The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ​អ្នកនយោបាយ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​តែងតាំង​មុខតំណែង​

​អ្នកនយោបាយ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​តែងតាំង​មុខតំណែង​

Content image - Phnom Penh Post
​លោក យ៉ង សាំង​កុមារ (ឆ្វេង) ​លោក ឡឹ​ក សុធារ (ស្ដាំ) ដែលត្រូវបានព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រាស់បង្គាប់​តែងតាំង​មុខ​តំណែង​ក្នុង​ជួរ​រាជរដ្ឋាភិបាល កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា។ រូបថត SPM

​អ្នកនយោបាយ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​តែងតាំង​មុខតំណែង​

​ភ្ន​ពេញៈ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រាស់បង្គាប់​តែងតាំង​មុខ​តំណែង​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ដល់​បុគ្គល​អ្នកនយោបាយ​នា​នា​ដែល​បាន​ផ្ដាច់ខ្លួន​ចេញពី​គណបក្សប្រឆាំង​ចូលរួម​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​នាពេល​ថ្មីៗ​កន្លងមកនេះ​។

​លោក យ៉ង សាំង​កុមារ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​គ​បម​) ត្រូវបាន​ត្រាស់បង្គាប់​តែងតាំង​មុខ​តំណែង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួងកសិកម្ម និង​លោក ឡឹ​ក សុធារ អ្នកនាំពាក្យ​គណបក្ស​នេះ​ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២២​។​

​ខណៈ​ព័ត៌មាន​ក្រៅផ្លូវការ​បានឱ្យដឹង​ទៀតថា នឹងមាន​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​បក្ស​ផ្សេងទៀត​បន្ត​ស្នើ​សុំចូល​ជីវភាព​នយោបាយ​ជាមួយ CPP​។ ការតែងតាំង​នេះ​ត្រូវបានធ្វើ​ឡើង​បន្ទាប់ពី​មាន​សំណើ​ទូល​ថ្វាយ​របស់​លោកនាយក​រដ្ឋ​ មន្ត្រី ហ៊ុន សែន ជូន​ព្រះមហា​ក្សត្រ បន្ទាប់ពី​អតីតមន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​គ​បម​) បាន​ចុះចូល​ជាមួយ CPP ដើម្បី​ចូលរួម អភិវឌ្ឍ​វិស័យ​កសិកម្ម ជា​ពិសេស​វិស័យ​ស្រូវ​អង្ករ​។​

​ជាមួយគ្នានេះដែរ លោក ខាត់ សុធី ប្រធាន​ប្រតិបត្តិ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្ស​ប្រជា​ធិ​ប​តេ​យ្យ​មូលដ្ឋាន​បានសម្រេច​លាលែង​ពី​គណបក្ស​នេះ ដើម្បី​ចូលរួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​។

​ក្នុង​លិខិត​សំណើ​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជា​ជនកម្ពុជា នៅ​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២​២​ នេះ លោក ខាត់ សុធី បាន​រៀបរាប់ថា លោក​បាន​ប្រឡូក​ក្នុង​នយោបាយ​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋា​ន តាំងពី​ឆ្នាំ​ ២០១៥ មក ជាមួយ​ក្រុម​បញ្ញវន្ត​ខ្មែរ ក្នុង​ចេតនា​កសាង​ប្រជាធិបតេយ្យ​ឱ្យ​កាន់តែ​រស់​រវើក និង​មានឱកាស​ចូលរួម​ជាមួយ លោក យ៉ង សាំង​កុមារ ដែលជា​ប​ញ្ញ​វន្ត​ខ្មែរ​ ១​ រូប មាន​ជំនាញ​ច្បាស់​លាស់ លើ​វិស័យសេដ្ឋកិច្ច​ជន​បទ និង​កសិកម្ម ដោយ​រំពឹងថា​នឹង​បានរួម​ចំណែក​កសាង​សង្គមជាតិ ដោយ​លើកស្ទួយ​ជីវភាព​កសិករ​ខ្មែរ​ដែលមាន​ចំនួន​ដ៏​ច្រើន​លើសលប់ ឱ្យមាន​ជីវភាព​កាន់តែ​ប្រសើរ​​ឡើង​។​

​លោក​បន្តថា ប៉ុន្តែមកដល់ពេលនេះ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លទ្ធិប្រជាធិបតេយ្យ​កំពុង តែ​រស់​រវើក ប្រជាពលរដ្ឋ​ខ្មែរ រស់នៅ​ក្រោម​ដំបូល​សន្តិភាព ដ៏​ត្រជាក់ ក៏​ញ៉ាំងឱ្យ​ពលរដ្ឋ​គ្រប់រូប ផ្ដល់​ការគាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ដឹកនាំ​នាវា​កម្ពុជា​ជា​និរន្តរ៍​ត​ទៅមុខទៀត​ដោយ​ភាពកក់ក្ដៅ​ជាទីបំផុត​។​

​លោក សុធី បាន​បន្តថា​៖ «​ម្យ៉ាងវិញទៀត ខ្ញុំបាទ​បាន​កត់​​សម្គាល់​ឃើញ​កាន់តែច្បាស់​ពី​អត្តចរិត​នៃ​ក្រុម​អ្នកប្រឆាំង​ដែល​អះអាងថា ជា​អ្នក​ប្រជា​​ធិបតេយ្យ​នូវ​ភាព​គ្មាន​សណ្តាប់​ធ្នាប់ គ្មាន​វិន័យ អំនួត តួឯក ចេះតែ​ដាក់បន្ទុក ប្រឆាំង​ជាន់​ពន្លិច កេងចំណេញ​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ ....​។ តាមរយៈ​លទ្ធផល​បោះឆ្នោត​ឃុំ​-សង្កាត់ ២០២២ កន្លងទៅនេះ ខ្ញុំ​យល់ថា ពលរដ្ឋ​លែង​ត្រូវការ​បក្សប្រឆាំង​របៀប​ដូច​សព្វថ្ងៃនេះ​ទៀតហើយ​។ ដូច្នេះ មានតែ​ការចូលរួម​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា តែប៉ុណ្ណោះ ទើប​មានឱកាស​បាន​បម្រើ​ជាតិ​មាតុភូមិ​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​»​។​

​ដោយឡែក​អតីត​អ្នក​តំ​​ណា​ង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ​លោក ដាំ សិទ្ធិ​បានដាក់​លិខិតផ្លូវការ​កាលពី​ថ្ងៃទី​ ២៨ ខែវិច្ឆិកា​ជូនទៅ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើសុំ​ចុះចូល​ជាមួយ ​CPP​។ ក្នុង​លិខិត​បាន​លើកឡើងថា ការស្នើសុំ​ចុះចូល​នេះ បន្ទាប់ពី​បាន​មើលឃើញ គោលនយោបាយ​ដ៏​ល្អ ត្រឹម​ត្រូវ ក្រោម​ការដឹកនាំ​ដ៏​ល្អ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​តាមរយៈ​លិខិត​នេះ លោក ដាំ សិទ្ធិ បាន​គូសបញ្ជាក់ថា​៖ «​ខ្ញុំបាទ សូម​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ ដោយ​ស្ម័គ្រស្មោះ​គ្មាន​ការគំរាមកំហែង និង​បង្ខិតបង្ខំ​»​។​

​លោក ដាំ សិទ្ធិ ជា​និពន្ធ​នាយក​កាសែត​មនសិការ​ខ្មែរ ដែល​កាសែត​មួយ​នេះ​ត្រូវបាន​គេ​មើលឃើញថា តែង​តែង​ចុះ​ផ្សាយ​អត្ថបទ​រិះគន់​ទៅលើ​ការដឹកនាំ​រដ្ឋាភិបាល​។ លោក សិទ្ធិ ធ្លាប់​ជាប់ពន្ធនាគារ​ជាង​ ១ ​សប្ដាហ៍ កាលពី​ឆ្នាំ ២០០៨ ដោយសារ​ចុះផ្សាយ​អត្ថបទ​មួយ​ដែល​អតីត​មេ​កើយ​លោក គឺ​លោក សម រង្ស៊ី បាន​និយាយថា ឯកឧត្តម ហោ ណាំហុង​អតីតរដ្ឋមន្ត្រី​ការបរទេស ជា​អតីត​ប្រធាន​គុក​បឹងត្របែក​សម័យ​ខ្មែរក្រហម​។

​អ្នកវិភាគ​នយោបាយ​លោក ឯម សុវណ្ណារ៉ា បាន​ថ្លែងថា ការដើរ​ចេញពី​គណបក្ស​មួយ​ទៅ​គណបក្ស​មួយ ដោយសារ​បុគ្គល​នោះ​មើលឃើញ​ពី​ឱកាស និង​លទ្ធភាព​ដែល​អាច​ទទួលបាន​នូវ​តួនាទី ឋានៈ តំណែង ឬ​លាភសក្ការៈ​នៅពេល​ចូលរួម​ជីវភាព​ជាមួយ​គណបក្ស​នោះ ដើម្បី​អាច​សម្រេច​និង​បំពេញ​នូវ​ឆន្ទៈ​របស់ខ្លួន​។

​លោក​ថា​៖ «​ហើយ​គណបក្សកាន់អំណាច​គឺជា​គណបក្ស​ដែលមាន​ឥទ្ធិ​ពល និង​ទាក់ទាញ ដូច្នេះ​គេ​អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន អ៊ីចឹង​គាត់​អាច​ងាក​មករក​អត្ថ​ប្រ​យោជន៍​ច្រើនជាង​ដើម្បី​ជួយ​បំពេញការងារ​ខ្លួនឯង​ផង​»៕

អត្ថបទគួរចាប់អារម្មណ៍