
លោកហ៊ុន ម៉ាណែត (ជួរមុខកណ្តាល) ត្រូវបានជ្រើសតាំងជាប្រធាន សសយក នាថ្ងៃទី ២៧ វិច្ឆិកា។ រូប UYFC
ភ្នំពេញៈ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានសម្រេចបង្កើតតួនាទីប្រធានកិត្តិយស សម្រាប់ស្ថាប័ននេះ ដោយបានជ្រើសតាំងលោកហ៊ុន ម៉ាណែត ជាប្រធានកិត្តិយសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។ នេះបើយោងតាមសេចក្តីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ ស.ស.យ.ក.។
សេចក្តីសម្រេចនៃមហាសន្និបាតវិសាមញ្ញ នៃ ស.ស.យ.ក. ចុះថ្ងៃទី ២៧ ខែវិច្ឆិកា ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ២៩ ខែវិច្ឆិកា បានឱ្យដឹងថា ការសម្រេចនេះធ្វើឡើងដោយបានស្វែងយល់ពីតម្រូវការជាក់ស្ដែង នាពេលបច្ចុប្បន្ន ក្នុងដំណើរការបំពេញ បេសកកម្ម តួនាទី និងភារកិច្ចដោយបានសម្រេចអនុម័តលើវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។
មហាសន្និបាតបញ្ជាក់ថា៖ «មហាសន្និបាតវិសាមញ្ញបានសម្រេចដោយស្មារតីឯកភាពខ្ពស់ ក្នុងការបង្កើតតួនាទីប្រធានកិត្តិយស ដោយជ្រើសតាំង ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា»។
ថ្លែងក្នុងពិធីបិទមហាសន្និបាតនោះ លោកហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃ ស.ស.យ.ក. បានថ្លែងអំណរគុណដល់គណៈកម្មាធិការកណ្តាល ដែលបានផ្តល់នូវសេចក្តីទុកចិត្តបោះឆ្នោតជ្រើសតាំងលោកជាប្រធានកិត្តិយស ស.ស.យ.ក.។ ទន្ទឹមនឹងនេះ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងសមិទ្ធផល ដែលស.ស.យ.ក. សម្រេចបានក្នុងរយៈកាលកន្លងមកផងដែរ។
លោកហ៊ុន ម៉ាណែត ថ្លែងថា៖ «ស. ស.យ.ក.ប្រៀបបីដូចជាដែកឆក់ក្នុងការស្រូបទាញយុវជន ក្នុងការចូលរួមសកម្មភាពដើម្បីអភិវឌ្ឍសង្គមជាតិ»។
មហាសន្និបាតវិសាមញ្ញបានកត់សម្គាល់លើវឌ្ឍនភាព យ៉ាងឆាប់រហ័ស របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលតម្រូវឱ្យមានការបង្កើនសមាសភាពក្នុងជួរថ្នាក់ដឹកនាំ និងបែងចែកភារកិច្ច ការងារ ដើម្បីឆ្លើយតបនឹងបេសកកម្ម វិសាលភាពការងារ និងតម្រូវការជាក់ស្តែងរបស់សង្គមជាតិ។ ស.ស.យ.ក.បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ចន្លោះរបៀបវារៈមហាសន្និបាតវិសាមញ្ញ ដើម្បីបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមនូវអនុប្រធានស.ស.យ.ក.ចំនួន ១ រូប សមាជិក គណៈអចិន្រៃ្តយ៍ចំនួន ៩ រូប និងសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល សរុបចំនួន ២០៣ រូបផងដែរ។
អង្គមហាសន្និបាតវិសាមញ្ញ នៃ ស.ស.យ.ក.បានកត់សម្គាល់ដែរថា ខ្លួនបានពង្រឹងប៉ូលយុវជនចូលរួមលើគ្រប់ការដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម វប្បធម៌ និងមនុស្សធម៌ ដែលបានក្លាយជាវេទិកាទូលំទូលាយ និងជាឆត្ររួម ដែលអនុញ្ញាតឱ្យគ្រប់កោសិកា នៃសង្គម បានចូលរួមក្នុងការជំរុញចក្ខុវិស័យកម្ពុជាដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ។
ការសម្រេចនៃសន្និបាតបញ្ជាក់ថា៖ «ស.ស.យ.ក. បានក្លាយជាអង្គការចាត់តាំងយុវជនមួយដ៏ធំជាងគេក្នុងប្រទេស និងបានបោះជំហានយ៉ាងស្វាហាប់ក្នុងការចូលរួមពូនផ្តុំកម្លាំងយុវជន ឱ្យក្លាយជាកម្លាំងមហាសាមគ្គី ដើម្បីចូលរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម»។
ប្រភពដដែលបន្តថា ស.ស.យ.ក. នឹងបន្តដំណើររួមគ្នាឆ្ពោះទៅកសាងសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានរស់នៅល្អប្រសើរ សុខដុមនីយកម្ម សុខុមាលភាព និងមានវិបុលភាពរីកចម្រើនលើគ្រប់វិស័យ។
មហាសន្និបាតវិសាមញ្ញ កត់សម្គាល់ឃើញថា ស.ស.យ.ក.បានបោះជំហាន យ៉ាងស្វាហាប់ ដោយបានបំពេញភារកិច្ច កាន់តែស៊ីជម្រៅ និងទូលំទូលាយ។ ស.ស.យ.ក. បានផ្តួចផ្តើមគំនិតដឹកនាំធ្វើសកម្មភាពគាំទ្រដល់យុវជនឱ្យមានលក្ខណសម្បត្តិវិជ្ជមានទាំងផ្នែកបញ្ញា ស្មារតី សីលធម៌ គុណធម៌ និងកាយសម្បទា ប្រកបដោយសក្ដានុពលលើគ្រប់វិស័យ និងសុទិដ្ឋិនិយមចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន។ ការណ៍នេះបានក្លាយជាចលនាជាតិមួយយ៉ាងសកម្ម ជាមួយនឹងការចូលរួមពីគ្រប់មជ្ឈដ្ឋាន ដែលជាការរួមចំណែកចាក់ឫសកាន់តែជ្រៅ នូវគុណតម្លៃនៃសុខសន្តិភាព និងស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ។
មហាសន្និបាតវិសាមញ្ញតំណាងទូទាំង ប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានដំណើរការចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ ដែលពិធីបើកបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងពិធីបិទបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា។
តំណាងដែលបានអញ្ជើញចូលរួមមហាសន្និបាតវិសាមញ្ញ រួមមាន សមាជិក សមាជិកាគណៈអចិន្រៃ្តយ៍ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល គណៈប្រតិភូរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈប្រតិភូក្រុមការងារតាមបណ្តាវិស័យនានា អង្គការ សមាគម អង្គភាព និងក្រុមការងារចំណុះគណៈកម្មាធិការកណ្តាល សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា សរុបចំនួន ១ ៤០០ នាក់៕