កែបៈ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក នេត្រ ភក្ត្រា បាន​លើកឡើងថា បច្ចុប្បន្ន​បញ្ហា​សំរាម ជាពិសេស​ប្លា​ស្ទិ​កបាន​ក្លាយទៅជា​ប្រធានបទ​ធំ​មួយទៀត ក្រៅ​អំពី​បញ្ហា​ការប្រែប្រួល​អាកាស​ធាតុ និង​សន្តិសុខ​ស្បៀង ដែល​ដំណោះ​ស្រាយ​នៃ​បញ្ហា​នេះ​អាច​សម្រេច​ទៅបាន​អាស្រ័យ​លើ​ការចូលរួម​ពី​ប្រជាពលរដ្ឋទាំងអស់គ្នា​។​

​លោក នេត្រ ភក្ត្រា បានលើកឡើង​ដូចនេះ នា​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​ដែល​ធ្វើឡើង​នា​ខេត្ត​កែប​ កាលពី​ថ្ងៃទី​​ ២៨ ខែវិច្ឆិកា ដោយមាន​ការចូលរួម​ពី​មន្ត្រី ប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធ​ប្រមាណ ២០០ នាក់ ក្នុងនោះ​ក៏មាន​ការដាំ​ដើម​កោង​កាង​ចំនួន​ ៣ ០០០ ដើម​ផងដែរ​។

​លោក​បាន​ថ្លែងថា​៖ «​បញ្ហា​សំណល់​ប្លា​ស្ទិ​ក​គឺជា​បញ្ហា​សកល​ដែល​ប្រទេស​នីមួយៗ​បាន​រួមគ្នា​ដោះស្រាយ ហើយ​ដំណោះស្រាយ លើ​បញ្ហា​ប្លា​ស្ទិ​ក​នេះ គឺអាច​សម្រេច​ទៅបាន អាស្រ័យ​លើ​ការចូលរួម​ពី​យើងទាំងអស់គ្នា​ជា​ប្រជាពលរដ្ឋ តួយ៉ាង​ការប្រើប្រាស់​ឡើងវិញ ការកែច្នៃ កា​រប​ដិ​សេធ និង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ដែល​មិនចាំបាច់​»​។​

​យោងតាម​ក្រសួងបរិស្ថាន នៅ​ប្រទេស​កម្ពុជា មាន​សំរាម​ជាង ១០ ០០០​ តោន ត្រូវបាន​ចោល​ក្នុង​ ១ ​ថ្ងៃៗ ដែល​ស្មើនឹង​ជាង ​៤ ​លាន​តោន​ក្នុង​ ១ ​ឆ្នាំ​។ ក្នុងនោះ ប្រភេទ​សំរាម​សរីរាង្គ​មាន​ចំនួន​ ៦០ ​ភាគរយ​, ប្លា​ស្ទិ​ក​ ២០ ​ភាគរយ និង​សំរាម​ទូទៅ​ផ្សេងៗ​ទៀត​។

​តាមរយៈ​គម្រោងការ​ទប់ស្កាត់​សំណល់​ប្លា​ស្ទិ​ក​សមុទ្រ​នៅ​កម្ពុជា គឺ​សម្រេចបាន​នូវ​សមិទ្ធផល​ជា​វិជ្ជមាន​ជាច្រើន ដូចជា ការ​គាំទ្រ និង​ជំរុញ​អាជីវកម្ម​កែច្នៃ​ប្លា​ស្ទិ​ក និង​សម្ភារ​ប្រើ​ជំនួស​ប្លា​ស្ទិ​ក​, ការបញ្ជ្រាប​ការ​យល់ដឹង​របស់​ប្រជាជន និង​វិស័យ​ឯកជន​អំពី​បញ្ហា​ប្លា​ស្ទិ​ក និង​ដំណោះស្រាយ​។​

​លោក​ប្រាប់ថា ៖ «​ជាពិសេស ការចូល​រួម​ក្នុង​ដំណើរការ​រៀបចំ​ជា​គោលនយោបាយ លិខិតបទដ្ឋាន​គតិយុត្ត និង​បទ​ប្បញ្ញត្តិ​គន្លឹះ​ផ្សេងៗ ជាក់ស្ដែង វិធានការ​គោ​លន​យោ​បាយ​ស្ដីពី​ការកាត់បន្ថយ​ការប្រើប្រាស់​ផលិត​ផល​ប្លា​ស្ទិ​ក និង​ការពង្រឹង​ការគ្រប់គ្រង​សំណល់​ប្លា​ស្ទិ​ក​សម្រាប់​រយៈពេល​ខ្លី​ដែល​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា អនុម័ត​ឱ្យ​អនុវត្ត​កាលពីពេល​ថ្មីៗ​នេះ​»​។

​បើតាម​លោក​ នេត្រ ភក្ត្រា ខេត្ត​កែប​ស្ថិតក្នុង​ចំណោម​រាជធានី​-​ខេត្ត​ចំនួន ​៦ ដែល​គម្រោងការ​ទប់​ស្កាត់​សំណល់​ប្លា​ស្ទិ​ក​សមុទ្រ​បានធ្វើការ​អនុវត្ត​នូវ​ផែនការ​សកម្មភាព​រប​ស់​ខ្លួន​។ ក្នុង​មូលដ្ឋាន​ខេត្ត​កែប​នេះ គម្រោង​បានផ្ដល់​ជូន​នូវ​ធុង​ទឹក​ចម្រោះ​ដល់​សាលារៀន​ចំនួន​ ៥, ធុង​ទឹក​ក្ដៅ​ទឹក​ត្រជាក់​, ធុងសំរាម និង​ផ្ទាំង​អប់រំ​ប្លា​ស្ទិ​ក​ជាដើម​។​

​ដោយឡែក នា​ថ្ងៃទី ២៨ វិច្ឆិកា ដដែល​នោះ​លោក រស់ វណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្ដីពី​ការងារ​គ្រប់គ្រង​និង​ប្រតិបត្តិការ​ទីលាន​ទុកដាក់​សំរាម ផង​​ដែរ​ដោយ​ពិភាក្សា​លើ​យន្តការ​នៃ​ការ​គ្រប់​​គ្រង និង​ការអនុវត្ត​គម្រោង​ទីលាន​ទុកដាក់​សំរាម និង​សំណល់​រឹង​របស់​រាជធានី​-​ខេត្ត​ចំនួន​ ៦ និង​ទិសដៅ​សកម្មភាព​សំខាន់ៗ​។​

​ក្រសួង​សាធារណការ ក៏បាន​ពិភាក្សា​ពី​វគ្គ​បំពាក់បំប៉ន​ការប្រើប្រាស់​គ្រឿងចក្រ​ដល់​មន្ត្រី​ពាក់ព័ន្ធ​សំដៅ​គ្រប់គ្រង​ទីលាន​ទុកដាក់​សំរាម​ឱ្យបាន​ល្អ ការរៀបចំ​ប្រព័ន្ធ​ទិន្នន័យ​ប្រមូល ថ្លៃ​សេវា និង​ពិធី​ប្រគល់​​ទទួល​ការគ្រប់គ្រង​ទីលាន​ទុកដាក់​សំរាម​ផងដែរ​។

​បើតាម​លោក​រស់ វណ្ណា ក្រសួង​បាននិងកំពុង​ត្រៀម​រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល​ផ្ដល់​ចំណេះដឹង​អំពី​ការគ្រប់គ្រង​ទីលាន​ទុកដាក់​សំរាម ដើម្បី​ផ្ដល់​ចំណេះដឹង​ផ្នែក​បច្ចេកទេស​ដល់​ក្រុមការងារ​ក្រសួង ក៏ដូចជា​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ដែល​ត្រូវបានចាត់តាំង​ឱ្យមក​សិក្សា​ដើម្បី​ធានា​និរន្តរភាព​នៃ​ការគ្រប់គ្រង​ទីលាន​ទុកដាក់​សំរាម​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ប្រើប្រាស់​ឱ្យបាន​យូរអង្វែង​។​

​លោក រស់ វណ្ណា ក៏បាន​បញ្ជាក់ដែរថា អង្គប្រជុំ​បាន​ឯកភាព​លើ​ការផ្ទេរសិទ្ធិ​គ្រប់គ្រង​ទីលាន​ទុកដាក់​សំរាម​និង​សំណល់​រឹង​ដល់​រាជធានី​ខេត្ត​ទាំង​ ៦​ និង​កំណត់​ពេលវេលា​ជាក់លាក់​ ដើម្បី​រៀបចំ​ពិធី​ប្រគល់​ទទួល​ទីលាន​ទុកដាក់​សំរាម និង​សំណល់​រឹង ក្រោម​អធិបតីភាព​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៕