
លោកយ៉ង សាំងកុមារ ដែលទៅចូលរួមជាមួយគណបក្សប្រជាជន។ ហុង មិនា
ភ្នំពេញៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) គោរពការចាកចេញរបស់លោកយ៉ងសាំងកុមារ និងលោក ឡឹក សុធារ ដែលទៅរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ហើយហៅការសម្រេចចិត្តចាកចេញនេះថា ជាសិទ្ធិនយោបាយបុគ្គល និងហេតុផលដើម្បីកែប្រែវិស័យកសិកម្មកម្ពុជា ដែលស្របទៅតាមឆន្ទៈរបស់ GDP ផ្ទាល់។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី ២៩ វិច្ឆិកា បានត្រាស់បង្គាប់តែងតាំងមុខតំណែង លោក យ៉ង សាំងកុមារ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម ខណៈលោក ឡឹក សុធារ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម។
លោក សាម អ៊ីន អគ្គលេខាធិការ និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានថ្លែងថា ការចាកចេញរបស់លោក យ៉ង សាំងកុមារ និងលោក ឡឹក សុធារ «យើងមានអារម្មណ៍ថា សោកស្តាយដែរ ប៉ុន្តែពួកគាត់មានហេតុផលសមរម្យ មានហេតុផលផ្ទាល់រៀងៗខ្លួន ហើយយើងគ្មានសិទ្ធិអំណាចអ្វីទៅឃាត់ឃាំងឡើយ។ បន្ទាប់ពីបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ ២០២២ ហ្នឹង គាត់ក៏បានពិគ្រោះយោបល់ជាមួយយើងអំពីបញ្ហាប្រឈមនានា ហើយគាត់ក៏សម្រេចចាកចេញទៅចូលរួមជាមួយគណបក្សប្រជាជន ព្រោះគាត់មានហេតុផលមួយថា គាត់មានចំណេះដឹងកសិកម្ម មានផែនការ ចង់ជួយកសិករច្បាស់លាស់»។
លោក សាម អ៊ីន បានបញ្ជាក់ថា ក្រោយពីមានជំនួបរវាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលខាងគណបក្សនេះបានផ្ញើលិខិតសុំជួបនិយាយពីបញ្ហាកសិកម្មរួចមកលោក ឌិត ទីណា ក៏បានបបួលលោក យ៉ង សាំងកុមារ ចូលរួមការងារជាមួយរដ្ឋាភិបាលក្នុងវិស័យកសិកម្មដែរ។
លោកបន្តថា៖ «ក្រោយពីមានការពិគ្រោះយោបល់ជាមួយគ្នាមក លោក យ៉ង សាំងកុមារ ក៏សម្រេចចិត្តទៅចូលរួមជាមួយរដ្ឋាភិបាលទៅ ព្រោះវាជាឱកាសមួយសម្រាប់គាត់អាចមានលទ្ធភាពប្រើចំណេះដឹង និងទឹកចិត្តទៅជួយផ្នែកកសិកម្មបាន ព្រោះរដ្ឋាភិបាលមានធនធាន សិទ្ធិ អំណាចក្នុងការអនុវត្តការងារ»។
លោក សាម អ៊ីន បញ្ជាក់ថា គ្មានការទិញទឹកចិត្តណាមួយ ពីសំណាក់រដ្ឋាភិបាលមកលើមន្ត្រីជាន់ខ្ពស់របស់គណបក្សលោកឡើយ ហើយខាង GDP នឹងបើកកិច្ចប្រជុំក្នុងការកែប្រែរចនាសម្ព័ន្ធបក្សនាពេលខាងមុខ បន្ទាប់ពីស្ថានការណ៍ស្ងប់ស្ងាត់ ។
លោក យ៉ង សាំងកុមារ ដែលនឹងត្រូវទទួលតួនាទីជារដ្ឋលេខាធិការក្រសួងកសិកម្ម បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៩ ខែវិច្ឆិកាថា លោកបានលាឈប់ជាស្ថាពរពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ១ សប្តាហ៍ទៅហើយ ដើម្បីអាចស្នើលិខិតសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោកមានប្រសាសន៍ថា៖ «ខ្ញុំបានពិភាក្សាគ្នាជាមួយលោក ឌិត ទីណា ទាក់ទងបញ្ហាកសិកម្ម ស្រូវអង្ករ និងគំនិតដោះស្រាយ ហើយលោកបានឯកភាពលើគោលការណ៍ ១២ ចំណុចដែលខ្ញុំបានផ្សព្វផ្សាយ ហើយសម្តេចនាយករដ្ឋមន្ត្រីក៏បានគាំទ្រក្នុងការដោះស្រាយបញ្ហាស្រូវអង្ករនេះផងដែរ»។
លោក យ៉ង សាំងកុមារ សង្កត់ធ្ងន់ថា នៅពេលលោកកាន់តួនាទីក្នុងវិស័យកសិកម្ម លោកនឹងគិតគូរដោះស្រាយបញ្ហាស្រូវអង្ករមុនគេ ដែលត្រូវមានកត្តាចូលរួម ជាចាំបាច់ ៣ យ៉ាង រួមមាន កិច្ចគាំទ្រពីរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងកសិកម្ម, កិច្ចសហការពីមន្ត្រីពាក់ព័ន្ធ និងទី៣ គឺកត្តាធនធានហិរញ្ញវត្ថុ ដើម្បីដំណើរការចក្ខុវិស័យទាំងនោះ។
ទន្ទឹមនឹងនេះដែរ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់ដែរថា នេះជាដំណើរការល្អមួយស្របតាមមាគ៌ារបស់គណបក្សប្រជាជន ហើយការចូលរួមនេះគឺជាចំណែកដើម្បីជួយវិស័យកសិកម្មជាមួយរដ្ឋាភិបាលកម្ពុជា។
ជុំវិញមតិសាធារណៈលើកឡើងថា មានការទិញទឹកចិត្តនិងអូសទាញពីសំណាក់គណបក្សកាន់អំណាចទៅលើបណ្តាគណបក្សប្រឆាំង នៅមុនការបោះឆ្នោតមកដល់នោះ លោក សុខ ឥសាន បានថ្លែងថា៖ «ការលើកឡើងនេះគឺជាការមើលងាយសិទ្ធិ នយោបាយរបស់លោកយ៉ង សាំងកុមារនិងសហការីគាត់»។
ជុំវិញបញ្ហានេះដែរ លោក ឯម សុវណ្ណារ៉ា ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយលើកឡើងថា ទិដ្ឋភាពនៃការចុះចូលគណបក្សកាន់អំណាចពីសំណាក់លោក យ៉ង សាំងកុមារ និងសហការី ជាទិដ្ឋភាពដាច់ដោយឡែកពីយុទ្ធសាស្ត្រកៀរគរសមាជិកពីសំណាក់បក្សកាន់អំណាចដែលធ្លាប់ប្រើនៅមុនការបោះឆ្នោតនាអំឡុងពេលមុន ដែលលោកសម្លឹងឃើញពីចក្ខុវិស័យពិតប្រាកដរបស់លោកយ៉ង សាំង កុមារ ក្នុងការចូលរួមលើកស្ទួយវិស័យកសិកម្មកម្ពុជា។
លោក ឯម សុវណ្ណារ៉ា យល់ថា៖ «ទស្សនៈខ្ញុំ បញ្ហាតម្លៃស្រូវ ខ្ញុំគិតថា ប្រហែលជាពិបាក ទោះបីលោកបណ្ឌិត [យ៉ង សាំងកុមារ] មានសមត្ថភាពនិងយន្តការច្បាស់លាស់យ៉ាងណាក្តី ព្រោះគណបក្សប្រជាជនដឹងរឿងហ្នឹងយូរហើយ ប៉ុន្តែមិនទាន់មានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយទេ គ្រាន់តែមានវិធីសាស្ត្រមួយគ្រាៗទេ។ នៅក្នុងយន្តការលក់ ទិញស្រូវអង្ករនេះ មានការបិទខ្ទប់មិនឱ្យឈ្មួញពីខាងក្រៅចូលប្រកួតប្រជែងទេ អ៊ីចឹង! ធ្វើឱ្យស្រូវធ្លាក់ថ្លៃ»។
លោកបន្ថែមថា គោលការណ៍ដែលលោក យ៉ង សាំងកុមារ ចង់សម្រេចបាននោះអាចនឹងពិបាកក្នុងការសម្រេចបានខ្លាំងណាស់ លុះត្រាមានកិច្ចអន្តរាគមន៍បើកភ្លើងខៀវពីសំណាក់រដ្ឋាភិបាល។
ជុំវិញបញ្ហានេះដែរ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា ការចូលរួមជីវភាពនយោបាយរបស់លោក យ៉ង សាំងកុមារ គឺជាការចូលរួមលើកស្ទួយវិស័យកសិកម្មកម្ពុជាជាមួយរដ្ឋាភិបាល ដែលលោកយ៉ង សាំងកុមារ ធ្លាប់ជាថ្នាក់ដឹកនាំអង្គការកសិកម្ម ១ រូបដែរ គឺអង្គការសេដាក។
លោកថា៖ «លោកយ៉ង សាំង កុមារ អាចជាចំណែកក្នុងដំណើរការកសិកម្ម ដែលវាមានវិស័យនានាទៀត។ អ្វីដែលសំខាន់បំផុតនោះ គឺទស្សនវិស័យរបស់រដ្ឋមន្ត្រីកសិកម្មប្រសិនបើគាត់មានចក្ខុវិស័យល្អ ច្បាស់លាស់ ចេះប្រើធនធានមនុស្ស ដែលតម្កល់ផលប្រយោជន៍ជាតិជាធំ នោះវិស័យកសិកម្មកម្ពុជាអាចនឹងមានដំណើរការកំណែទម្រង់ល្អ»។
សូមរំឭកថា លោក យ៉ង សាំង កុមារ បានផ្ញើលិខិតទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ស្នើសុំចូលរួមជីវភាពនយោបាយជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកស្តារវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពកសិករក្នុងប្រទេសកម្ពុជា៕