ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជា ២១ ​ពាន់​លាន​រៀល សម្រាប់​រៀបចំ​ការប្រឡង​សញ្ញា​ប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​ ៥-៦ ខែធ្នូ ឆ្នាំ​២០២២ ហើយ​ក្រសួង​ក៏បាន​បិទ​ផ្សាយ​បញ្ជីរាយនាម​បេក្ខជន​ប្រឡង​​បាក់​ឌុប ហើយ​ផងដែរ កាលពី​ថ្ងៃទី ​២៨ ខែវិច្ឆិកា​។​

​លោក​ រស់ សុ​វាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់ថា ក្រសួង​អប់រំ គ្រោង​ចំណាយ​ថវិកា​សរុប​សម្រាប់​ការប្រឡង​បាក់​ឌុប នៅ​ដើមខែ​ខាងមុខនេះ ប្រមាណ​ ២១ ​ពាន់​​លាន​រៀល​។ ការចំណាយ​នេះ គឺ​ផ្តោតលើ​ការឧបត្ថម្ភ​ដល់​គណៈ​កម្ម​ការ​នានា ដែលមាន​ចាប់ពី​ដំណាក់កាល​នៃ​ការតាក់តែង​ប្រធាន​វិញ្ញាសា ពេល​សំណេរ ពេល​កំណែ និង​ដំណាក់កាល​នៃ​ការ​បូក​ស្រង់​ដោយ​កុំព្យូទ័រ​។​

​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ឆ្នាំ​ ២០២២​ នេះ​ក្រសួង​អប់រំ ក៏បាន​រៀបចំ​គណៈកម្មការ​មេ​ប្រយោគ និង​គណៈកម្មការ​អប្បមាទ ក៏ដូចជា​គណៈកម្មការ​ផ្សេងៗ​ទៀត ដែល​ប្រើប្រាស់​បុគ្គលិក​អប់រំ​ជាង ៧ ​ម៉ឺន ៧​ ពាន់​នាក់​។ នេះ​បើតាម​ការ លើកឡើង​របស់លោក​ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​សន្និសីទ​សារព័ត៌​មាន កាលពី​ថ្ងៃទី​ ២១ ខែវិច្ឆិកា​។​

​លោក​ថ្លែងថា ក្នុងនោះ ក៏មាន​ការសហការ​ជាមួយ​អង្គភាព​ប្រឆាំង អំពើពុករលួយ​នៅ​គ្រប់​ដំណាក់​កាល​ទាំង​អស់នៃ​ការប្រឡង​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង រៀបចំ​ឱ្យមាន​អ្នកចូលរួម​សង្កេត​ការណ៍​ប្រមាណ ២ ០០០ ​នាក់​។ រីឯ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (​ស​.​ស​.​យ​.​ក​) នឹងចូលរួម​សម្រួល​ដល់​ការប្រឡង​ផងដែរ​។​

​ទន្ទឹមនឹងនេះ លោក ​រស់ សុ​វាចា បានឱ្យដឹង​ដែរ​ថា ចាប់ពី​ព្រឹក​ថ្ងៃទី​ ២៨ វិច្ឆិកា ២០២២ មណ្ឌល​ប្រឡង​បាក់​ឌុប​នៅ​ទូទាំងប្រទេស មាន​ការបិទ​ផ្សាយ​បញ្ជីរាយនាម​បេក្ខជន​ប្រឡង​បាក់​ឌុប​បញ្ជាក់​ពី​មណ្ឌល​ប្រឡង​របស់​បេក្ខជន​។

​លោក​បញ្ជាក់ថា​៖ «​ការបិទ​ផ្សាយ លេខ​បន្ទប់ និង​លេខ​តុ នឹងមាន​ជូន​នា​ថ្ងៃទី​ ៤ ខែធ្នូ ឆ្នាំ ២០២២ នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ​។ សូម​បេក្ខជន​ប្រឡង​បាក់​ឌុប និង​គ្រប់ភាគី​ពាក់ព័ន្ធ បន្ត​អនុវត្ត​វិធាន​សុខភាព សុវត្ថិភាព និង​គោរព​ច្បាប់​ចរាចរណ៍​»​។​

​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក​​ ហង់​ជួន ណា​រ៉ុ​ន ក៏បាន​បញ្ជាក់​ទាក់ទង​នឹង​ការគោរព​ច្បាប់​ច​រា​ចរណ៍​នេះ​ថា បេក្ខជន​ប្រឡង​ត្រូវគោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ចៀស​​វាង​គ្រោះថ្នាក់​ចរាចរណ៍ ជាពិសេស នៅពេល​ធ្វើដំណើរ​មក​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ពេល​ប្រឡង​។​

​លោក​ថ្លែងថា​៖ «​យើង​ដឹង​ហើយ ថា គ្រោះថ្នាក់​ចរាចរណ៍​ធ្វើឱ្យមាន​មនុស្ស​ស្លាប់​ច្រើន គឺ​ច្រើនជាង​ស្លាប់ ដោយសារ​ជំងឺ​កូ​វីដ​ ១៩​ ទៅទៀត​។ ដូចនេះ​ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​ឱ្យ​សិស្ស​គោរព​ច្បាប់​ចរាចរណ៍ ហើយ​យើង​ក៏​សុំ​កុំឱ្យ​ការ​ផាក​ពិន័យ​ក្លាយ​ជាការ ​[​ដាក់ទណ្ឌកម្ម​] សម្រាប់​សិស្ស​ផង តែ​ត្រូវ​ផ្តោតលើ​ការអប់រំ​ជាធំ​»​។​

​ដោយឡែក លោក​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទេស​ចរណ៍​ជួយ​សម្របសម្រួល និង​បង្ក លក្ខណៈ​ងាយស្រួល​ដល់​អនុរក្ស និង​សិស្សានុសិស្ស ក្នុង​រយៈពេល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នេះ​ផងដែរ​។ ការរៀបចំ​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ទូទាំងប្រទេស អនុរក្ស និង​សិស្ស​អាច​នឹង​ចាំបាច់​ត្រូវ​បំ​ផ្លាស់​ទី​មក​ទី​រួម​ខេត្ត ឬ​តាម​​ទីតាំង​មណ្ឌល​ប្រឡង​ផ្សេងៗ ដែល​ឆ្ងាយ​ពី​លំនៅ​បច្ចុប្បន្ន​ដើម្បី​ចូលរួម​ការប្រឡង​។​

​លោក​ ថោង ខុន បញ្ជាក់ថា​៖ «​ដូចនេះ សូម​អំពាវនាវ​ប្រតិបត្តិ​ករ​ទេសចរណ៍​ដែលជា​ម្ចាស់ ឬ​អ្នក​គ្រប់គ្រង​អាជីវកម្ម សេវាកម្ម​ទេស​​ចរណ៍​ទាំងអស់ ពិសេស​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ សេវាកម្ម​ម្ហូប​អាហារ និង​សេវាកម្ម​ដឹកជញ្ជូន​អ្នកដំណើរ មេត្តា​បង្កលក្ខណៈ​ងាយស្រួល កុំ​ដំឡើងថ្លៃ​សេវាកម្ម ឬ​សម្រួល​ថ្លៃ​សេវាកម្ម​ចំពោះ​អនុរក្ស និង​សិស្សានុសិស្ស ក្នុងអំឡុង​​ពេល​ដំណើរ​ការប្រឡង​នេះ​»​។​

​ការប្រឡង​មធ្យមសិក្សា​ទុតិយ​ភូមិ​ឆ្នាំ​ ២០២២​ នេះ មាន​បេក្ខជន​សរុប​ចំនួន​ ១២៨ ១៣៤ ​នាក់ ក្នុងនោះ​បេ​ក្ខ​នារី​ ៦៨ ៧៧១ ​នាក់ មាន​មណ្ឌល​ប្រឡង​សរុប ២២១​ មណ្ឌល ត្រូវជា​ ៥ ១៧៤​បន្ទប់​។

​ក្រសួង​អប់រំ យុវជន និង​កីឡា រំពឹងថា លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ឆ្នាំនេះ អាច​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ២៧ ខែធ្នូ សម្រាប់ នៅ​រាជ​ធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​ថ្ងៃទី​ ២៨ ខែធ្នូ សម្រាប់​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​៕