្ជមាន​មិន​ធ្លាប់មាន​ដល់​កិច្ចដំណើរការ​សេដ្ឋ​​កិច្ច​សង្គម​។

​លោក​បាន​បន្តថា ជាពិសេស​ដាក់​សម្ពាធ​ធ្ងន់ធ្ងរ​មកលើ​ប្រព័ន្ធ​សុខាភិបាល និង​បាន​គំរាមកំហែង​ដ៏​គួរឱ្យ​ព្រួយបារម្ភ​ដល់​អាយុ​ជីវិត និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​។​

​លោក​បន្តថា​៖ «​ក្នុង​បរិការណ៍​នៃ​ការប្រយុទ្ធ​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ ដោយសារ​ព្រឹត្តិការណ៍​សហគមន៍​ ២០ កុម្ភៈ ២០២១ រាជរដ្ឋាភិបាល​បានសម្រេច​ធ្វើ​វិចា​រណកម្ម​ចំណាយ​ថវិកា​ឆ្នាំ​ ២០២១ តាមរយៈ​ការបន្ថយ​ឥណទាន​ថវិកា​លើ​មុខសញ្ញា​ចំណាយ​មួយចំនួន​ដែល​មិនអាច​នឹង​ឬ​មិនចាំបាច់​ត្រូវអនុវត្ត​ក្នុងអំឡុងពេល​បិទ​ប្រទេស ដើម្បី​សន្សំ​ថវិកា​បន្ថែម​មួយចំនួន​យកទៅ​បម្រើឱ្យ​មុខសញ្ញា​ចាំបាច់​បំផុត និង​ឆ្លើយតប​នឹង​តម្រូវការ​បន្ទាន់​ក្នុងការ​ប្រយុទ្ធ​កូ​វីដ ​១៩ ព្រម​ទាំង​ទប់ទល់​ផលប៉ះពាល់​អ​វិ​ជ្ជ​មាន​មកលើ​សេដ្ឋកិច្ចកម្ពុជា​»​។

​យ៉ាងណាមិញ លោក​គូស​បញ្ជាក់ថា ថវិកា​ដែល​ត្រូវបាន​កាត់បន្ថយ​មិនមាន​តម្រូវការ​ចាំបាច់ ត្រូវបាន​បង្វែរ​ទៅ​បញ្ចូល​ក្នុងការ​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​សម្រាប់​ជនក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុង​កូ​វីដ ​១៩​។​

ទាក់ទង​នឹង​ការអនុម័ត​សេចក្តីព្រាង និង​សេចក្ដីស្នើច្បាប់​នេះ លោក ឯម សុវណ្ណារ៉ា អ្នក​តាម​ដាន​បញ្ហា​សង្គម និង​នយោបាយ​​កម្ពុជា បាន​ថ្លែងថា ការអនុម័ត​ច្បាប់​នីមួយៗ​គឺ​វា​ល្អ​ហើយ ប៉ុន្តែ​ភាគច្រើន​នៃ​ច្បាប់​គឺ​មិនបាន​ពិភាក្សា ឬ​ចូលរួម​មតិយោបល់​ពី​គណបក្ស​ប្រឆាំង​នោះទេ គឺមាន​តែ​គណបក្សកាន់អំណាច​តែមួយ​នៅក្នុង​រដ្ឋសភា​។ ដូច្នេះហើយ វា​ក៏មាន​ភាពងាយស្រួល​ក្នុងការ​អនុម័ត​ដែរ​។​

​ទោះជា​យ៉ាងណា លោក ឯម សុវណ្ណារ៉ា បាន​ស្វាគមន៍​ចំពោះ​សេចក្តីព្រាងច្បាប់​ទាំងអស់​ដែល​ត្រូវបាន​អនុម័ត​នេះ​ផងដែរ​។​

​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា លោក ហ៊ុន ម៉ា​នី បាន​ឡើង​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ក្រសួង​ស្ថាប័ន អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​កងកម្លាំង​ប្រដាប់​អាវុធ ជាពិសេស គឺ​បាន​រួមគ្នា​ប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​​កូ​វីដ​ ១៩ ដែល​ទាំងអស់​នេះហើយ​ដែល​នាំមក​នូវ​ភាព​ជោគជ័យ​ដែល​បានផ្តល់​ឱកាស​ឱ្យ​កម្ពុជា​អាច​បើក​សេដ្ឋ​​កិច្ច​សង្គម​ឡើងវិញ​៕